header ads

Sponsor

សារព័ត៌មានខ្មែរណាស់ សូមដកស្រង់នូវអត្ថបទសុខភាពមួយមានចំណងជើងថា «តើស្ត្រីដែលមានផ្ទៃពោះគួរតែបរិភោគពងក្ងាន ឬពងមាន់?» ដែលរៀបរៀងដោយ បណ្ឌិត អ៊ី លីម៉ា (Y Lima) សកលវិទ្យាធិការរងនៃសកលវិទ្យាល័យចេនឡា និងជាបណ្ឌិតផ្នែកសុខភាពសាធារណៈ និងក្រុមការងារ យកមកចុះផ្សាយទាំងស្រុង។

ជារួមគ្រប់ប្រភេទនៃស៊ុតគឺជាអាហារ ដែលមិនអាចខ្វះបាននៅក្នុងមុខម្ហូបប្រចាំថ្ងៃរបស់យើង។ ជាពិសេសចំពោះស្រ្តីមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះជាទូទៅប្រាកដជាចូលចិត្តពងមាន់ ឬពងទា ជាងការបរិភោគពងក្ងាន ព្រោះវាងាយស្រួលបរិភោគ និងឈ្ងុយឆ្ងាញ់។ ប៉ុន្តែមានពាក្យចចាមអារាមជាច្រើនបានលើកឡើងនៅស្ទើរគ្រប់ទីកន្លែង (មានទាំងអត្ថបទនៅក្នុងទំព័រកាសែត ទស្សនាវដ្តី ទំព័រ Facebook…) ថា ស្ត្រីមានផ្ទៃពោះគួរញ៉ាំពងក្ងានដើម្បីឱ្យកូនកើតមកឆ្លាត និងរហ័សរហួន។ ដោយសារជំនឿបែបនេះហើយ ទើបធ្វើឱ្យម្តាយជាច្រើនបរិភោគពងក្ងាន ព្រោះចង់ឱ្យកូនខ្លួនឆ្លាត។ ពងក្ងានជាប្រភេទស៊ុតដែលកម្រជាងស៊ុតដទៃផ្សេងៗទៀត។ ប៉ុន្តែពងក្ងានពុំមានគុណតម្លៃខ្ពស់ដូចការគិតរបស់ម្តាយគ្រប់រូបនោះទេ ព្រោះបរិមាណសារធាតុចិញ្ចឹមរបស់វាមិនល្អខ្លាំងជាងពងមាន់នោះទេ។

១. សមាសធាតុនៃសារជាតិចិញ្ចឹមរបស់ស៊ុតទាំង២ ប្រភេទនេះ

ពងក្ងានធំជាងពងមាន់ច្រើនដង ដែលជាហេតុធ្វើអោយស្រ្តីមានផ្ទៃពោះយល់ច្រលំថាស៊ុតកាន់តែធំ វាកាន់តែមានសារជាតិចិញ្ចឹមច្រើន។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវបានបង្ហាញអោយដឹងថា ទស្សនៈទាំងនោះគឺខុសទាំងស្រុង ព្រោះថាសារជាតិចិញ្ចឹមរបស់ពងក្ងានវាមានបរិមាណទាបជាងពងមាន់យ៉ាងខ្លាំង។

– តម្លៃនៃសារជាតិចិញ្ចឹមដែលមានក្នុងពងក្ងាន ១០០g មានផ្ទុកនូវប្រូតេអ៊ីន ១៣g លីពីត(ខ្លាញ់) ១៤,២g កាល់ស្យូម ៧១mg ផូស្វ័រ ២១០mg ដែក ៣,២mg វីតាមីនA ៣៦០mcg វីតាមីនB1 ០,១៥mg វីតាមីនB2 ០,៣mg

