
ការវាយប្រហារតាមអាកាសរបស់យន្តហោះ រុស្ស៊ី បានចំបន្ទាយទាហាន ទួរគី មួយកន្លែងក្នុងប្រទេស ស៊ីរី សម្លាប់ និងរបួសទាហាន ទួរគី ជាច្រើននាក់ ក្នុងប្រតិបត្តិការប្រឆាំងក្រុម ISIS នៅភាគខាងជើងប្រទេស ស៊ីរី ។ ទាហាន រុស្ស៊ី បញ្ជាក់ថា ក្នុងពេលបំពេញប្រតិបត្តិការវាយប្រហារតាមអាកាស យន្តហោះ រុស្ស៊ី បានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ ហើយគ្រាប់បែកមួយគ្រាប់ធ្លាក់ទៅលើទៅលើអគារមួយដែលប្រើប្រាស់ដោយទាហាន ទួរគី ។
សេចក្ដីរាយការណ៍ដំបូងអះអាងថា ទាហាន ទួរគី ស្លាប់ ៣ នាក់ ។ វិមានក្រឹមឡាំងរាយការណ៍ថា ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតី ទួរគី លោក តាយីប អ៊ីឌូហ្កាន ដោយបានសម្ដែងការសោកស្ដាយ និងរំលែកទុក្ខចំពោះការបាត់បង់ជីវិតទាហាន ទួរគី ទាំង ៣ នាក់ ដោយបន្ទោសថា ឧបទ្ទវហេតុនោះ កើតឡើងដោយសារតែការវាយប្រហារមិនចំគោលដៅ និងការធ្វើទំនាក់ទំនងគ្នាមិនបានដិតដល់រវាង រុស្ស៊ី និង ទួរគី ។
ប្រទេស ទួរគី ចាប់ផ្ដើមបញ្ជូនទាហានចូលក្នុងប្រទេស ស៊ីរី កាលពីខែ សីហា ឆ្នាំ ២០១៦ ក្រោមប្រតិបត្តិការ ខាលីហ្វាត បំណងវាយបណ្ដេញក្រុម ISIS ឲ្យចាកចេញពីតំបន់ក្បែរព្រំដែន ទួរគី ដោយសារព្រួយបារម្ភថា ប្រសិនបើក្រុម ISIS គ្រប់គ្រងតំបន់ក្បែរព្រំដែន ប្រទេស ទួរគី ប្រឈមនឹងគ្រោះថ្នាក់ដោយសារក្រុមជីវពលទាំងនោះ ។ ប្រតិបត្តិការរបស់ទាហាន ទួរគី បានសម្លាប់ជីវពលជាច្រើននាក់ ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រតិបត្តិការតាមអាកាស និងការបាញ់កាំភ្លើងផ្លោងរបស់ទាហាន ទួរគី បានសម្លាប់សមាជិក ISIS ៤៤ នាក់ ។
ផ្តល់់សិទិ្ធដោយ៖KQUBE