Sponsor

បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជាមួយករណី លូកលាន់ស្ត្រីរងគ្រោះ លើរថយន្តក្រុង ខណៈនៅពេលនាងកំពុងដេកលក់។ ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ កេត ស៊ីលា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះ ធ.គ.ន អាយុ២៣ឆ្នាំ(មានមុខរបបុគ្គលិកពេទ្យគ្លីនិក) រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យឈ្មោះ កេត សីលា (ពីបទប្រទូសកេរ្តិ៍ខ្មាស់) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៧ នៅក្នុងរថយន្តក្រុងក្រុមហ៊ុនថោងស៊ីន ខណ:ពេលដែលជនរងគ្រោះជិះរថយន្តកៅអីលេខ១Aខាងមុខ ពីភ្នំពេញគោលដៅមកក្រុងសិរីសោភ័ណ។

នៅពេលជិះមកដល់ចំណុចចំណតរថយន្តខេត្តបាត់ដំបង ស្ត្រីម្នាក់ដែលអង្គុយជាមួយបានចុះ ហើយរថយន្តបានបន្តមកខេត្តបន្ទាយមានជ័យ ពេលនោះស្ត្រីរងគ្រោះដេកលង់លក់ ស្រាប់តែជនសង្ស័យឈ្មោះ កេត សីលា បានមកអង្គុយកៅអីក្បែរ ហើយបានលូកលាន់ស្ត្រីរងគ្រោះ បណ្តាលឲ្យភ្ញាក់ហើយស្រែកឆោឡោឡើង ពេលនោះជនសង្ស័យរត់ទៅដេកនៅកៅអីខាងក្រោយ លុះមកដល់ក្រុងសិរីសោភ័ណ ស្រ្តីរងគ្រោះបានទៅប្តឹងកម្លាំងកងអាវុធហត្ថខេត្ត ទើបកម្លាំងកងអាវុធហត្ថខេត្ត ចុះទៅឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅចំណតរថយន្តក្រុង ក្រុមហ៊ុនថោងស៊ីនតែម្ដង។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបាន ហើយនាំយកមកបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តអំពើនេះពិតប្រាកដមែន។

ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ​៖ (សុផាត​)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor