ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបំភ្លឺទៅអតីតគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រអតីតបក្សប្រឆាំង ជាពិសេសប្រទេសផ្តាច់ចំនួនថា គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា មិនមែនជារបស់គណបក្សណាមួយឡើយ ប៉ុន្តែ គ.ជ.ប ប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញ ។
គ.ជ.ប លើកឡើងបែបនេះ បន្ទាប់ពីមានទស្សនៈមួយចំនួនលើកឡើងថា គ្មានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំង នៅកម្ពុជាចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងមិនមានលក្ខណៈស្របច្បាប់ ។
ប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានប្រកាសផ្តាច់ជំនួយ មកដល់គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ដោយសារអាជ្ញាធរកម្ពុជាបានចាប់ខ្លួន លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគារ បន្ទាប់ពីលោកត្រូវ បានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលមានបរទេសនៅពីក្រោយខ្នង។
អាមេរិកទីកន្លែងដែលកម្ពុជាចោទប្រកាន់ថា បានផ្តល់ការបង្រៀនដល់ លោក កឹម សុខា អំពីការផ្តួលរំលំរាជរដ្ឋាភិបាល បានប្រកាសផ្អាកជំនួយមកដល់គ.ជ.ប ក្រោយពីចាប់ខ្លួន លោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ទាប់ពីការប្រកាសមិនបានប៉ុន្មានផង សហគមន៍អឺរ៉ុបដែលជាម្ចាស់ជំនួយដ៏ធំ ក្នុងការរៀប ចំដំណើរការបោះឆ្នោតនៅកម្ពុជា ក៏បានសម្រេចផ្អាកជំនួយផងដែរ ក្រោមហេតុផលថា ទោះបីជារៀបចំការបោះឆ្នោត លទ្ធផលបង្ហាញក៏មិនយុត្តិធម៌ដែរ ដោយសារមិនមានវត្តមាន របស់អតីតបក្សប្រឆាំងដ៏ធំនៅកម្ពុជាចូលរួមប្រកួតប្រជែងក្នុងសង្វៀន។
យោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា ច្បាប់ស្តី ពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានមាត្រាណាមួយទាល់តែសោះ ដែលចែងថា ការបោះឆ្នោត ត្រូវតែមានការចូលរួមពីគណបក្សប្រឆាំង ហើយបើគ្មានការចូលរួម ការបោះឆ្នោតនឹងមិនមានលក្ខណៈស្របច្បាប់ ។
លិខិតបំភ្លឺរបស់ គ.ជ.ប បន្តថា “គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា មិន មែនជារបស់គណបក្សណា ឬនរណាមួយឡើយ ប៉ុន្តែប្រកាន់ខ្ជាប់គោលការណ៍ លទ្ធិប្រជាធិប តេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ”។
លើសពីនេះទៀត ក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប មិនដែលបានធ្វើចំណាត់ប្រភេទ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាល់តែសោះ ពោលគឺ ចុះបញ្ជីគណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។
លិខិតបំភ្លឺរបស់ គ.ជ.ប បានឲ្យដឹងទៀតថា យោងមាត្រា ១៥០ថ្មីពីរ ជំពូក ១៥ថ្មីពីរ នៃរដ្ឋធម្មនុញ្ញកម្ពុជា គ.ជ.ប គឺជាស្ថាប័ន តែមួយគត់ ដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់ ។
គ.ជ.ប គ្មានជម្រើសអ្វីក្រៅតែពីអនុវត្តភារកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាថា ការបោះឆ្នោតមួយលើកៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូច្នេះគ្មានអ្វីដែលត្រូវរាំងស្ទះនោះទេ ហើយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមកាលគ្រោងទុក គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕
