
សង្គម
លោកឧត្តមសេនីយ៍ ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ ក៏ជាបណ្ឌិតនយោបាយពីខាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបផងនោះ នៅថ្ងៃពុធ ទី ២៧ ខែមេសា ឆ្នាំ២០២២នេះ បានចែករំលែកនូវគតិចំនួន០៥ សម្រាប់ជាប្រយោជន៍ជូនបងប្អូន ទុកគ្រាន់ជាការគិត និងសម្រាប់ជាការអភិវឌ្ឍន៍ខ្លួន ឬអាចដើម្បីរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរជាទីគោរពសម្រាប់អ្នកដទៃ។
ខាងក្រោមនេះជាគតិបណ្ឌិតទាំង០៥ ដែលយើងលើកយកមកចែករំលែកជូន៖
១.កិច្ចការជីវិតរបស់យើងម្នាក់ៗ មិនសំខាន់តែរឿងអស្ចារ្យធំដុំនោះទេ សូម្បីតែរឿងតូចតាចមួយចំនួនក៏មិនត្រូវមើលរំលងដែរ ជាពិសេសគឺការរៀបចំសណ្តាប់ធ្នាប់ជីវិតឲ្យរៀបរយល្អ បានន័យថាកិច្ចការអ្វីក៏ដោយដែលជាប់ពាក់ព័ន្ធនឹងកាតព្វកិច្ចយើង គឺយើងត្រូវតែខ្នះខ្នែងព្យាយាមបំពេញឲ្យរួចរាល់កុំទុកស្អែក ព្រោះថ្ងៃស្អែកគ្មានទីបញ្ចប់ទេ តែបើវាបញ្ចប់ហើយ គឺយើងមិនអាចធ្វើអ្វីទៀតបានឡើយ។
២.ជីវិតមនុស្សម្នាក់ៗបើចង់ឲ្យខ្លួនល្អថ្កុំថ្កើងគឺត្រូវតែរឹងមាំ ហើយបើចង់ឲ្យខ្លួនរឹងមាំ គឺត្រូវកុំខ្ជីខ្ជា កត្តាដែលជួយជំរុញឱ្យយើងរឹងមាំ គឺភាពប្រាកដប្រជា ដែលត្រូវផ្តោតជាចម្បង គឺការសិក្សារៀនសូត្រ បង្កើនសមត្ថភាព ចំណេះដឹង បច្ចេកទេសឲ្យបានច្បាស់លាស់ ទៅតាមទេពកោសល្យនិងលទ្ធភាពរបស់យើង ត្រូវកំណត់ឲ្យច្បាស់ពីនិស្ស័យនិងចំណង់ចំណូលចិត្តយើង ហើយព្យាយាមធ្វើឱ្យបាន ធ្វើដោយអំណត់ យកចិត្តទុកដាក់បំផុត បើទោះមានអ្វីរារាំងក៏ដោយ។ ត្រូវកំណត់គោលដៅជីវិតឲ្យបានច្បាស់លាស់ ព្យាយាមពុះពារឧបសគ្គគ្រប់បែបយ៉ាងដើម្បីដើរឱ្យដល់គោលដៅ មិនត្រូវខ្ជីខ្ជា បោះបង់ចោលការតាំងចិត្ត ការសម្រេចចិត្តរបស់ខ្លួនឡើយ បើមិនដូច្នោះទេ យើងនឹងមានទម្លាប់អាក្រក់ ជាមនុស្សខ្វះសាច់ការ ធ្វើអ្វីក៏ពុំជោគជ័យដែរ។ ត្រូវបង្កើតមិត្ត បង្កើតទំនាក់ទំនងល្អក្នុងគ្រួសារ ក្នុងសង្គម ងាយស្រួលសហការអនុវត្តលើគ្រប់កិច្ចការ ងាយស្រួលការពឹងពាក់ ពាក្យថារាប់អានមិត្តកុំគិតប្រយោជន៍ កុំសម្លឹងមើលភាពមានក្រ តូចធំ គឺសំដៅលើការមិនឆ្មើងឆ្មៃ មិនរើសអើង មិនគិតត្រឹមតែលាភសក្ការៈប៉ុណ្ណោះ ប៉ុន្តែត្រូវតែសម្លឹងមើលគុណតម្លៃនៃមិត្តម្នាក់ៗ ថាមិត្តណាមានគុណតម្លៃលើអ្វីខ្លះ ដែលនោះហើយគឺជាប្រយោជន៍នៃការរាប់អាន បានន័យថាមិនត្រូវរាប់អានមនុស្សចោលម្សៀត នាំយើងទៅផ្លូវខុស ប្រព្រឹត្តរឿងមិនត្រឹមត្រូវ ពាលាអាវាសែនោះទេ។ ត្រូវមានមហិច្ឆតាឆ្ពោះទៅមុខដោយសេចក្តីថ្លៃថ្នូរ ត្រូវក្លាហាន រស់រវើក ដូចពាក្យចាស់ថា ទន់ភ្លន់តែកុំទន់ជ្រាយ រឹងមាំតែកុំរឹងប៉ប៉ែស ខ្លាំងក្លាតែកុំខ្លាំងខ្លោច ចេះជាប្រាជ្ញតែកុំចេះជាពាល។
៣.ដើម្បីបង្កើតទំនាក់ទំនងល្អក្នុងសង្គម ជាដំបូងគឺត្រូវរៀបរយខ្លួនឯងឱ្យជាមនុស្សមានតម្លៃ មានមុខរបរ ការងារ ឬជំនាញអ្វីមួយច្បាស់លាស់ មានទឹកចិត្តទូលំទូលាយ មានស្នាមញញឹមដោយស្មោះត្រង់ មានឥរិយាបថ ពាក្យសម្ដីឲ្យថ្លៃថ្នូរ ស័ក្តិសមជាអ្នកមានពូជអម្បូរថ្លៃថ្នូរត្រឹមត្រូវ ជាអ្នកចេះដឹង ត្រូវបង្កើនទំនុកចិត្តលើខ្លួនឯង និងដល់អ្នកដទៃ មានសីលធម៌ គុណធម៌ មានភាពច្បាស់លាស់ ម៉ឺងម៉ាត់ និងតម្លាភាព។
៤.ជីវិតជោគជ័យឬមិនជោគជ័យគឺនៅលើខ្លួនឯងជាមនុស្សប្រភេទណា មិនមែននៅលើទេវតាកំណត់ទាំងស្រុងទេ។ ការគិត ការធ្វើ និងគោលដៅនៃជីវិតរបស់មនុស្សលើលោកនេះ មិនដូចគ្នាទេ រូបនិងចរិយាសម្បត្តិផ្សេងគ្នាតាមបែបធម្មជាតិ ប៉ុន្តែមានចំណុចប្រសព្វខ្លះ គឺសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងជីវិត នរណាៗក៏ចង់បាន។ គ្រប់យ៉ាងនៃសេចក្តីប៉ងប្រាថ្នា តែងកើតឡើងដោយការគិត ការធ្វើ និងដោយឥរិយាបថរបស់មនុស្សម្នាក់ៗ ដែលពោរពេញដោយភាពអំណត់ តស៊ូ និងពុះពារគ្រប់បែបយ៉ាង មិនមែនដោយការដេកទន្ទឹងរងចាំវាសនា ឬដោយសារទេវតាប្រទាននោះឡើយ។
៥.បើយើងចង់ស្រណុក ត្រូវធ្វើរឿងសាមញ្ញ មិនបាច់ព្យាយាមតាំងខ្លួន ឬជំរុញខ្លួនឲ្យក្លាយជាមនុស្សអស្ចារ្យពេកទេ ត្រឹមតែជាមនុស្សសាមញ្ញម្នាក់ ដែលមានភាពថ្លៃថ្នូរ មានសង្គមទទួលស្គាល់ គឺពេកណាស់ទៅហើយ។ អ្នកតាំងខ្លួនជាមនុស្សអស្ចារ្យខ្លះ ហាក់បង្ហាញថាខ្លួនចេះដឹងគ្រប់រឿង ហើយចូលចិត្តរិះគន់ ណែនាំ បន្តុះបង្អាប់អ្នកដទៃ នៅក្នុងខណៈដែលខ្លួនមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ថាជានរណានៅឡើយផង ម្ល៉ោះហើយតម្លៃពិតដែលគេមានគឺទៅតាមចរិតលក្ខណនោះ មិនមែនតាមដែលគេសម្តែងទេ។
ក្រោយពីការចែករំលែករួចលោកបណ្ឌិត ក៏បានសុំការអធ្យាស្រ័យ និងជួយកែលម្អផង ប្រសិនបើមានការខុសឆ្គង និងសូមគោរពអរគុណចំពោះបងប្អូនដែលបានអាន បានគាំទ្រ និងជួយផ្តល់មតិយោបល់កែលម្អបន្ថែម។