– បើប្រៀបធៀបជាមួយនិងពងមាន់វិញយើងឃើញថា ពងក្ងានមានភាគរយប្រូតេអ៊ីនទាបជាងប្រូតេអ៊ីនក្នុង ពងមាន់ចំនួន១៤,៨% ប៉ុន្តែវាមានបរិមាណលីពីតខ្ពស់ជាងពងមាន់ចំនួន១១,៦% ។ បរិមាណវីតាមីន A ក្នុងពងក្ងានមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះបើធៀបជាមួយបរិមាណវីតាមីនA មានរហូតដល់៧០០mcg ក្នុងពងមាន់១០០g ។ យើងដឹងហើយថា វីតាមីន A វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះស្ត្រីមានផ្ទៃពោះ ក្នុងការរីកលូតលាស់របស់ទារកក្នុងផ្ទៃ។ ដូច្នេះស្រ្តីគួរតែបរិភោគពងមាន់ឱ្យបាន ៤-៦គ្រាប់ ក្នុង១សប្តាហ៍។

២. ពេលបរិភោគពងក្ងានយើងគួរតែយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងដូចខាងក្រោម៖

– ដោយសារតែបរិមាណ Cholesterol និងខ្លាញ់ឆ្អែតផ្សេងៗនៅក្នុងពងក្ងានដ៏ច្រើនលើសលប់ខ្ពស់ជាងពងមាន់នោះ វាពិតជាមិនល្អសម្រាប់សុខភាពរបស់ស្រ្តីមានផ្ទៃពោះនោះទេ។ ដូច្នេះពេលដែលស្ត្រីមានគភ៌បរិភោគវាច្រើន (លើសពី១គ្រាប់ក្នុងមួយខែ) នោះវាអាចនិងធ្វើឱ្យស្រ្តីមានផ្ទៃពោះប្រឈមជាមួយនិងបញ្ហាមួយចំនួនដូចជា៖ ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងការឡើងទំងន់។ ស្រី្តមានប្រវត្តិកើតជំងឺមួយចំនួនដូចជា (ទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺបេះដូង) មិនគួរបរិភោគវានោះទេ។

– បរិមាណ Cholesterol ក្នុងពងមាន់១គ្រាប់ធំ មានចំនួនតែ១៨៦mg ប៉ុណ្ណោះ។ ដោយឡែក Cholesterol ក្នុងពងក្ងានមានរហូតដល់ ១២២៧mg ។

– បរិមាណលីពីតក្នុងពងក្ងានមានចំនួនច្រើន។ ដូច្នេះប្រសិនបើពួកគាត់បរិភោគច្រើនធ្វើអោយទំងន់របស់គាត់កើនឡើងខ្លាំង អាចធ្វើអោយប៉ះពាល់ដល់ទារក (ឱ្យធំលើសកម្រិត) និងពិបាកក្នុងការសម្រាល។

៣.គួរបរិភោគស៊ុតយ៉ាងដូចម្តេចដើម្បីឱ្យត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញអាហារូបត្ថម្ភ?

ពងមាន់អាចចាត់ទុកបានថាវា គឺជាអាហារដ៏ល្អមួយព្រោះសារជាតិចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន លីពីត ក្លុយស៊ីត និងពពួកវីតាមីន ក៏ដូចជាសារជាតិរ៉ែផ្សេងៗជាច្រើនទៀត ហើយមានភាគរយត្រឹមត្រូវ សមស្រប ដែលអាចជួយបំប៉នសុខភាពបានយ៉ាងល្អប្រសើរ។ ស្រី្តមានគភ៌មិនចាំបាច់ព្រួយបារម្ភអ្វីខ្លាំងនោះទេ ក្នុងការបរិភោគស៊ុតមាន់ប្រចាំថ្ងៃ បើទោះបីជាពួកគាត់មានបញ្ហាលើសទំងន់តាំងពីមុនពេលមានគភ៌ក៏ដោយ។

ផ្ទុយទៅវិញចំពោះស៊ុតក្ងាន ស្ត្រីមានគភ៌គ្រាន់តែចាត់ទុកវាជាអាហារបំប៉នបន្ថែមបណ្តោះអាសន្នតែប៉ុណ្ណោះ គឺមិនអាចជំនួសពងក្ងានដោយមិនបរិភោគពងមាន់នោះទេ។ លើសពីនេះទៅទៀតប្រសិនបើពួកគាត់បរិភោគពងក្ងានជាប្រចាំ អាចធ្វើអោយពួកគាត់ប្រឈមនិងបញ្ហា កង្វះវីតាមីនA លើសជាតិខ្លាញ់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពបេះដូង លើសទំងន់ និងប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃទៀតផង។

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post