ភ្នំពេញៈ យុវជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ទាំងយប់ ក្រោយនាំបក្ខពួកប្រុសស្រីជាង១០នាក់ ដេញវាយសង្សារមួយគូរត់ពេញទឹកពេញដី មុខសួនវត្តបទុម។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចសួនវត្តបទុម នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នា មកអង្គុយលេងនៅកន្លែងកើតហេតុ សួនច្បារមុខវត្តបទុមវត្តី តាំងពីវេលាម៉ោង១១យប់ ដោយមិនមានបញ្ហាជាមួយអ្នកណានោះទេ លុះរហូតមកដល់វេលាកើតហេតុ ស្រាប់តែមានក្មេងទំនើងប្រុសស្រី១ក្រុម មានគ្នាជាង១០នាក់ កាន់ទាំងមួកការពារ កាន់ទាំងខ្សែក្រវ៉ាត់ រត់ដេញវាយខ្លួនផ្អើលពេញទីតាំងចំណុចកើតហេតុ រួចបុរសជាសង្សារ ក៏រត់ទៅហៅសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ ធ្វើអោយក្រុមក្មេងទំនើងខាងលើ រត់ចែកជើងគ្នាភ្លាមៗ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រួចបញ្ជូនយកមកប៉ុស្តិ៍ ដើម្បីសាកសួរភ្លាមៗទាំងកណ្តាលយប់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះជាគូសង្សារក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចខ្លួនបណ្តោះអាសន្ន រង់ចាំដោះស្រាយចាត់ការបន្ត៕











