
ភ្នំពេញៈ បារបរទេសមួយកន្លែង យីហោ “បាន់នីបារ” ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាប ពាក់ព័ន្ធការបើកបម្រើសេវាកម្មផ្លូវភេទ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់។
ប្រតិបត្តិការ ធ្វើឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី២៦ ខែសីហា នៅចំណុចផ្ទះលេខ ៩Eo ផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញឈ្នោះ ស្រេង គីមឡាក់ រកឃើញនារីចំនួន៨នាក់ ក្នុងនោះក៏មានអនីតិជនផងដែរ និងថៅកែប្រុសស្រី២នាក់រួមទាំងមេការម្នាក់ទៀត។ ថៅកែស្រីជាជនជាតិខ្មែរ និងថៅកែប្រុសជាជនជាតិអូស្ត្រាលី ដែលមានឈ្មោះ ចន អាយុ៧១ឆ្នាំ ។
សមត្ថកិច្ច ក៏បានរកឃើញស្រោមអនាម័យមួយចំនួនធំ ទាំងប្រើរួច និងមិនទាន់ប្រើ ផងដែរ ។ ចំពោះទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វារបណ្តោះអាសន្ន ។ ដោយឡែកជនសង្ស័យ ត្រូវបានបញ្ជូនមកកន្លែងសមត្ថកិច្ច ដើម្បីបន្តនីតិវិធី ៕






