
នៅថ្ងៃទី០៦ ខែវិច្ឆិកា នេះអង្គការ NPA ដែលជាអង្គការដៃគូជាមួយស៊ីម៉ាក់បានផ្តល់ព័ត៌មានថា ស្ថានទូតអាមេរិកបានសម្រេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួនមកស៊ីម៉ាក់ចាប់ពីដើមខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។
កន្លងមក ស៊ីម៉ាក់ និងភាគីអាមេរិក បានឯកភាពគ្នាក្នុងការគាំទ្រកម្លាំងស៊ីម៉ាក់ឱ្យជួយបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះរបស់សហរដ្ឋអាមេរិកនៅលើទឹកដីកម្ពុជា មានដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់យុទ្ទទណ្ឌមិនទាន់ផ្ទុះជាច្រើនទៀត។
ភ្លាមៗនោះ រាជរដ្ឋាភិបាលកម្ពុជាធានារ៉ាប់រងផ្តល់ថវិកាទាំងស្រុងគាំទ្រកិច្ចសហប្រតិបត្តិការរបស់ស៊ីម៉ាក់ឱ្យនៅដដែលជំនួសថវិការបស់អាមេរិកដែលផ្តាច់ជំនួយចំពោះកិច្ចសហប្រតិបត្តិការមនុស្សធម៌របស់ស៊ីម៉ាក់ក្នុងការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បញ្ជាក់ថា លោកបានទទួលការណែនាំនិងអនុសាសន៍ពី លោក ហ៊ុន សែន ជម្រាបជូនកម្លាំងស៊ីម៉ាក់ដែលកំពុងប្រតិបត្តិការទាំងអស់ដែលស្ថិតក្រោមគម្រោងគាំទ្រដោយថវិកាអាមេរិកជ្រាបថា កម្លាំងទាំងអស់នឹងរក្សាឱ្យបន្តកិច្ចប្រតិបត្តិការដដែល ដោយរដ្ឋាភិបាលរួមជាមួយដៃគូដទៃទៀតនឹងដាក់ថវិកាជំនួសថវិការបស់អាមេរិកដែលនឹងផ្តាច់ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ។
លោក បន្តទៀតថា តាងនាមមន្ត្រី បុគ្គលិកស៊ីម៉ាក់ស្ថិតនៅក្រោមគម្រោងនៃការដែលមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការធានាដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជារងការគំរាមកំហែងពីគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម។
