
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានផ្ញើលិខិតទៅគ្រប់ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម នៅទូទាំងប្រទេស ឱ្យលុបបំបាត់ជាបន្ទាន់នូវសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ។
ក្នុងលិខិតនេះបានរៀបរាប់ថាកន្លងមកមានការផលិតស្ករតោ្នតក្លែងក្លាយដែលបានផលិតចេញពីវត្ថុធាតុដើមស្ករស ឬស្ករផ្សេងទៀត ហើយបានកែច្នៃទៅជាផលិតផលស្ករដែលមានរសជាតិ ក្លិន ពណ៌ និងទ្រង់ទ្រាយដូចគ្នទៅនឹងស្ករត្នោត និងបានយកទៅចរាចរលើទីផ្សារបន្លំធ្វើជាស្ករត្នោតខ្មែរ។

សកម្មភាពនេះ គឺជាវិច្ឆេទកម្មសេដ្ឋកិច្ចដើម្បីបំផ្លាញកិត្តិនាមស្ករត្នោតខ្មែរ ដែលជាអត្តសញ្ញាណផលិតផលជាតិកំពុងត្រូវបានទទួលស្គាល់ជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។ ដូចនេះ ក្រសួងធ្វើការណែនាំដល់គ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ធ្វើការលុបបំបាត់រាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ចាប់ពីពេលនេះតទៅ។
