Sponsor
Face​book ​គ្រាន់តែ​ជា​កន្លែង​បង្ហាញ​នូវ​អារម្មណ៍​ ឬ​ មិន​មែន​ទេ​?

ទស្សនៈ​យុវជន​៖ ​តើ​ដឹង​ទេ​ថា ​យុវជន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ​(Facebook) ​ដើម្បី​ធ្វើ​អ្វី​ខ្លះ​? ​ច្បាស់​ជា​ពិបាក​ឆ្លើយ​ហើយ​មើល​ទៅ ​ព្រោះ​ម្នាក់​ៗ​មាន​ការ​យល់​ឃើញ​ខុស​ៗ​គ្នា ​ហើយ​អ្នក​ប្រើប្រាស់​ក៏​មាន​លក្ខណៈ​ទីទៃ​ៗ​ពី​គ្នា​ដែរ ​ប៉ុន្តែ​យ៉ាង​ណាមិញ​មាន​ទស្សនៈ​យុវជន​ខ្លះ​បាន​លើក​ឡើង​ថា​ «Face​book ​គ្រាន់តែ​ជា​កន្លែង​បង្ហាញ​នូវ​អារម្មណ៍​តែ​ប៉ុណ្ណោះ» ​តើ​ពិត​ទេ​?

ជុំវិញ​ចំណោទ​បញ្ហា​នេះ ​គេហទំព័រ​ព័ត៌មាន Kqube.net ​បាន​លើក​យក​នូវ​ទស្សនៈ​​របស់​យុវជន​ចំនួន​៤​នាក់​ ដែល​មក​ពី​ប្រភព​ផ្សេង​គ្នា ​ស្ថិត​ក្នុង​ចំណោម​យុវជន​ផ្សេង​ៗ​ជា​ច្រើន​នាក់​ទៀត ​ដើម្បី​បង្ហាញ​នូវ​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​​ ​តប​ទៅ​នឹង​ប្រធាន​បទ​ខាង​លើ​នោះ​ផង​ដែរ​។

​ទី១​-លោក អ៊ាម វន្នី តារា​ចម្រៀង​បទ​ភ្លេង​ថ្មី

ទី២​លោក រិន ចាន់រិទ្ធ អ្នក​សម្រប​សម្រួល​យុវជន​ឯករាជ្យ

ទី៣-កញ្ញា យ៉ាន់ លីណា និពន្ធ​នាយក​វិទ្យុ​វាយោ

ទី​៤​-កញ្ញា គីម លីខេង និស្សិត​ឆ្នាំ​ទី២ នៃ​វិទ្យាស្ថាន​វាន់ដា​។ 

លោក អ៊ាម វន្នី ៖ ​ចំពោះ​ការ​លើក​ឡើង​ថា​ ហ្វេសប៊ុក​គ្រាន់​តែ​ជា​កន្លែង​បញ្ចេញ​នូវ​អារម្មណ៍​នោះ​ គឺ​​ជា​ការ​ត្រឹមត្រូវ​មួយ​ផ្នែក​ផង​ដែរ ​ព្រោះ​លោក​បាន​​សង្កេត​ឃើញ​​ថា ​អ្នក​លេង​បណ្ដាញ​សង្គម​នេះ​​ប្រមាណ​ជាង ៥០​ភាគរយ ​គឺ​នៅ​មាន​កម្រិត​នៃ​ការ​ចេះ​ប្រើប្រាស់​ហ្វេសប៊ុក​ឲ្យ​មាន​ប្រយោជន៍​នៅ​ឡើយ​ទេ​។ ​ប៉ុន្តែ​​ចំពោះ​លោក​ផ្ទាល់​លោក​ថា ហ្វេសប៊ុក​មិន​បាន​ជះឥទ្ធិពល​ដល់​ការងារ​ផ្សេង​ទៀត​របស់​លោក​ឡើយ​។ ​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ​ហ្វេសប៊ុក​លោក​បាន​ចាប់​ផ្ដើម​លេង​តាំង​ឆ្នាំ​២០១០​មក​ម្ល៉េះ​។ សព្វ​ថ្ងៃ​ហ្វេសប៊ុក​បាន​ជួយ​ដល់​ការងារ​អាជីព​របស់​លោក​បាន​ច្រើន​ណាស់​ ទាំង​ការ​យល់​ដឹង​នៅ​ព័ត៌មាន​ផ្សេង​ៗ ​រួម​ទាំង​ការ​ទំនាក់​ទំនង​ជា​មួយ​សង្គម​មនុស្ស​ទូទៅ​ផង​ដែរ​។ ​ជាក់​ស្ដែង​​រាល់​ការ​ទំនាក់​ទំនង​​ជា​មួយ​នឹង​អាជីព​ចម្រៀង​របស់​លោក​ គឺ​ត្រូវ​បាន​គេ​ហៅ​តាម​រយៈ​ហ្វេសប៊ុក​នេះ​តែ​ម្ដង​ ព្រោះ​វា​ទំនើប ​និង​មិន​ចាំ​បាច់​ស្គាល់​លេខ​ទូរស័ព្ទ​នោះ​ទេ​។ " ​សម្រាប់​ខ្ញុំ​ហ្វេសប៊ុក​គឺ​ប្រើ​សម្រាប់​ជា​ស្ថានីយ​ផ្សព្វផ្សាយ​ពី​កិច្ច​ការងារ​អាជីព​ជា​តារា​ចម្រៀង​ ជា​កន្លែង​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ក្នុង​សង្គម​ និង​ជា​កន្លែង​ចែករំលែក​រឿង​ល្អ​ៗ"។ ​

នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ផ្សេង​ទៀត​ ដែល​តារា​ចម្រៀង​រូប​នេះ​បាន​ផ្ដល់​ឲ្យ​Kqube.net ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក​បាន​​សំណូម​ពរ​ថា ​សូម​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ទាំង​អស់ ​រក្សា​ភាព​ថ្លៃថ្នូរ​ឲ្យ​សក្ដិសម​និង​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន​ឯង​ផង​។ 

លោក រិន ចាន់រិទ្ធ ៖ ​បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា ​ហ្វេសប៊ុក​គឺ​ជា​សហគមន៍​មួយ ដែល​មនុស្ស​អាច​លើក​ឡើង​អំពី​បញ្ហា​ជា​អាទិភាព​របស់​ពួក​គេ ​ដើម្បី​ឱ្យ​ដឹងឮ​ដល់​មនុស្ស​ទូទៅ​។​ ជាពិសេស​ហ្វេសប៊ុក​ គឺ​ជា​មជ្ឈមណ្ឌល​នៃ​ការ​ចែករំលែក ​និង​ទទួល​បាន​នូវ​ព័ត៌មាន បទពិសោធន៍ ​និង​ចំណេះដឹង​នានា​ទូទាំង​សាកលលោក​ថែម​ទៀត​​។ ​ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី​ ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ​ការ​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​នៅ​កម្ពុជា​មិន​មែន​សុទ្ធតែ​ផ្ដល់​ផល​វិជ្ជមាន​នោះ​ទេ​។

​បណ្ដាញ​សង្គម​នេះ​បាន​ធ្វើ​ឱ្យ​ខាត​ពេលវេលា​ដល់​អ្នក​ប្រើប្រាស់​មួយ​ចំនួន ​និង​ធ្វើ​ឱ្យ​ជះឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ខ្មែរ ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ហិង្សា ​អំពើ​អសីលធម៌ ​ព័ត៌មាន​មិន​ពិត ​និង​អំពើ​ជ្រុល​និយម​ផ្សេង​ៗ​ទៀត​ផង​។

