Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ដោយសារប្រជាពលរដ្ឋកម្ពុជាម្នាក់ មានចំណូលលើសពី១ពាន់ដុល្លារ ដូច្នេះអង្គការ និងម្ចាស់ជំនួយ បានចាត់ទុកកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទើបបានជាអង្គការ និងម្ចាស់ជំនួយភាគច្រើន បានបញ្ឈប់ និងមួយចំនួនបានកាត់បន្ថយជំនួយ របស់ខ្លួនមកកម្ពុជា។

ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការរៀបចំតម្រឹមថវិកាឲ្យនៅក្នុងកម្រិតមួយដែលជាថវិកា របស់រាជរដ្ឋាភិបាល អាចផ្គត់ផ្គង់ បានតាមនីតិវិធីផ្សេងៗ ដែលបានកំណត់ ។

ក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេច ស ខេង បានថ្លែងថា “យើងទាំងអស់គ្នាបានជ្រាប ហើយថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ នៅប្រទេសកម្ពុជាយើង មានចំនួនលើសពីមួយពាន់ដុល្លារហើយ ដូច្នេះអង្គការ និងម្ចាស់ជំនួយទាំងអស់គេ បានចាត់ទុកប្រទេសកម្ពុជា យើងជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដូច្នេះហើយអង្គការ និងម្ចាស់ជំនួយភាគច្រើនបានបញ្ឈប់ និងមួយចំនួនបានកាត់បន្ថយជំនួយរបស់ខ្លួនមក ប្រទេសកម្ពុជាយើង”។

សម្ដេចបន្ថែមថា តាមផែនការជំរឿន ថវិកាសរុបស្មើនឹងប្រមាណ១២លានដុល្លារ ហើយ រហូតមកដល់ពេលនេះ ក្រសួងផែនការ បានខិតខំរិះរកជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍នានា មានអង្គការ UNFPA សាធារណៈរដ្ឋប្រជាមានិតចិន ប៉ុន្ដែចំនួនទឹកប្រាក់ឧបត្ថម្ភ នៅមិនទាន់កំណត់នៅឡើយ ។

ជុំវិញបញ្ហាជំនួយនេះផងដែរ កាលពីថ្ងៃទី៦ វិច្ឆិកា កញ្ញា កឹម មនោវិជ្ជា កូនស្រីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងថា លក្ខខណ្ឌក្នុងការផ្តល់ជំនួយ របស់អាមេរិកមកកម្ពុជា នៅឆ្នាំ២០១៨ខាងមុខ គឺការដោះលែងលោក កឹម សុខា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor