header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បាន​បែកក្បាលហូរឈាមជោគខ្លួន​ បន្ទាប់ពីស្រវឹងស្រាស្រឿង ដើ​រចេញពីក្លឹបមួយ​ មកជួបបរទេសប្រុសស្រី៤នាក់ កំពុងនិយាយសាសងគ្នា គ្រាន់តែឃើ​ញនារីបរទេសនោះស្អាត ហើ​យស្លៀកពាក់​​ស៊ិចស៊ី​ ​លិចលើ​លិចក្រោមទៀតនោះ​ បុរសរូបនោះ ក៏និយាយភាសារអង់គ្លេស សាសងលែបខាយសម្ដី​ លក្ខណៈចង់​អូសក្រឡាញ៉ែរូបនាងត្រង់ៗម៉ង តែមិនដឹងថា បុរសបរទេសម្នាក់​ ក្នុងចំណោមនោះ កំពុងញ៉ែនារីបរទេសនោះដែរ​ទេ ទើ​បបុរសបរទេសនោះ​ បានរុញ​ឲ្យចេញទៅ​ តែបែរជាជ្រុលធ្វើ​ឲ្យ​រអិលជើ​ងដួលបោកក្បាលនឹងថូផ្កា​ ហើ​យបរទេស ក៏នាំគ្នាដើ​រទៅបាត់​ ពេលនោះ​បុរសនោះ​ងើបឡើ​ងមកស្រែកឆោឡោថា​ ចោរៗ​ ដាក់នារីបរទេសរូបស្រស់ និងបងប្អូនប្រុសរបស់នាងម្នាក់​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើ​រ​ រាយការណ៍​ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍​។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើ​ង​កាលពីវេលាម៉ោង៣៖​០៥នាទីទៀ​បភ្លឺ​ ឈានចូលថ្ងៃទី៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅចំណុចផ្លូវបំបែកជាបួន (ជិតផ្សារសូរិយ៉ាម៉ល) ផ្លូវលេខ​១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បុរសដែលរបួសបែកក្បាលនោះ ឈ្មោះ​ វណ្ណៈ​​ អាយុ៤០ឆ្នាំជាង​ មុខរបរអ្នកលក់ដូរ​ដីឡូត៍របស់ក្រុមហ៊ុនឯកជន​មួយ​ ស្នាក់នៅអូតែលរបស់មិត្តភក្តិជាអ្នកធ្វើ​ការផ្នែកលក់ដី​ឡូត៍ជាមួយគ្នា​ មានស្រុកកំណើត​ នៅខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ​សារព័ត៌មាន​ខេមប៉ុស្តិ៍​​ ដឹងថា មុនពេលកើតហេតុ គេបានឃើញមានបុរសបរទេស៣នាក់​ និងនារីបរទេសម្នាក់ទៀត ស៊ិចស៊ី​រូបស្រស់ បានឈរជជែកគ្នាលើចិញ្ចើ​មផ្លូវ កែងផ្លូវកន្លែងកើតហេតុ​ មួយសន្ទុះក្រោយមក​ ក៏ស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រឿងៗ​ បានធ្វើដំណើរដោយថ្មើរជើងមកដល់ ហើ​យបានជួបជនបរទេសប្រុសស្រីទាំង៤នាក់នោះ​ ដោយឃើ​ញនារីបរទេសនោះ​ មានរូបសម្រស់ស្អាត​ ហើ​យស៊ិចស៊ីទៀតនោះ​ បុរសម្នាក់នោះ ក៏បាននិយាយជាភាសាអង់គ្លេសជាមួយនឹងនារីបរទេសរូបស្រស់នោះ​ លក្ខណៈសាសង(ញ៉ែ)រូបនាងតែម្ដង​។

ប្រភពបន្តថា​ បន្តិចក្រោយមកឃើញបុរសបរទេសម្នាក់ទៀត​ ដែលឈរជជែកគ្នាជាមួយនារីបរទេសខាងលើដែរនោះ​ ដោយបុរសបរទេសនោះក៏និយាយជាមួយបុរសខ្មែរនោះដែរ តែមិនដឹងថា មានរឿងអ្វី និងនិយាយពីអ្វីខ្លះទេ​ ស្រាប់តែស្រែកដាក់គ្នាទៅវិញទៅមក រួចក៏ច្រានបុរសខ្មែរនោះឲ្យដើ​រចេញទៅ តែដោយសារតែស្រវឹងស្រាស្រឿងៗផង​ បុរសខ្មែរនោះក៏រអិលជើ​ងដួល ហើ​យបោកក្បាលនឹងថូផ្កា បណ្តាលឲ្យបែកក្បាលហូរឈាមជោគអាវតែម្ដង​ ហើ​យបុរសបរទេសនោះ​ក៏ដើ​រនាំបុរសបរទេសម្នាក់ទៀតដើរចេញទៅបាត់ពីកន្លែងកើតហេតុតែម្តង ។ ភ្លាមនោះបុរសខ្មែររងគ្រោះ ក៏បានស្រែកឆោឡោ​ថា ចោរៗ ហើ​យស្រែក ចោទប្រកាន់រូបនាង និងបងប្អូនប្រុសរបស់នាង​ថា ជាមិត្តភក្តិនឹងបុរសបរទេស ដែលរុញរូបគាត់អោយដួលហើ​យគេចទៅបាត់នោះ ទើបគាត់កើតទុក្ខមិនសុខចិត្ត ប្រកែកគ្នាជាមួយពួកគេទាំង២នាក់​ រហូតមានប្រជាពលរដ្ឋ និងអ្នកដំណើ​រ​ ចុះមកជួយឃាត់​ហើ​យរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣​ ចុះមកកន្លែងកើតហេតុ​តែម្ដង។