ចំពោះ​យុវតី គីម លីខេង​ ៖ បាន​ឲ្យ​ដឹង​ថា ​ហ្វេសប៊ុក​បាន​ធ្វើ​ឲ្យ​នាង​ប៉ះពាល់​ដល់​ការ​សិក្សា​មួយ​ចំនួន​ផង​ដែរ ដោយសារ​អារម្មណ៍​ពេល​ខ្លះ​ថា​ទៅ​យក​សៀវភៅ​មេរៀន​មក​អាន​ ប៉ុន្តែ​ពេល​ខ្លះ​ខួរក្បាល​បញ្ជា​​ឲ្យ​ទាញ​ទូរស័ព្ទ​មក​បើក​ហ្វេសប៊ុក​លេង​ទៅវិញ​។ នេះ​ជា​អ្វី​ដែល​នាង​ធ្លាប់​មាន​បទ​ពិសោធន៍​នា​ពេល​កន្លង​មក​​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​។ នាង​បាន​បន្ត​ថា សព្វថ្ងៃ​នាង​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ ​ដើម្បី​រាប់អាន​មិត្ត​ តាម​ដាន​ព្រឹត្តិការណ៍​នានា​ក្នុង​សង្គម និង​ពិភពលោក​​ជា​ដើម។ ​ហើយ​ក្នុង​នោះ នាង​ក៏​បាន​យក​ហ្វេសប៊ុក​ មក​លេង​កម្សាន្ត​តាម​អារម្មណ៍​ផង​ដែរ ​ប៉ុន្តែ​នាង​បញ្ជាក់​ថា ​នាង​មិន​ដែល​បាន​យក​បណ្ដាញ​សង្គម​នេះ​ ប្រើប្រាស់​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាតិ​ឡើយ​។

​ ​យ៉ាន់ លីណា ៖ កញ្ញា​បាន​យល់​ស្រប់​ចំពោះ​ទស្សន​ថា​ «Face​book ​គ្រាន់តែ​ជា​កន្លែង​បង្ហាញ​នូវ​អារម្មណ៍​» ប៉ុន្តែ​ទស្សនៈ​នេះ​នាង​បាន​បញ្ជាក់​ថា វា​គ្រាន់​តែ​ជា​ចំណុច​ត្រឹម​ត្រូវ​តែ​មួយ​ជ្រុង​តូច​តែ​ប៉ុណ្ណោះ ​ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​តូច​ ពួក​គេ​បាន​យក​ហ្វេសប៊ុក​ មក​បញ្ចេញ​អារម្មណ៍​សប្បាយ​ចិត្ត អារម្មណ៍​ពិបាកចិត្ត​ និង​ការ​មិន​ចូល​ចិត្ត​បុគ្គល​ដទៃ​ជា​ដើម​ ​ប៉ុន្តែ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បច្ចុប្បន្ន​នេះ​ មិន​ដើម្បី​តែ​ប្រើប្រាស់​ប៉ុណ្ណឹង​នោះ​ទេ​។

កញ្ញា លីណា បាន​បញ្ជាក់​ថា ហ្វេសប៊ុក​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ចែក​ចាយ​ព័ត៌មាន​ជា​ផ្លូវការ​ សម្រាប់​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​ទូទៅ ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម និង​សម្រាប់​ទំនាក់ទំនង​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​ មិត្តភ័ក្ដិ ក្នុង​ពិភពលោក​តែម្ដង មិន​មែន​យក​ហ្វេសប៊ុក​មក​ប្រើ​ប្រាស់​ត្រឹម​តែ​សម្រាប់​បញ្ចេញ​នៅ​អារម្មណ៍​ប៉ុណ្ណោះ​នោះ​ទេ។

គួរ​រម្លឹក​ថា ការ​លើក​ឡើង​​ក្នុង​ប្រធាន​បទ​នេះ​ វា​គ្រាន់​តែ​ជា​ជ្រុង​មួយ​ ដើម្បី​បញ្ញាក់​នូវ​អារម្មណ៍​ ក៏​ដូច​ជា​ការ​ដាស់តឿន​​ដល់​អ្នក​លេង​បណ្ដាញ​សង្គម​នេះ​ខ្លះ ឲ្យ​ងាក​មក​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ​ ព្រោះ​ហ្វេសប៊ុក​វា​អាច​ជា​អាវុធ​មុខ​ពីរ​​សម្រាប់​អ្នក​ប្រើប្រាស់​​ផង​ដែរ​។ ​ដូច្នេះ​ដូច​ការ​លើក​ឡើង​របស់​លោក អ៊ាម វន្នី និង​ប្រភព​ខាង​លើ​នេះ​ដទៃ​ទៀត​ដែរ ​សូម​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ទាំង​អស់ ​រក្សា​ភាព​ថ្លៃថ្នូរ​ឲ្យ​សក្ដិសម​និង​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន​ឯង​ផង​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor