ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេច ស ខេង ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងអំពើទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដែលការពារដោយរដ្ឋធម្មនុញ្ញ។
ក្រសួងមហាផ្ទៃនឹងស្នើសុំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីកំណត់ពីការដាក់ទោសទណ្ឌទៅលើអ្នកដែលប្រមាថដល់អង្គព្រះមហាក្សត្រ ច្បាប់ក្រមព្រហ្មទណ្ឌពុំទាន់មានមាត្រាណាមួយដែលចែងអំពីការដាក់ទោសទណ្ឌចំពោះបទល្មើសនេះនៅឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថាការប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើការស្នើសុំទៅរដ្ឋាភិបាលឲ្យមានការធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌដើម្បីដាក់ទោសទណ្ឌដល់អ្នកប្រមាថព្រះមហាក្សត្រ។
អ្នកនាំពាក្យរូបនេះបន្តថា៖ ក្នុងក្រមព្រហ្មទណ្ឌយើងអត់មានចែងថាអ្នកណាត្រូវកាត់ប៉ុន្មានអីប៉ុន្មានគឺអត់មាន។ បណ្ដាប្រទេសគេដទៃ គេមានហើយដូចថៃ គេមាន នៅជប៉ុនគេមាន ដូចនៅហូឡង់អីមានចែង។ តែយើងរបបរាជានិយមដែរ តែអត់មានមាត្រាណាមួយ»។
លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់ និងជាមេធាវីយល់ឃើញថាការធ្វើវិសោធនកម្មនេះមិនអាក្រក់ទេ ហើយមិនរារាំងដល់សេរីភាពនៃការបញ្ចេញមតិទេ។
ព្រះមហាក្សត្រគឺជាប្រមុខរដ្ឋ តែមិនកាន់អំណាច តាមបាវចនាប្រទេសកម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ។
