
ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នារីស្រស់ប្រិមប្រិយម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទលួច ក្រោមលេសល្បិចកលមកសុំផ្ទះដេកស្នាក់នៅមួយរយៈហេតុការណ៍នេះបានកើតឡើងនៅបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យខាងលើមានឈ្មោះ ម៉ឺន ស្រីណែត អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅចល័តតាមបន្ទប់ផ្ទះជួលនានា ក្នុងរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះកន ឆង់ អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជន លីដ ។
បើតាមជនរងគ្រោះបាននិយាយរៀបរាប់ថា កាលពីវេលាយប់ទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ គាត់កំពុងតែដេកនៅក្នុងបន្ទប់ជួលជាន់ទី១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ក៏បានជួបជនសង្ស័យមកសុំដេកស្នាក់នៅជាមួយ គាត់បានយល់ព្រមឲ្យមកដេកស្នាក់នៅជាមួយតាមការសុំស្នាក់នៅរបស់នាង ដោយយល់ថា ជាមិត្តភ័ក្ដិរបស់ក្មួយប្រុស។
លុះដល់៣ថ្ងៃក្រោយមក នៅថ្ងៃទី២៧ គាត់បានត្រឡប់មកពីធ្វើការវិញបានឃើញក្មួយប្រុសគាត់កំពុងដេកលក់ ឯនាងកំពុងអង្គុយនៅក្បែរនោះ។ នៅពេលនោះ គាត់ក៏បានដេកក្បែរក្មួយ រួចក៏បានប្រាប់ឲ្យនាងយកលុយក្នុងកាបូប១ម៉ឺនរៀលទៅទិញម្ហូបសម្រាប់អាហារថ្ងៃត្រង់។
ចំណែកជនសង្ស័យ ពេលត្រឡប់ពីទិញម្ហូបវិញ មកដល់ផ្ទះឃើញពូ និងក្មួយកំពុងដេកលង់លក់ ក៏បានបើកកាបូបលួចយកលុយអស់ចំនួន៤០០ដុល្លារ ហើយគេចខ្លួនបាត់ភ្លាមៗតែម្តងក្នុងគ្រានោះ។
ជនរងគ្រោះនៅពេលភ្ញាក់ពីដេកងើបឡើងអត់ឃើញនាង ស្ទុះមកបើកកាបូបមើល បាត់លុយអស់រលីង ទើបដឹងថា នាងជាចោរលួចលុយ ក៏បានព្យាយាមតាមស្វែងរករហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២១យប់ ក៏បានប្រទះឃើញនាងជនសង្ស័យកំពុងអង្គុយនៅលើរ៉ឺម៉កកង់បី នៅម្តុំមុខសួនច្បារពោធិចិនតុង ទើបនាំខ្លួនមកប្រគល់ឲ្យប៉ូលិសខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់ និងបានដាក់ពាក្យប្តឹងតែម្តង៕
