header ads

Sponsor



រាល់ពេលមានបញ្ហាអ្នកក្លាហានបង្ហាញខ្លួន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រសិនបើសម្លឹងត្រឹមរូបរាងខាងក្រៅ គាត់អាចជាស្ត្រីមាឌតូចល្អិត ធម្មតាម្នាក់ គ្មានអ្វីអស្ចារ្យ និងមិនមានអ្វីឲ្យទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្តែបើក្រឡេកហើយមើលឲ្យស៊ីជម្រៅស្ត្រីរូបនេះគឺជាអ្នកគ្រូពេទ្យឆ្នើម និង ជាអ្នកនាំពាក្យដ៏ឆ្លាតវៃ ដែលស្រាយរាល់ចំណោទនិងចម្ងល់របស់ប្រជាពលរដ្ឋតាមរយៈការសាកសួរពីអ្នកសារព័ត៌មានបានយ៉ាងក្បោះក្បាយ ងាយស្ដាប់ និង ងាយយល់។
ខណៈដែលយើងគ្រប់គ្នាគេងក្នុងបន្ទប់លើគ្រែពូកទន់ល្មើយតាមដាន បច្ចុប្បន្នភាពព័ត៌មាននៃជំងឺកូវីដ ១៩ តាមកញ្ចប់ទូរស័ព្ទដៃ ស្ត្រីដ៏ពូកែរូបនេះ កំពុងធ្វើការយ៉ាងសកម្ម សហការជាមួយនឹងមន្ត្រីពេទ្យថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរាត្បាតនៃជំងឺឆ្លងដ៏សាហាវមួយនេះ យកអាយុជីវិតទៅប្រថុយនឹងការឆ្លងមិនខ្លាចរអា (កុំនិយាយពីតួនាទីនិងកាតព្វកិច្ច ព្រោះអ្នកខ្លះនៅតែអាចគេចវេសពីតួនាទីនិងកាតព្វកិច្ចខ្លួន) ហើយព្រោះតែហេតុផលនេះហើយទើបខ្ញុំគោរពកោតសរសើរលើលោកជំទាវជាខ្លាំង។
លោកជំទាវ និងក្រុមទ័ពអាវសរបស់លោក បាននឹងកំពុងប្រឹងប្រែងធ្វើការងារដោយមិនខ្លាចនឿយហត់ ដើម្បីយើងទាំងអស់គ្នា ប៉ុន្តែបើរំពឹងត្រឹមតែលើក្រុមទ័ពអាវស ប្រយុទ្ធម្នាក់ឯងមិនអាចយកជ័យជំនះលើសត្រូវកូវីដ ១៩ ដ៏សែនពិសពុល ដែលលាក់ខ្លួនពួនអាត្មានៅក្នុងរាងកាយមនុស្សយើងបានឡើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋកម្ពុជាជាទីគោរពស្រលាញ់របស់ខ្ញុំ យើងជាទ័ពជំនួយនៅជួរក្រោយត្រូវតែចូលរួមដូចគ្នា ប្រសិនបងប្អូនបានឃើញសំណេរខ្ញុំនេះ សូមបងប្អូនអនុវត្តឲ្យបាននូវការណែនាំ លាងសំអាតដៃ ដោយសាប៊ូ អាកុល ជាប្រចាំ ហើយសូមពាក់ម៉ាសដើម្បីការពារ ការក្អក កណ្ដាស់ ខ្ទាតទៅអ្នកដទៃដែលជាកត្តានាំឲ្យឆ្លងគ្នាបាន។
ចំណែក បងប្អូនប្រជាពលរដ្ឋ ដែលមានប្រវត្តិចេញទៅបរទេសសូមមេត្តា រក្សាគំលាតខ្លួនឯងពីសង្គម (Social Distancing) ដោយមិនចេញដើរទៅណា មិនជួបជុំគ្នា បរិភោគអាហារដាច់ដោយឡែក ដើម្បីតាមដានអាការៈ (ពិសេសដង្ហើម) ឱ្យបាន ១៤ ថ្ងៃ ព្រោះដឹងបានកាន់តែលឿន ឱកាសជាសះស្បើយកាន់តែខ្ពស់។ ពេលនេះមានតែយើងទាំងអស់គ្នាទេ ដែលជួយកាត់បន្ថយការចំលងផ្សេងៗបានតាមរយៈការអនុវត្តតាមការណែនាំពីអ្នកជំនាញឱ្យបានត្រឹមត្រូវ ។ យើងបានមើលឃើញកំហុសឆ្គងប្រទេសមួយចំនួនជាឧទាហរណ៍ហើយ យើងជាពលរដ្ឋកម្ពុជា មិនគួរដើរលើផ្លូវដែលគេដើរខុសនោះទេ តែគួរយកបទពិសោធគេមកដើរលើផ្លូវដែលត្រឹមត្រូវ។
#រក្សាគំលាតពីសង្គម១៤ថ្ងៃដើម្បីបន្ថយការចំលងកូវីដ១៩ #គ្មានកូវីដ១៩ប្រជាពលរដ្ឋសុខសាន្ត #កុំចេញក្រៅនៅផ្ទះបញ្ឈប់កូវីដ១៩
ប្រភព៖ Phironica Luong: 
News Producer at TV5 Cambodia

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post