Friday, June 22, 2018

ចាប់ខ្លួនយុវជនម្នាក់ លួចទ្រព្យសម្បត្តិក្រុមហ៊ុន ហើយគំរាមថៅកែទៀត

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីគាស់ទូដែកលួចលុយ លួចប្លង់ដី លួចរថយន្ត និងគំរាមកំហែង ថៅកែរបស់ខ្លួនជាជនជាតិចិន។

ជនសង្ស័យ ដែលត្រូវចាប់ខ្លួននេះ ឈ្មោះ គឹម រិទ្ធធា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

គឹម រិទ្ធា ត្រូវបានកម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះជាជនជាតិចិនឈ្មោះ LI FEILONG ជាថៅកែ។

បើតាមសមត្ថកិច្ចបានឲ្យ​ដឹងថា ឈ្មោះ គឹម រិទ្ធធា ត្រូវបានថៅកែចិនហៅឲ្យ​មកធ្វើការជាមួយ ដោយឲ្យប្រាក់ខែ១០០០ដុល្លារក្នុងមួយខែ។ ក្រោយមកដោយមានការជឿទុកចិត្ត ទើបថៅកែចិនបានប្រគល់ការងារកាន់លុយកាក់ និងការសម្រេចចិត្តមួយចំនួនក្នុងក្រុមហ៊ុន ឲ្យជនសង្ស័យ ជាអ្នកសម្រេច ទើបជនសង្ស័យមានឱកាស លួចលុយក្រុមហ៊ុនយកទៅទិញផ្ទះ នៅខេត្តសៀមរាប និងលួចយកប្លង់ដីរបស់ជនរងគ្រោះចំនួន៨ប្លង់ទៀត នៅអំឡុងពេលជនរងគ្រោះជាប់ដៃរវល់ការងារនៅប្រទេសចិន ជនសង្ស័យបានលួចយករថយន្តរបស់ក្រុមហ៊ុន ចំនួន៤គ្រឿង ទៅលក់ និងបានគំរាម ជនរងគ្រោះកុំឲ្យប្តឹងប៉ូលិស ទើបគេប្រគល់លុយលក់រថយន្តអោយវិញថែមទៀតផង។

ដោយសារទ្រាំមិនបាននិងទង្វើបែបនេះទើបថៅកែចិនបានប្ដឹងមកសមត្ថកិច្ចនិងអយ្យការអមតុលាការដើម្បីឃាត់ខ្លួនចាត់ការតាមច្បាប់ ។ រហូតមកដល់ពេលនេះជនសង្ស័យត្រូវបានលោកហ៊ីង ប៊ុនថន​ ធ្វើការសាកសួរនៅឡើយមិនទាន់សម្រេចបែបណាទេ៕

@Amapapa.News

Feature Ads