
កំពតៈ ចាប់តាំងពីថ្ងៃប្រកាសផ្សព្វផ្សាយការអនុវត្តអនុក្រិត្យលេខ១២៩ អនក្រ.បកនេះទៅ កម្ពុជា មិនអនុញ្ញាតឲ្យមានជនបរទេសណាម្នាក់ មកស្នាក់នៅដោយគ្នានឯកសារ ឬលិខិតស្នាមត្រឹមត្រូវ តាមនីតិវិធីច្បាប់បាននោះឡើយ ហើយបើមន្ត្រីណា ដែលឃុបឃិត លាក់បំពូន និងផ្តល់ឯកសារ ឬលិខិតស្មាមមិនប្រក្រតីផ្សេងៗឲ្យដល់ជនអន្តោប្រវេសន៍មិនស្របច្បាប់នោះ នឹងត្រូវទទួលទោសជាប់ពន្ធធនាគារពី៦ខែទៅ១ឆ្នាំ។
នេះបើតាមប្រសាសន៍ ឧត្តមសេនីយ៍ឯក ចុង សុវណ្ណនី អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពី “ការអនុវត្តអនុក្រិត្យលេខ១២៩ អនក្រ.បក ស្តីអំពីការលប់ចោលឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់” នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្នុងសាលប្រជុំសាលាខេត្តកំពត។
ឧត្តមសេនីយ៍ឯក បានបន្តថា ចំនួនជនអន្តោប្រវេសន៍បានកើនឡើងជាលំដាប់ ហើយបើតាមលទ្ធផលនៃការធ្វើជំរឿនលើកទី៣ ចាប់២០០២ រហូតដល់ ២០១៥ ជនអន្តោប្រវេសន៍មានចំនួន២សែននាក់ ក្នុងនោះ៧ម៉ឺន៣ពាន់នាក់ កាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី។ លោកបញ្ជាក់ថា ឯកសារមិនប្រក្រតីមានបីប្រភេទ គឺការចេញឲ្យដោយគ្មានគុលបញ្ជី ការចេញឲ្យដោយខុសនីតិវិធីច្បាប់ និងការចេញឲ្យដោយការទិញដូរ ប៉ុន្តែបើនិយាយឲ្យចំទាំងបីប្រភេទសុទ្ធជាការទិញដូរទាំងអស់។ កំហុសទាំងនេះចេញពីមន្ត្រីថ្នាក់មូលដ្ឋាន មន្ត្រីអត្រានុកូលដ្ឋានមូលដ្ឋាន។
នៅក្នុងឱកាសនោះ អគ្គនាយករង ក៏បានបញ្ជាក់ផងដែរថា គ្មានជនបទេសណាអាចក្លាយជាជនជាតិខ្មែរ មានសញ្ជាតិខ្មែរទេ បើទោះជារស់នៅ២០ទៅ ៣០ឆ្នាំក៏ដោយ ដ៏រាបណាមិនដាក់ពាក្យសុំតាមនីតិវិធីច្បាប់។ ហើយថា ដើម្បីសុំសញ្ជាតិ ទីមួយត្រួវធ្វើលិខិតស្នាមស្នើសុំទៅក្រសួងមហាផ្ទៃ ហើយសម្តេចក្រឡាហោម និងដាក់សំណើសុំទៅប្រមុខរាជរដ្ឋាភិបាល, ប្រមុខរាជរដ្ឋាភិបាលនឹងស្នើសុំបន្តទៅព្រះមហាក្រត្ស ដើម្បីចេញជានូបនីកម្ម ដែលគេហៅថា “អត់សញ្ញាតិ” ។

នាយឧត្តមសេនីយ៍ឯក អំពាវនាវ ដក់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ និងកងកម្លាំងជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ និងលប់បំបាត់ឲ្យបាននូវការឃុបឃិតផ្សេងៗ ដើម្បីកុំឲ្យមានជនបរទេសមកស្នាក់នៅក្នុងកម្ពុជាដោយខុសច្បាប់។
លោក ជឹង ផល្លា អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា បញ្ហាជនអន្តោប្រវេសន៍ជាបញ្ហាសាកល គ្រប់ប្រទេសតែងតែមាន តាមរយៈការស្វែងរកការងារធ្វើ ការគេចចេញពីប្រទេសរបស់ខ្លួន ដែលមានសង្គ្រាម និងវិបត្តិផ្ទៃក្នុង ការគេចចេញដោយខ្លួនឯងដោយជាប់ពាក់ព័ន្ធបទល្មើស ដើម្បីស្វែងរក កន្លែងមួយដែលមានភាពល្អប្រសើរជាដើម។
សម្រាប់ខេត្តកំពត មានជនបទេស ស្នាក់នៅរយៈពេលវែងចំនួន១៧៦៧នាក់ ៤៨សញ្ជាតិ ចំណែកស្នាក់នៅរយៈពេលខ្លីមានចំនួន៩៤៧៥៨នាក់មាន៦៣សញ្ជាតិ។
លោកអភិបាលរងបានស្នើឲ្យមន្ត្រីជំនាញអន្តោប្រវេសន៍ខេត្តត្រូវរឹតបណ្តឹងលើការងារអនុវត្តច្បាប់អន្តោប្រវេសន៍បន្ថែមទៀត និងធ្វើរបាយការណ៍មកខេត្តជាប្រចាំ។ បន្តចុះធ្វើការត្រួតពិនិត្យដោយសហការជាមួតអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកជនបរទេសដែលមកស្នាក់នៅខុសច្បាប់ជាពិសេសពលករបទេស។ លប់បំបាត់ឲ្យបាននូវការឃុបឃិតផ្តល់ឯកសារផ្សេងៗលិខិតស្នាមមិនប្រក្រតីដល់ជនបរទេសខុសច្បាប់៕