
យោងតាមគេហទំព័រ WJS បានចុះផ្សាយឲ្យដឹងថ្មីៗនេះថា មានប្រជាជនជាច្រើនដែលចូលចិត្តយកពេលវេលាដ៏ល្អនៅថ្ងៃបុណ្យណូអែល ទៅប្រព្រឹត្តលើរឿងមិនល្អ និងមិនទាន់យល់ច្បាស់ពីប្រារព្ធពីធីបុណ្យនេះ ដោយពួកគេរវល់ជាមួយការងារគ្មានពេលសម្រាក រួមទាំងការនៅម្នាក់ឯងជាដើម ដោយសារបញ្ហាទាំងនេះហើយទើបបណ្ដាឲ្យពួកគេមានការតប់ប្រមល់ ធុញថប់ និងចូលចិត្តគិតរឿងអត់បានការច្រើន ដែលនាំឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពមួយហៅថា ការកកស្ទះកោសិកាខួរក្បាល និងផ្លូវអារម្មណ៍។
ទន្ទឹមនឹងបញ្ហានេះ លោកស្រី Jephtha Tausig អ្នកជំនាញផ្នែកចិត្តសាស្ត្រ ជនជាតិអាមេរិកមួយរូបបានលើកឡើងនូវគន្លឹះសំខាន់ៗចំនួន ៥ចំណុចដែលមនុស្សទាំងអស់ត្រូវជៀសវាង ដោយចំណុចទាំងនោះមានដូចខាងក្រោម៖
១. ការទម្លាប់នៅម្នាក់ឯង
ត្រង់ចំណុចដំបូងនេះ លោកស្រីបានឲ្យដឹងថា ដើម្បីទប់ស្កាត់ទុកសោក និងភាពស្មុគស្មាញនៅក្នុងចិត្ត យើងម្នាក់ៗគួរតែជៀសវាងធ្វើអ្វីៗតែម្នាក់ឯង ឬភាពអញនិយម ផ្ទុះទៅវិញគួរបង្កើតបរិយាកាសរីករាយជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នក ដោយការធ្វើម្ហូបពិសេសៗញុំអាហាររួមគ្នា ការលេងកីឡា ការធ្វើដំណើរកម្សាន្ត និងជជែកគ្នាលេងអំពីទិដ្ឋភាពល្អៗដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃណូអែលជាដើម។
២ ការរវល់ជាមួយការងារជានិរន្តរ៍
ជាការពិតណាស់ ការងារគឺជារឿងមួយដែលសំខាន់សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែក្នុងមួយសប្ដាហ៍ៗ គឺត្រូវមានពេលសម្រាប់សម្រាលទម្ងន់ឲ្យប្រព័ន្ធខួរក្បាល ដើម្បីការពារការប៉ះទង្គិចនៅកោសិកាសំខាន់ៗនៅស្រទាប់សរសៃប្រសាទ ដែលនាំឲ្យល្បឿននៃការគិតរបស់យើងគ្មានការអភិវឌ្ឍទៅមុខ។ យ៉ាងណាមិញលោកស្រីបានបញ្ជាក់បន្ថែមត្រង់ចំណុចនេះថា យើងត្រូវប្រើពេលឈប់សម្រាកទាំងឡាយរបស់យើងឲ្យមានអត្ថន័យសម្រាប់ខ្លួនយើង និងអាចជួយសម្រាលដល់ប្រព័ន្ធខួរក្បាល និងសតិអារម្មណ៍ ឆ្ពោះទៅរកសុភមង្គលដ៏ផូរផង់ផងដែរ។
៣ ការស្ងៀមស្ងាត់
បុគ្គលទាំងអស់ត្រូវជៀសវាងដាច់ខាតត្រង់ចំណុចទីបីនេះ ចូរដោះស្រាយបញ្ហារបស់អ្នកឲ្យបានយ៉ាងឆាប់រហ័ស ដោយបុគ្គលដែលស្ថិតក្នុងស្ថានភាពបែកនេះ គឺត្រូវបានចាត់ទុកថា ជាប្រការមួយដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុត ហើយអ្នកជំនាញខាងលើបានឲ្យដឹងថា ដើម្បីផ្លាស់ប្ដូរទៅរកភាពសប្បាយរីករាយវិញបាន បុគ្គលទាំងនោះគួរសម្លឹងមើលទៅកាន់ពិភពលោកដ៏ធំ មួយ ដែលមានភាពអាប់អួលាយឡំជាមួយភាពស្រស់បំព្រង រួចចោទជាសំនួរសួរទៅកាន់ខ្លួនឯងថា តើអ្វីដែលអ្នកប្រាថ្នាចង់បាន? ម្យ៉ាងទៀតអ្នកត្រូវស្វែងរកទីប្រឹក្សាយោបល់ក្នុងការដោះស្រាយបញ្ហារបស់អ្នក ហើយព្យាយាមកាន់បន្ថយវាបន្តិចម្ដងៗ។
៤ ការរលឹកពីអតីតមិនល្អ
អតីតកាលត្រូវបានចែកចេញជាពីរសំខាន់ៗគឺ អតីតកាលមានឥទ្ធិពល និងគ្មានឥទ្ធិពលមានន័យថា យើងគួរជៀសវាងនូវអតីតកាលទីមួយ ដែលវាអាចនាំឲ្យយើងមានការខ្លាចរអានៅក្នុងទម្លាប់ចាស់ ហើយពុំហ៊ានរើបម្រាស់ទទួលយកនូវបទពិសោធថ្មី រីឯ អតីតកាលគ្មានឥទ្ធិពលវានឹងជំរុញឲ្យអ្នកទទួលយកភាពសប្បាយរីករាយឥតឈប់ឈរ។
៥ ការប្រកាន់ភ្ជាប់នៅផ្នត់គំនិតអវិជ្ជមាន
ត្រង់ចំណុចនេះអ្នកជំនាញខាងលើបានបញ្ជាប់ថា ភាពបរាជ័យរបស់មនុស្សម្នាក់ៗគឺកើតឡើងនៅពេលដែលពួកគេ មិនឲ្យតម្លៃលើខ្លួនឯង និងគិតថាអ្វីៗគ្រប់យ៉ាងវាមិនអាចទៅរួច ផ្ទុយទៅវិញយើងម្នាក់ៗគួរប្រកាន់ភ្ជាប់នូវផ្នត់គំនិតវិជ្ជមានជានិរន្តរ៍ ដើម្បីទទួលយកឱកាសដ៏ល្អៗ និងពោរពេញដោយភាពសប្បាយរីករាយជាមួយមនុស្សទាំងឡាយនៅជុំវិញខ្លួន៕


ផ្តល់សិទ្ធិដោយ៖KQUBE