Sponsor

តារាថោន
សិល្បៈ ៖ ​តារា​ចម្រៀង​លោក​ ករុណា ពេជ្រ​ ទើប​តែ​ឡើង​កាន់​តំណែង​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ ថោន​ បាន​រយៈពេល​ពីរ​ថ្ងៃ​ទេ​ ។ រយៈពេល​ដ៏​ខ្លី​នៃ​ការ​កាន់​តំណែង​ថ្មី​នេះ ​ក៏​មាន​តារា​ៗ​ចម្រៀង​ក្នុង​ផលិតកម្ម​ ថោន ​ជា​ច្រើន​បាន​ប្រើ​ពាក្យ​សម្ដី​ស្រដៀង​គ្នា​ៗ​ Comment  ចំពោះ​​ការលើកតម្កើង​តារា​ចម្រៀង​រូប​នេះ​ពី​អគ្គនាយក​ក្រុមហ៊ុន ​ថោន ​។

តើ​តារា​ចម្រៀង ​ថោន ​ម្នាក់​ៗ ​ប្រើ​ពាក្យ​សម្ដី​អ្វី​ខ្លះ​ពេល​លោក ករុណា ពេជ្រ ​ទទួល​បាន​តំណែង​ធំ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​? ខាង​ក្រោម​នេះ ​គឺ​ជា​បទសម្ភាសន៍​រវាង​លោក​ តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​ គេហទំព័រ​ Kqube.net ​ជា​មួយ​តារា​ចម្រៀង ​ថោន​

ខេម ​៖ តារា​ចម្រៀង​ជួរ​មុខ​របស់ ​ថោន ​ខេម​ បាន​ប្រាប់​ថា ​ការ​ឡើង​កាន់​តំណែង​ជា​អ្នក​គ្រប់គ្រង​ផលិតកម្ម​ របស់​លោក​ ករុណា ពេជ្រ​ សម្រាប់​រូប​លោក​មិន​មាន​អ្វី​ ដែល​មិន​ពេញ​ចិត្ត​ទេ ​ព្រោះ​គាត់​ក៏​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការងារ​សិល្បៈ​ដែរ​ ។ ដោយឡែក​ព័ត៌មាន​ខ្លះ​និយាយ​ថា ​គាត់​ក៏​ជា​តារា​ចម្រៀង ​ពេល​កាន់​តំណែង​ធំ​អាច​គិត​ពី​ខ្លួន​ឯង​នោះ​ គ្រាន់​តែ​ជា​ពាក្យ​មហាជន​ទេ ​ចំណុច​នេះ​លោក​ជឿ​ថា ​គាត់​មិន​ធ្វើ​អ៊ីចឹង​ទេ ​គឺ​គាត់​មាន​តែ​ខិតខំ​រក​វិធីសាស្ត្រ​ថ្មីៗ​ជួយ​ជ្រោង​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ឲ្យ​ជោគជ័យ​ទាំង​អស់​គ្នា​ ​ដើម្បី​ហុច​ផល​ដល់​ក្រុមហ៊ុន​ផង​ដែរ​ ។

សុគន្ធ ថេរ៉ាយុ ​៖ ​តារា​ចម្រៀង​យុវវ័យ ​សុគន្ធ ​ថេរ៉ាយុ ​បាន​ប្រាប់ ​Kqube.net  ​ដែរ​ថា​ សម្រាប់​រូប​លោក​ គាំទ្រ​ចំពោះ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ ករុណា ពេជ្រ​ ព្រោះ​គាត់​ជា​មនុស្ស​មាន​ទេពកោសល្យ​ខ្លាំង​ និង​ម៉ត់ចត់​ការងារ​ ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​គាត់​ក៏​បាន​ធ្វើ​ការងារ​ជោគជ័យ​ច្រើន​ហើយ​ដែរ​ នេះ​ហើយ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​គាត់​។ 

កែវ វាសនា ​៖ តារា​ចម្រៀង​សំឡេង​រាជសី​ កែវ វាសនា បាន​ប្រាប់​ដែរ​ថា ​មុខ​តំណែង​លោក​ ករុណា ​ពេជ្រ​ ទទួល​បាន​​លោក​ គាំទ្រ​ទាំងស្រុង ​ព្រោះ​ក្រោយ​ពេល​គេ​បាន​ស្គាល់​លោក ករុណា​ពេជ្រ ក៏​បាន​ឃើញ​ស្នាដៃ​ការងារ​របស់​គាត់​ធ្វើ​បាន​ជោគជ័យ​ច្រើន​ ដោយ​សារ​មនុស្ស​គាត់​ពេល​ធ្វើ​ការ​អ្វី​មួយ​មាន​ការ​តាំងចិត្ត​ខ្ពស់​។ រីឯ​ចំណុច​មួយ​ទៀត​គាត់​ក៏​ជា​មនុស្ស​ម្នាក់​រួសរាយ​មិន​ប្រកាន់​ឫកពា​ផង​ដែរ​។

