ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានសរសេរលើបណ្តាញសង្គម Facebook ថា៖ យើងទាំងអស់គ្នាពិតជាដឹងហេីយថា ពិភពលោកទាំងមូល បាន និងកំពុងតែជួបប្រទះនូវវិបត្តិដ៏ធ្ងន់ធ្ងរមួយ ដែលបង្កឡេីងដោយជំងឺ Covid-19។
ក្នុងនោះ កម្ពុជាយេីង ក៏កំពុងតែទទួលរងនូវឥទ្ធិពលដោយផ្ទាល់ពីវិបត្តិនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ជឿចុះថា ស្ថានភាពនេះ នឹងមិនអាចបំផ្លាញបានទាំងស្រុងនូវកិច្ចប្រឹងប្រែង ក៏ដូចជាសេចក្តីសុខរបស់សង្គមយេីងឡេីយ។ ស្មារតីយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ការរៀបចំផែនការគ្រប់ជ្រុងជ្រោយដេីម្បីឆ្លេីយតបទៅនឹងស្ថានការណ៍ ការចូលយ៉ាងសកម្មពីសំណាក់សមាជិក នៃគ្រួសារកម្ពុជាយេីង បានបង្ហាញយ៉ាងច្បាស់ពីភាពក្លៀវក្លា និងភាពរ៉ឹងប៉ឹងដោយមិនចុះញ៉មជាមួយនឹងស្ថានការណ៍ ដែលនេះជាក្តីសង្ឃឹមមួយរបស់យេីង។
ជាមួយគ្នានោះ ការចូលរួមយ៉ាងគត់ហ្មត់ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារខ្លួន និងក្រុមគ្រួសារ និងការបន្តតាមដាន និងអនុវត្តនូវលក្ខខណ្ឌចាំបាច់នានា ដែលដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច បាននឹងកំពុងក្លាយទៅជាក្តីសង្ឃឹមថ្មីមួយទៀត ដែលថា យេីងទាំងអស់គ្នាពិតជានឹងអាចឆ្លងផុតពីគ្រាលំបាកនេះជាក់ជាមិនខាន។ ទន្ទឹមនឹងក្តីសង្ឃឹមទាំងនេះ ក៏តោងយេីងទាំងអស់គ្នាយល់ផងដែរថា ក្នុងកាល:ទេស:ណាមួយនោះ យេីង ឬសមាជិកណាម្នាក់នៃគ្រួសារយេីង ក៏អាចនឹងត្រូវបានដាក់ឲ្យរស់នៅដោយឡែក ឬព្យាបាលដោយឡែកដោយសារជំងឺនេះដែរ។
ក្នុងស្ថានភាពនោះ សេចក្តីសុខរបស់យេីង និងក្រុមគ្រួសារយេីង អាចនឹងបាត់បង់មួយផ្នែក ប៉ុន្តែទោះក្នុងកាល:ទេស:នោះក្តី ក៏យេីងមិនត្រូវអស់សង្ឃឹមឡេីយ។ ត្រូវយល់ថា ចុងក្រោយ ចំណែកនៃការបាត់បង់នោះ នឹងក្លាយទៅជាការចូលរួមយ៉ាងសំខាន់សម្រាប់សេចក្តីសុខរបស់សង្គមយេីងទាំងមូល។ នេះមិនមែនជាពេលវេលាដែលយេីងត្រូវភ្លេចខ្លួនឡេីយ ហេីយនេះ ក៏មិនមែនជាពេលវេលាដែលយេីងត្រូវរេីសអេីងដែរ។ ផ្ទុយទៅវិញ វាជាពេលវេលាដែលត្រូវរួបរួមគ្នា ជាពេលវេលាដែលត្រូវផ្តល់ការលេីកទឹកចិត្ត និងជាពេលវេលាដែលត្រូវបង្ហាញពីការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់។