
ភ្នំពេញៈ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ បានប្រាប់ CAM POST នៅមុននេះបន្តិចថា ជនដៃដល់ ដែលបើកការបាញ់ប្រហារ នៅមណ្ឌលកម្សាន្ត Rock កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលឲ្យ DJ ម្នាក់របួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នាខេត្តឧត្តរមានជ័យ ដោយការសហការណ៍រវាងកម្លាំងព្រហ្មទណ្ទក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ។ លោកឧត្តមសេនីយ៍បញ្ជាក់ថា ខណៈនេះ ជនដៃដល់កំពុងតែបញ្ជូនតាមរថយន្តរបដសមត្ថកិច្ចមកកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរចម្លើយបន្ត។
ជនដៃដល់ដែលបើកការបាញ់ប្រហារ នៅកណ្តាលក្រុងភ្នំពេញនេះ ត្រូវបានសមត្ថកិច្ចអះអាងថា មានឈ្មោះ ឌុច សុវណ្ណារ៉េត (ហៅ រិទ្ធញាញ់) ជាកូនប្រុសរបស់ លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
មន្ត្រីនគរបាលជាន់ខ្ពស់ដដែលរូបនេះបញ្ជាក់ថា ជនសង្ស័យដែលជាមេក្លោងបាញ់ប្រហារនៅមណ្ឌលកម្សាន្ត Rock នេះ កម្លាំងសមត្ថកិច្ចកំពុងបញ្ជូនពីខេត្តឧត្តរមានជ័យ មកកាន់ក្រសួងមហាផ្ទៃ ដើម្បីបន្តសួរនាំ មុននឹងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះមានឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលត្រូវរបួសត្រូវកំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។
ក្រោយកើតហេតុ២ថ្ងៃ ពោលគឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន បក្ខពួកជនសង្ស័យ២នាក់ រួមមាន៖ ទី១ឈ្មោះ កែវ ភិរម្យ ភេទប្រុសអាយុ៣៣ឆ្នាំ និងឈ្មោះឡ ពេជ្រសីលា ភេទប្រុស អាយុ៣៥ឆ្នាំ នៅខេត្តកំពង់ធំ។
បក្ខពួកមេក្លោងបាញ់បោះសេរីទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនបណ្តុះអាសន្ន នៅពន្ធនាគារព្រៃស ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស»។ជនដៃដល់រូបនេះកំពុងដឹកបន្តមកកាន់ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាកាសាលាដំបូងរាជធានី៕




