
ក្រុងព្រះសីហនុ៖ ជនសង្ស័យ៥នាក់ក្នុងចំណោមក្រុមបក្ខពួក៩នាក់ ដែលធ្វើសកម្មភាពកាប់ចាក់ជនរងគ្រោះមា្នក់ឈ្មោះ មាស គឹមសាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងចម្លាក់កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចវិមានឯករាជ្យ សង្កាត់៣ ក្រុងព្រះសីហនុ អោយរងរបួសធ្ងន់ធ្ងរសន្លប់នៅកន្លែង និងបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញនោះ ត្រូវបាននគរបាលចាប់ខ្លួនបានហើយ រីឯ៤នាក់ទៀតដែលនៅលាក់ខ្លួនសមត្ថកិច្ចកំពុងស្វែងរកបន្ត។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានទាំង៥នាក់រួមមាន៖
១.ឈ្មោះ កុយ ដារ៉ា ហៅ យ៉ាវ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ចុះកាប់)
២.ឈ្មោះ អ៊ុង ដារិទ្ធ ហៅ ព្រីង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១១ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ (សហចារី)
៣.ឈ្មោះ លី ជាសាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី)
៤.ឈ្មោះ គឹម វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ (សហចារី)
៥.ឈ្មោះ ទេព វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូហូលីដេរ មានទីលំនៅ សង្កាត់១ ក្រុងព្រះសីហនុ (សហចារី)។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៥នាក់បានសារភាពថា ពួកគេមានជម្លោះជាមួយភាគីខាងរងគ្រោះតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ មូលហេតុដោយសារភាគីរងគ្រោះ បានកាប់មិត្តភក្តិរបស់ពួកគេ ឈ្មោះ លី ជាសាង មុន នៅចំណុចបុរីគុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ពេលនោះពួកគេមានគ្នា៩នាក់ ១. ឈ្មោះ កុល, ២. ឈ្មោះ រិទ្ធ ហៅ ព្រីង, ៣. ឈ្មោះ រាសនា ហៅ ដូច, ៤. ឈ្មោះ សាំម៉ា, ៥. ឈ្មោះ ទែង, ៦. ឈ្មោះ ស្មី, ៧. ឈ្មោះ សាង, ៨. ឈ្មោះ សាល និង ៩. ឈ្មោះ ដារ៉ា ហៅ យ៉ាវ ដោយក្រុមភាគីរងគ្រោះបាននាំគ្នាដេញកាប់ទៅលើក្រុមរបស់ខ្លួន តែបានរត់គេចខ្លួនទាន់ ដោយកាប់បានតែម៉ូតូរបស់ភាគីក្រុមពួកគេតែប៉ុណ្ណោះ។
ដោយសាររឿងនេះ ទើបក្រុមគេប្រើហឹង្សាសងសឹកវិញ នៅម្តុំវិមានឯករាជ្យ ដែលកាលនោះភាគីជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកលែត ពណ៌ស មានគ្នា៣នាក់ ហើយក្រុមពួកគេមានគ្នា៩នាក់ ក្នុងនោះឈ្មោះកុយ ដារ៉ាហៅយ៉ាវ និងឈ្មោះឈិត បានស្ទុះចូលទៅកាប់ជនរងគ្រោះតែម្តង តែកាប់បានតែម្នាក់ដែលជិះពីក្រោយ ឈ្មោះ មាស គឹមសាន តែប៉ុណ្ណោះ ចំណែកឯអ្នកបើកម៉ូតូ និងអ្នកជិះកណ្តាលរត់គេចខ្លួនទាន់។
ចំពោះជនសង្ស័យដែលនៅសេលសល់ កម្លាំងការរិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ កំពុងមានវិធានការដើម្បីតាមចាប់ខ្លួនបន្ត រីឯជនស្ស័យទាំង៥នាក់ខាងលើនេះ កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕ ប្រ. ហ៊ុយ ប៊ុនឡេង


ផ្តល់សិទ្ធិដោយ៖VD7News.com