header ads

Sponsor

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងលើព័ត៌មានមួយដែលបានចុះផ្សាយដោយកាសែតវៀតណាមឈ្មោះ Vietnam News នៅថ្ងៃទី ១៦ ខែឧសភាថា មានករណីបុរសជនជាតិវៀតណាមម្នាក់បានចេញពីកម្ពុជា ក្នុងខេត្តសៀមរាប មានផ្ទុកជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរនៃខេត្តសៀមរាប បានស្រាវជ្រាវស្វែងរកដោយយកចិត្តទុកដាក់បំផុតចំពោះករណីនេះ តែមិនមានឈ្មោះជនជាតិវៀតណាម ដូចការចុះផ្សាយនៅក្នុងកាសែតវៀតណាមនោះទេ ចំណែកការលើកឡើងថា ជនជាតិវៀតណាមរូបនេះ រស់នៅខេត្តសៀមរាបមានផ្ទុកជំងឺកូវីដ១៩ ក៏មិនពិតនោះដែរ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា៖« បុរសជនជាតិវៀតណាមរូប នេះ គឺបានឆ្លងជំងឺកូវីដ១៩ នៅលើទឹកដីវៀតណាមតែម្ដង មិនមែនឆ្លងនៅកម្ពុជាដូចការលើក​នោះ​ឡើយ»។

ក្រសួងក៏បានអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ និយ័តកម្មអន្តរជាតិ លើកករណីជំងឺឆ្លង មុននឹងធ្វើការចុះផ្សាយ ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីជាប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជាបានព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ឲ្យជាសះស្បើយ ១០០% ត្រឹមថ្ងៃទី ១៦ខែឧសភា ឆ្នាំ ២០២០ និងមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ រយៈពេលជាង១ខែមកហើយ៕

ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post