
ប្រធានាធិបតីអាមេរិក បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសកូរ៉េខាងត្បូង នាពេលម្សិលមិញហើយ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅអាស៊ីខាងកើត ខណៈកូរ៉េខាងជើង កំពុងមើលសកម្មភាពប្រទេសទាំងពីរ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Channel News Asia បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរចេញពីប្រទេសជប៉ុន បន្ទាប់ពីបានផ្តល់ការធានាអះអាងដល់ទីក្រុងតូក្យូ អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទិននឹងបញ្ហាកូរ៉េខាងជើង ហើយនាឱកាសនេះលោក ត្រាំ បានប្រកាសថា មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះពិភពលោក និងសុខសន្តិភាព ព្រមទាំងស្ថិរភាពអន្តរជាតិ។ នាថ្ងៃពុធស្អែក លោក ត្រាំ នឹងបន្តជួបជាមួយសមាជិកសភាកូរ៉េខាងត្បូង ក៏ប៉ុន្តែលោកនឹងមិនមានការធ្វើទស្សនកិច្ច ទៅកាន់តំបន់គ្មានយោធានៃព្រំដែនអន្តរកូរ៉េ ដែលខណ្ឌចែកឧបទ្វីបកូរ៉េជាពីរ។

គួរបញ្ជាក់ផងដែរថា ស្របពេលដែលភាពតានតឹង ជុំវិញកម្មវិធីអាវុធប្រល័យលោកកូរ៉េខាងជើង បានកើនឡើងកម្ដៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើសង្គ្រាមពាក្យសម្តីទៅវិញទៅមកជាមួយ មេដឹកនាំផ្ដាច់ការទីក្រុងព្យុងយ៉ាង គឺលោក គីម ជុងអ៊ុន ជាច្រើនលើកច្រើនសា ដែលបានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង៕
