header ads

Sponsor

បុរសម្នាក់ដែលគេសង្ស័យស្រវឹងស្រា បានបើករថយន្តពាក់ផ្លាកលេខនគរបាល​មួយគ្រឿង​ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករះបង្គោលដែកដាក់ច្រវ៉ាក់ ហើយបន្តទៅបុកកង់បីឥណ្ឌាមួយគ្រឿង​ទៀតបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយមិនឈប់រថយន្តនោះទេ ក៏បន្តទៅបុករបងផ្ទះប្រជាពលរដ្ឋថែមទៀត​ រហូតធ្វើឲ្យរថយន្តដាច់កាឡេកង់មុខម្ខាងទៅមុខលែងរួច ទើបរត់គេចខ្លួនបាត់ស្រមោលទៅ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១​ និង ៣០នាទីយប់ថ្ងៃទី ៧ ខែវិច្ឆិកា​ ឆ្នាំ ២០​២២​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២​ ត្រង់ចំណុចរង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

ជុំវិញហេតុការណ៍នេះបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក​ Lexus RX330 ពណ៌ស​ ពាក់ផ្លាកលេខនគរបាល 2-8768 បើកដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបុករះបង្គោលដាក់ច្រវ៉ាក់នៅចិញ្ចើមផ្លូវបាក់អស់ ៥ដើម​ និងបន្តទៅបុកកង់បីឥណ្ឌា ដែលចតលើចិញ្ចើមផ្លូវប៉ើងទៅផ្ទប់នឹងរបងសាលាដំបូងខេត្តកណ្ដាល​ បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់​ទៀត។​

ទោះបីជាបែបនេះក្ដីក៏អ្នកបើកបររូបនេះមិនព្រមឈប់ទទួលខុសត្រូវនោះទេ​ គឺបានបើកថយក្រោយ រួចបន្តដំណើររហូតដល់ភូមិស្ទឹងជ្រៅ សង្កាត់ដើម​មៀន ក្រុងតាខ្មៅ​ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយរថយន្តដាច់កង់មុខម្ខាងទៅលែងរួច​ ទើបតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល​ទៅ។

ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅ​ បានចុះមកធ្វើការវាស់វែងស្ទួចយករថយន្តបង្ក និងកង់បីដែលរងការខូចខាត​ទៅរក្សាទុក រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post