header ads

Sponsor

ភ្នំពេញៈ រន្ធត់ណាស់! នារីតែងខ្លួនជាប្រុសម្នាក់ ខ្ចីម៉ូតូអ្នកស្គាល់គ្នាជិតកន្លែងធ្វើការ ដឹកនារីជាសង្សារទៅទិញម្ជូរយកមកញាំ បែរជាត្រូវរថយន្តស៊េរីទំនើប បើកបុកពេញទំហឹង ខ្ទាតចូលក្រោមរថយន្តដែលគេចតចោលមុខផ្ទះ បោកក្បាលនិងបាក់កស្លាប់ភ្លាមមួយរំពេច និងម្នាក់ទៀត រងរបួសធ្ងន់ ហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១០៨ កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សៀត គ្រី ម៉ាស់ ភេទស្រី ធ្វើប្រុស(Lesbian) អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ធ្វើការនៅហាងអ៊ិនធើណេតមួយកន្លែងក្បែរកន្លែងកើតហេតុ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតស្រុកសួង ខេត្តត្បូងឃ្នុំ បច្ចុប្បន្នរស់នៅភូមិសំរោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ ស្រ៊ុន សម្បត្តិចរិយា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅហាងអ៊ិនធើណេត ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត នៅភូមិព្រែកស្វាយ ឃុំចុងពិល ស្រុកកញ្ជៀជ ខេត្តព្រៃវែង។

តាមប្រភពពីបុរសម្នាក់ បានអះអាងថា ជាម្ចាស់ម៉ូតូរបស់ខ្លួន បានបញ្ជាក់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ ថា នៅមុនកើតហេតុ នារីរងគ្រោះទាំងពីរនាក់ ជាអ្នករួមការងារជាមួយគ្នា នៅហាងអ៊ិនធើណេតមួយកន្លែង បានខ្ចីម៉ូតូគាត់មួយគ្រឿង ម៉ាក Smash REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1867 យកជិះទៅទិញម្ជូយកហូប ហើយគាត់ក៏ឲ្យទៅ ដោយពួកគេបានជិះឌុបគ្នាចេញទៅ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩ ទិសដៅពីត្បូងទៅជើង ខណៈមកដល់កែងផ្លូវ១០៨ កើតហេតុខាងលើ ស្រាប់តែរថយន្តមួយគ្រឿង ម៉ាក LX-570 ពណ៌ស មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវ១០៨ ទិសដៅពីលិចទៅកើតបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ផ្លោង ទៅចូលក្រោមរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស GX470 ពណ៌ស ម្ចាស់ចតចោលតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបោកក្បាលបត់កស្លាប់ភ្លាមមួយរំពេច។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្កបើករត់គេចខ្លួន។

ភ្លាមៗនោះដែរ បើតាមសម្ដីពូម៉ូតូឌុបជាអ្នកជិះដេញតាមពីក្រោយរថយន្តបង្ក ដែលបើករត់នោះដែរ តែគាត់សុំទោសផង គាត់ព្យាយាមជិះតាមឡើងអស់ល្បឿនម៉ូតូ អាគុបរបស់គាត់ដែរ តែតាមមិនទាន់ទេ បានត្រឹមឃើញស្លាកលេខ ហើយរថយន្តបត់តែ៣ផ្លូវ បាត់ស្រមោលឈឹងទៅ ទើបពូឈប់ម៉ូតូកត់បានស្លាកលេខដែរ គឺ 5998 តែមិនចាំអក្សរអ្វីទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដូនពេញ រងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់ប្រគល់ជូនម្ចាសវិញ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

មជ្ឈដ្ឋានទូទៅ បានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់អ្នកបើកបរមួយចំនួន ដែលបង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនេះ រហូតពេលដែលដេញឃាត់បានម្ដងៗ ធ្វើឲ្យពួកគាត់ស្ទើតែទប់កំហឹងមិនបាននោះទេ បើសមត្ថកិច្ចទៅមិនទាន់ពេលទេ អ្នកដែលបើកបុកគេរត់នេះ គឺជាក់ស្ដែងមហាជនពិបាកទប់កំហឹងណាស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post