Sponsor
Pisey

នៅ​ថ្ងៃ​អង្គារ​នេះ​ របប​យោធា​ ថៃ​ បាន​ដក​ចេញ​នូវ​បម្រាម​មិន​ឲ្យ​ចេញចូល​វត្ត​ធម្មកាយ​ដែល​ជា​វត្ត​ធំ​បំផុត​ក្នុង​ប្រទេស ​ថៃ ​បញ្ចប់​​ការ​ឡោមព័ទ្ធ​បរិវេណ​វត្ត​ក្រោម​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​ចៅអធិការ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ពី​បទ​លាង​លុយ​ក្រខ្វក់ ។​

បញ្ហា​វត្ត​ធម្មកាយ​ នាំ​ទៅ​រក​ការ​ប្រឈម​មុខ​ដាក់គ្នា​ធ្ងន់ធ្ងរ​បំផុត​រវាង​​ពុទ្ធសាសនិក​និង​ប៉ូលិស​៣​ពាន់​នាក់​ និង​ការ​ប្រឈម​ធំ​បំផុត​មួយ​របស់​រដ្ឋាភិបាល​យោធា​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ប្រយុទ្ធ ចាន់អ៊ូចា ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ​២០១៤ ​ប៉ុន្តែ​ប៉ូលិស​បរាជ័យ​មិន​អាច​ចាប់​ខ្លួន​ចៅ​អធិការ​ព្រះនាម​​ព្រះធម្មជយោ ។​

លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុទ្ធ ចាន់អ៊ូចា ​និយាយ​ថា ​បម្រាម​មិន​ឲ្យ​ចេញចូល​វត្ត​ធម្មកាយ​ត្រូវ​បាន​បញ្ចប់ ​ក្រោយ​កិច្ចប្រជុំ​រវាង​របប​យោធា ​និង​គណៈរដ្ឋមន្ត្រី ។​ របប​យោធា​ ថៃ​ បាន​ប្រើប្រាស់​ច្បាប់​គ្រាអាសន្ន​​មាត្រា​ ៤៤​ ដើម្បី​ប្រកាស​ហាមប្រាម​មិន​ឲ្យ​មនុស្ស​ចេញចូល​វត្ត​ធម្មកាយ​ និង​បញ្ជូន​កង​កម្លាំង​សន្តិសុខ​ ៣ ​ពាន់​នាក់​ធ្វើការ​ឡោមព័ទ្ធ​វត្ត​នោះ ​ដើម្បី​តាម​ចាប់​ខ្លួន​ចៅ​អធិការ​ព្រះ​ធម្មជយោ​ ពី​បទ​លាង​លុយ​ក្រខ្វក់ ​និង​កាន់​កាប់​ដី​ខុសច្បាប់ ។​ ប៉ូលិស​និយាយ​ថា ​វត្ត​ធម្មកាយ​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ជាង​ ៣៥០​ ករណី​ និង​កំពុង​បន្ត​ស៊ើប​អង្កេត​ ៣​ ករណី​បន្ថែម​ទៀត ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ។​ 

ទោះ​យ៉ាងណា​ មនុស្ស​មួយ​ចំនួន​ជឿ​ថា ​បញ្ហា​នេះ​ គឺ​ជា​រឿង​នយោបាយ​ ព្រោះ​ថា​វត្ត ធម្មកាយ​ ជា​វត្ត​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ពី​ដំណែង​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ​២០០៦​ និង​ជា​សត្រូវ​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក​ ប្រាយុទ្ធ ចាន់អ៊ូចា ។​ ប៉ូលិស​ ថៃ​ អនុវត្ត​ប្រតិបត្តិការ​ក្រោម​បទបញ្ជា​គ្រា​មាន​អាសន្ន​របស់​លោក​នាយករដ្ឋមន្ត្រី ​ប្រាយុទ្ធ ចាន់អ៊ូចា​ ដែល​អនុញ្ញាត​ដល់​កងកម្លាំង​សន្តិសុខ​ឲ្យ​ធ្វើការ​ឆែកឆេរ ​និង​ចាប់​ខ្លួន​មនុស្ស​ ។​

ប្រភពៈ reuters 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor