Sponsor

សិល្បៈ ៖ កាល​ពី​ល្ងាច​មិញ​នេះ​បទ​ចម្រៀង​ "ស្រី​អភ័ព្វ​" របស់​តារា​កំប្លែង​មេម៉ាយ​កូន​មួយ​ ខ្ញុង​ បាន​ចេញ ​MV នៅ​លើ​ Youtube ​ហើយ ​បន្ទាប់​ពី​បទ​មួយ​នេះ​ផលិត​រួចរាល់​ជា​ច្រើន​ខែ​។​ រយៈពេល​តែ​មួយ​យប់​ទេ MV ​បទ​ថ្មី​ ខ្ញុង ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ព្រោះ​សាច់រឿង​ក្នុង​បទ​ចម្រៀង​មួយ​នេះ​ត្រូវ​បាន​មតិ​ជា​ច្រើន​យល់​ថា ​ជា​សាច់រឿង​ពី​អតីតកាល​របស់​នាង​ទាំងស្រុង។

លោក​ ងួន សុបិន​ អ្នក​និពន្ធ​បទ​ "ស្រី​អភ័ព្វ​" បាន​ប្រាប់​ Kqube.net ​តាម​ទូរស័ព្ទ​នៅ​មុន​នេះ​បន្តិច​ថា​ បទ​ចម្រៀង​ "ស្រី​អភ័ព្វ​" គឺជា​រឿង​ពិត​របស់​បង​ស្រី​ ខ្ញុង​ ​ព្រោះ​លោក​និពន្ធ​ឡើង​តាម​ការ​រៀបរាប់​ប្រាប់​ពី​គាត់​ផ្ទាល់​ គ្រាន់តែ​ពាក្យពេចន៍​ខ្លះ​ល្អៀង​អត្ថន័យ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។

លោក​បន្ត​ថា ​សាច់រឿង​ក្នុង​បទ​ចម្រៀង​នេះ ​គឺ​រៀបរាប់​ពី​ដំណើរ​ជីវិត​បែកបាក់​គ្រួសារ ​និង​ការ​ជួប​បុរស​ថ្មី​ម្នាក់​ទៀត​របស់​គាត់  ​ប៉ុន្តែ​ក្រោយ​មក​ទើប​​អ្នក​នាង ខ្ញុង ដឹង​ថា​ បុរស​ក្រោយ​ដែល​​គាត់​បាន​ស្គាល់​ជា​មនុស្ស​មាន​ប្រពន្ធ និង​កូន ​ហើយ​ទីបំផុត​គាត់​(ខ្ញុង)​ ក៏​សម្រេចចិត្ត​ដើរ​ចេញ​ ព្រោះ​មិន​ចង់​ធ្វើ​ខ្លួន​ជា​អ្នក​ជ្រែក​ស្នេហ៍​អ្នក​ដទៃ។​ជុំវិញ​ការ​បើក​កកាយ​រឿង​ពិត​របស់​ខ្លួន​នៅ​ក្នុង​ MV ​បទ​ចម្រៀង​ "ស្រី​អភ័ព្វ​" នេះ​ដែរ​ តារា​កំប្លែង​ ខ្ញុង ក៏​បាន​ផ្ដល់​បទសម្ភាសន៍​ជា​មួយ ​Kqube.net​ នៅ​ព្រឹក​នេះ​ថា​ រឿងរ៉ាវ​នៅ​ក្នុង​ MV ​បទ​ចម្រៀង ​"ស្រី​អភ័ព្វ​" ដែល​ផលិតកម្ម​ ថោន ​ចេញ​កាល​ពី​ថ្ងៃម្សិលមិញ​នេះ ​គឺជា​រឿង​របស់​នាង​ពិតប្រាកដ​មែន​ ព្រោះ​នាង​បាន​សុំ​ឲ្យ​អ្នក​និពន្ធ​លោក ​ងួន សុបិន ​សរសេរ​ពី​ដំណើរ​រឿង​របស់​ខ្លួន​។

ខ្ញុង​ បញ្ជាក់​ថា ​"រឿង​ខ្ញុំ​បែកបាក់​គ្រួសារ​ គឺ​ពិត​ជា​ដូច​ក្នុង​សាច់រឿង​ក្នុង ​MV ​ទាំងស្រុង​ ព្រោះ​មុន​ពេល​បែក​ពី​ប្ដី​ ខ្ញុំ​ជា​អ្នក​ចម្រៀង​នៅ​ភោជនីយដ្ឋាន​ពិត​មែន​"។ខ្ញុង ​បន្ថែម​ថា ​"ពេល​នោះ​ប្ដី​ខ្ញុំ​គេ​មាន​ស្រី​ថ្មី​ជាមួយ​អ្នក​រស់​នៅ​ទល់​មុខ​បន្ទប់​ខ្ញុំ​ជួល ​ហើយ​ពេល​ខ្ញុំ​ទៅ​ច្រៀង​បាត់​ពី​ផ្ទះ​ ប្ដី​ខ្ញុំ​គេ​យក​នារី​ម្នាក់​នោះ​មក​ដេក​នៅ​ក្នុង​ផ្ទះ​ជួល ​ចៃដន្យ​ថ្ងៃ​មួយ​ខ្ញុំ​មក​ទាន់​ឃើញ​គេ​កំពុង​ដេក​ជាមួយ​គ្នា​តែម្ដង​"។ តារា​កំប្លែង​រូប​នេះ​បន្ត​ថា ​"ព្រោះ​តែ​រឿង​នេះ​ទើប​ខ្ញុំសុខចិត្ត​នាំ​កូន​ប្រុស​ចាកចេញ​ពី​ផ្ទះ​ ហើយ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ជួប​បុរស​ម្នាក់​ទៀត​ តែ​ពី​ដំបូង​ឡើយ​ខ្ញុំ​មិន​បាន​ដឹង​ថា​គេ​មាន​ប្រពន្ធ​ និងកូន​ទេ​  តែ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ដឹង​ ហើយ​ក៏បាន​ដើរចេញ​ពី​គេដែរ ​ព្រោះ​មិន​ចង់​ធ្វើ​ជា​អ្នក​ជ្រែក​ក្តី​សុខ​អ្នក​ដទៃ"​។

ការ​ដែល​អ្នក​មេម៉ាយស្ម័គ្រចិត្ត​បើក​កកាយ​រឿង​ពិត​របស់​ខ្លួន​ធ្វើ​ជា​បទ​ចម្រៀង​ ខ្ញុង ក៏បាន​ប្រាប់​ថា ​សម្រាប់​រូប​នាង​គឺ​គិត​ខុស​គេ​ មិន​ថា​ពេល​មុន ឬ​ពេល​នេះ​ទេ គឺ​នាង​មិន​ចូលចិត្ត​លាក់បាំង​រឿង​ផ្ទាល់​ខ្លួន​ឡើយ​ ព្រោះ​រឿង​ទាំង​នេះ ​វា​បាន​កន្លង​ហួស​ទៅ​ហើយ​ ​ហើយ​ក៏​គ្មាន​មូលហេតុ​អ្វី​ត្រូវ​បិទ​បាំង​ដែរ​ មុន​នឹង​ក្រោយ​គង់​គេ​ដឹង​ និង​គេ​និយាយ ​ដូច្នេះ​ហើយ​នាង​ត្រូវ​និយាយ​ឲ្យ​ហើយ ដើម្បី​ឲ្យ​អ្នក​ថ្មី​ដែល​គេ​ចង់​បាន​នាង​ជា​គូគ្រង​បាន​ដឹង​ព័ត៌មាន​ច្បាស់​៕​

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor