
ប៉ៃលិនៈ បុរសម្នាក់ បានស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម នឹងអ្នករួមដំណើររងរបួសធ្ងន់ ខណៈដែលជនរងគ្រោះទាំង២នាក់ ជិះម៉ូតូក៏ត្រូវរថយន្ត១គ្រឿង បុកពេញទំហឹង កាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ៥៧ ចំនុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ តែ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ សុឃា ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិឃុំខាងលើរងរបួសធ្ងន់ ម៉ូតូម៉ាកវេវ ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 1A-4416។ ចំណែកឯអ្នកបើកបររថយន្តឈ្មោះ បាន ម៉ៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល រថយន្តម៉ាក កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-0059។ ជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ដប៉ៃលិន។ មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍។
បច្ចុប្បន្ន រថយន្ដនិងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន រងចាំការដោះស្រាយ៕