ក្រោយពេលសមត្ថកិច្ចចុះមក​ បុរសអ្នករត់ TAXI ម្នាក់បើ​កឆ្លងកាត់​ទីនោះ​ ក៏ឈប់អែបរថយន្តចូលខាង​ រួចចុះមកនិយាយភាសាអង់គ្លេស សួរនាំជនបទេសប្រុសស្រីទាំង២នាក់នោះ​​ រួចបកប្រែប្រាប់សមត្ថកិច្ច និងអ្នកយកសារព័ត៌មាន​ខេមប៉ុស្តិ៍​ យើ​ង​ថា មុនពេលកើតហេតុ​ ពួកគាត់ទាំង២នាក់ជាបងប្អូននឹងគ្នា បានចូលទៅរាំកម្សាន្តក្នុងក្លឹបមួយកន្លែងជិតកន្លែងកើ​តហេតុនេះដែរ​ ហើ​យបានជួបគ្នាជាមួយបុរសបរទេស២នាក់ទៀត នៅក្នុងក្លឹបនោះប៉ុណ្ណោះ ហើ​យក្នុងចំណោ​មបុរសបរទេស២នាក់នោះ​ មានម្នាក់​ បានមកញ៉ែនារីបរទេសរូបស្រស់ និងស៊ិចស៊ីនេះ​ រហូតចេញមកជជែកគ្នានៅចំណុចកើតហេតុខាងលើនោះ បានមួយសន្ទុះ​ ក៏ស្រាប់តែមានបុរសខ្មែរខាងលើ​នោះ មិនដឹងដើ​រមកពីណាទេ​ ដោយមានស្ថិតក្នុងស្ថានភាព​ស្រវឹងបន្តិចផង​ តែចេះនិយាយភាសារអង់គ្លេសបានយ៉ាងស្ទាត់​ លុះពេលដើ​រមកដល់ ក៏ងាកមើ​ល​រូបនាង​ ហើ​យមើលលើមើ​លក្រោម​ រួចក៏និយាយជាមួយនាង​ ហើយនាងក៏ឆ្លើ​យតបវិញ​ រហូតបុរសនោះសួរនាំឆ្លងឆ្លើ​យចុះឡើ​ងៗ​ លក្ខណៈញ៉ែរូបនាងដែរ​ ដោយមិនបានដឹងថា​ បុរសបរទេស២នាក់មកញ៉ែនាងដែរទេ​ ។

អ្នកបើ​កបរ​ TAXI បានបកប្រែបន្តទៀតថា​ ដោយនិយាយញ៉ែរូបនាងមិនបានប៉ុន្មានផង​ បុរសបរទេសដែលមកញ៉ែនាងដែរនោះ​ ក៏បានសួរនាំបុរសខ្មែរនោះថា មកពីណា​ បានជាមកលែបខាយរូបនាងដូច្នេះ? ហើ​យបុរសខ្មែរនោះក៏បានឆ្លើ​យតបវិញថា​ ខ្ញុំទើ​បចេញពីក្លឹប​ ហើយគ្រាន់តែ​និយាយ​លែបខាយ​បន្តិចមិនបានទេឬ? ទើ​បបុរសបរទេសនោះ​ ច្រានបុរសខ្មែរនោះឲ្យដើ​រចេញទៅ​ តែបែរជាធ្វើ​ឲ្យបុរសម្នាក់នោះ​ រអិលជើ​ងដួល​បោកក្បាលនឹងថូផ្កា ទើ​បធ្វើ​ឲ្យបែកក្បាលហូរឈាមប្រលាក់អាវតែម្ដង​ ហើ​យបុរសបរទេសដែលរុញបុរសខ្មែរអោយដួលបែកក្បាលនោះ​ ក៏នាំបុរសបរទេសដែលជាមិត្តភក្តិម្នាក់ទៀត​ ដើរចេញពីកន្លែងកើតហេតុបាត់តែម្តង។

បន្ទាប់ពីដឹងមូលហេតុច្បាស់លាស់ហើ​យ​ សមត្ថកិច្ចក៏បានអនុញ្ញាតអោយបុរសបរទេសប្រុសស្រីទាំង២នាក់បងប្អូននោះ​ ត្រឡ​ប់ទៅកន្លែងស្នាក់នៅវិញ​ រួចអោយបុរសរងគ្រោះទៅរកសាក្សីនៅកន្លែងកើ​តហេតុ​ ដើ​ម្បីបំភ្លឺ​ តែបុរសនោះនៅមិនសុខចិត្ត​ ទើ​បសមត្ថកិច្ចដឹកនាំទៅប៉ុស្តិ៍ធ្វើការសាកសួរតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post