
រដ្ឋាភិបាលប្រទេសវេណេហ្ស៊ុយអេឡាប្រកាសដាក់បម្រាមការធ្វើបាតុកម្មតវ៉ា នៅក្នុងអំឡុងពេលបោះឆ្នោតសន្និបាតរដ្ឋធម្មនុញ្ញពិសេស នាថ្ងៃចុងសប្ដាហ៍ខាងមុខនេះ។ ចំពោះអ្នកដែលល្មើសនឹងសេចក្ដីប្រកាស ត្រូវជាប់ទោស ០៥ ទៅ១០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីក្រសួងមហាកិច្ចការផ្ទៃក្នុង និងយុត្តិធម៌ លោក Néstor Reverol មានប្រសាសន៍ថា សេចក្ដីប្រកាសដាក់បម្រាមខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ម្សិលមិញ ដើម្បីបញ្ចប់រាល់សកម្មភាពតវ៉ាប្រឆាំង ដែលនាំឲ្យមានអសន្តិសុខ និងគ្រោះថ្នាក់កើតឡើង។
លោកបានបញ្ជាក់ថា រាល់ការប្រជុំសាធារណៈ និង ការប្រមូលផ្ដុំគ្នាដឹកនាំការធ្វើបាតុកម្ម ឬ រូបភាពណាមួយផ្សេងទៀត ដែលអាចរំខានដល់ដំណើរការបោះឆ្នោត អ្នកប្រព្រឹត្តទាំងនោះ ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ០៥ ទៅ ១០ឆ្នាំ ៕
