
ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសម្តែងការអស់សំណើចរបស់អតីតមេបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស។
ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះ ខណៈលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថា ក្រុមអតីតគណបក្សសង្ក្រោះជាតិ នឹងបើកកិច្ចប្រជុំសាធារណៈមួយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
លោក សុខ ឥសាន បានលើកឡើងនៅថ្ងៃទី៥ មករា ឆ្នាំ២០១៨ ថា ជាការចង់ឲ្យអស់សំណើចណាស់ ដែលទណ្ឌិត សម រង្ស៊ី ដែលតាំងខ្លួនឯងជាមេដឹកនាំបក្សប្រឆាំង នឹងបើកការប្រជុំ មួយ ជាមួយសហការីរបស់ខ្លួននៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាពេលខាងមុខ។
អ្នកនាំពាក្យបកស្សកាន់អំណាច បានបន្តថា បើមានការប្រជុំរបស់ក្រុមអតីតគណបក្សប្រឆាំង ក៏អត់បានការដែរ។ ព្រោះថា ការប្រជុំជាការប្រជុំគ្មានឥទ្ធិពលអ្វីដល់ការដឹកនាំគ្រប់គ្រងក្នុងប្រទេសឡើយ។ លោកថា ការប្រជុំនេះ គ្រាន់តែជាការប្រកាច់ត្រដរខ្យល់ចង់រស់ឡើងវិញ ដែលមិនអាចរស់បានជាដាច់ខាត។
ជាមួយគ្នានោះដែរ លោក សុខ ឥសាន បានហៅការប្រជុំរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ គឺការប្រជុំគ្រាន់តែចង់បោកប្រាស់សាធារណៈមតិថា ខ្លួននៅមានដង្ហើមតែប៉ុណ្ណោះ ដែលដង្ហើមនេះ គ្មានខ្យល់ដកផង។ ការប្រជុំគ្រាន់តែឲ្យគេមើលឃើញពីសកម្មភាពអត់បានការ ដើម្បីបោកបញ្ឆោតស្វែងរកជំនួយគ្រាន់បានបន្តដង្ហើមរបស់ខ្លួនទាំងអស់សង្ឃឹមប៉ុណ្ណោះ។
លោកបានគូសបញ្ជាក់ថា «គ្មានទេ អតីតបក្សប្រឆាំងនៅកម្ពុជា ចប់ជាស្ថាពរហើយ។ ចាប់ពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ តទៅលែងមានបក្សសង្គ្រោះជាតិស្អីទៀតហើយ។ គ្មានមុខទៀតទេ ក្នុងការបោះឆ្នោតឆ្នាំ២០១៨ និងតទៅមុខទៀត។ សកម្មភាពទាំងឡាយនៅក្រៅស្រុកគ្រាន់តែជាសកម្មភាពបែបឧទ្ទាមនិយមក្រៅច្បាប់ប៉ុណ្ណោះ គ្មានបានការ» ។

លោកថា រាល់ការសុំអង្វរឲ្យបរទេសដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការគាបសង្កត់ដាក់ទណ្ឌកម្មខាងនយោបាយ និងសេដ្ឋកិច្ច សាបដូចទឹកទន្លេ បានតែមួយភ្លែតដំបូងប៉ុណ្ណោះ។
សូមជម្រាបថា ទោះបីជាក្រុមអតីតគណបក្សប្រឆាំងធ្វើសកម្មភាពយ៉ាងណាក្តី បើតាមលោក សុខ ឥសានអះអាងថា នៅកម្ពុជាមិនមានអ្វីប្រែប្រួលទេ ពោលការបោះឆ្នោតជ្រើសរើស តំាងព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានៅតែប្រព្រឹត្តិទៅដំណើរការជាធម្មតា ទោះបីជាបក្សប្រឆាំងមិនចូលរួមក្តី៕