 រ៉ាប៊ី ​៖ សម្រាប់​ស្រី​ស្រស់​សំឡេង​ស្រួយ​កញ្ញា​ រ៉ាប៊ី​ បាន​លើក​ឡើង​ថា​ តំណែង​ដែល​លោក​ ករុណា ពេជ្រ​ ទើប​តែ​ទទួល​បាន​ថ្មី​ៗ​នេះ​ គឺ​សមស្រប​ណាស់ ​ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់​ម៉ត់ចត់​ ហើយ​ការងារ​គាត់​ធ្វើ​ជា​ច្រើន​គឺ​ទទួល​បាន​ជោគជ័យ​។​ ជាក់ស្ដែង​ដូចជា​ជំនួញ​ខាង​ដឺគ័រ​របស់​គាត់ ​គឺ​ជោគជ័យ​ខ្លាំង​ ព្រោះ​គាត់​ឆ្លាត​ និង​មាន​វិធីសាស្ត្រ​ច្រើន​កៀរគរ​យក​អ្នក​គាំទ្រ​។ 

លី អ៊ីវ៉ាធីណា ​៖ សម្រាប់​តារា​ចម្រៀង​កូន​ចៅ​ចិន​ លី អ៊ីវ៉ាធីណា ​បាន​ប្រាប់​ថា ​ការ​កាន់​តំណែង​អ្នក​គ្រប់គ្រង​ទូទៅ​របស់​លោក ​ករុណា ពេជ្រ​ គ្មាន​រឿង​អ្វី​ដែល​ថា​ មិន​ស័ក្ដិសម​នោះ​ទេ ​ព្រោះ​គាត់​ក៏​ជា​អ្នក​សិល្បៈ​ធ្លាប់​មាន​បទពិសោធន៍​ជោកជាំ​លើ​ការងារ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ​ម្យ៉ាង​ទៀត​នាង​ក៏​គ្មាន​អារម្មណ៍​ថា​ គាត់​ធ្លាប់​មាន​តួនាទី​ដូច​គ្នា​ពេល​ឡើង​ធំ​ ធ្វើ​ឲ្យ​ការងារ​មួយ​ចំនួន​ពិបាក​នោះ​ទេ​ ព្រោះ ថោន​ មាន​គោល​ការ​ស្មើ​សិទ្ធ​ទាំង​អស់​គ្រប់​តារា​ចម្រៀង។​ 

អេនីហ្សាម៖​ បាន​និយាយ​ដែរ​ថា​ នាង​ក៏​គាំទ្រ​ចំពោះ​តួនាទី​ថ្មី​របស់​លោក ​ករុណា ពេជ្រ​ ផង​ដែរ​ ព្រោះ​នាង​ជឿជាក់​លើ​សមត្ថភាព​គាត់​នឹង​ធ្វើ​បាន​ល្អ​ ព្រោះ​ការងារ​ច្រើន​មក​ហើយ​ដែល​គាត់​កាន់​ គឺ​ទទួល​បាន​ជោគជ័យ​តែ​រហូត​ ហើយ​គាត់​ក៏​ជា​មនុស្ស​ចិត្ត​ល្អ​ និង​មាន​ភាព​ច្បាស់លាស់​នឹង​ការងារ​ ដូច្នេះ​ហើយ​ការងារ​ថ្មី​ដែល​គាត់​ទើប​ទទួល​នេះ​ប្រាកដ​ជា​ជោគជ័យ​ខ្លាំង​ជា​មិន​ខាន​។ ​

គួរ​បញ្ជាក់​ដែរ​ថា ការ​ស្ទង់​មតិ​ពី​តារា​ចម្រៀង ​ថោន ​ចំពោះ​ការ​ឡើង​កាន់​តំណែង​ធំ​របស់​លោក ​ករុណា ពេជ្រ​ ទោះ​ជា​ Kqube.net  មិន​បាន​សម្ភាសន៍​គ្រប់​តារា​របស់ ​ថោន ​ក្ដី​ ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​តារា​ចម្រៀង​ដែល​មាន​វត្តមាន​ខាងលើ​នេះ​ម្នាក់ៗ​ បាន​គាំទ្រ​ទាំង​ស្រុង​ ហើយ​ការ​បោះ​ពាក្យ​សម្ដី​លើក​ទឹកចិត្ត​ពី​ក្រុម​តារា​របស់​ ថោន ​ខាង​លើ​នេះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​លោក ​ករុណា ពេជ្រ​ មិន​អាច​ប្រកែ​មិន​ទទួល​ការងារ​នេះ​ឡើយ​ តែ​អ្វី​ដែល​លោក​ត្រូវ​ហាក់​រៀន​ នឹង​ធ្វើ​ឲ្យ​បាន​ឃើញ​ជាក់​ច្បាស់​នឹង​ភ្នែក​ ដើម្បី​ជម្រះ​មន្ទិល​របស់​ទស្សនិកជន​ គឺ​ការ​ចេញ​បទ​ឲ្យ​តារា​ចម្រៀង​ម្នាក់​ៗ​ មាន​ភាព​ស្មើ​គ្នា​កម្រិត​ណា៕​ 

ករុណាពេជ្រ

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor