
ទៅដល់ស្រុកកំណើត កុំភ្លេចនាំគ្នាលេងល្បែងប្រជាប្រិយទាំងនេះ ដើម្បីឲ្យភូមិអ្នកកាន់តែអ៊ូអរឡើង
ក្រោមការប្រកាសជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱកាសឈប់សម្រាប់ពីការរងាររបស់បងប្អូន ដើម្បីទៅចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំរកានេះ គឺមានរយៈពេលរហូតចំនួនបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ដូច្នេះបងប្អូនមានពេលច្រើនណាស់សម្រាប់ជួបជុំក្រុមគ្រួសារ និងបងប្អូនសាច់ញាតិ ឆ្លៀតក្នុងឱកាសនោះ អ្នកដែលបានទៅលេងស្រុកកំណើត កុំភ្លេចនាំគ្នាបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរខាងក្រោមនេះ ដើម្បីឲ្យភូមិស្រុករបស់អ្នកកាន់តែសប្បាយរីករាយឡើងបន្ថែមទៀតក្នុងឱកាសចូលឆ្នាំថ្មី។
ល្បែងប្រជាប្រិយខ្មែរ សម្រាប់លេងតាមភូមិស្រុក និងទីវត្តអារាម ទាំងនោះរួម៖
បូមទឹកដាក់ដប៖ ការបូមទឹកដាក់ដប គឺសុំរកទីធ្លាសមល្មម ដែលអាចផ្តល់ភាពងាយស្រួលដល់ការរត់របស់អ្នកចូលរួមលេង ដោយមានទំហំ២ ទៅ៤ម៉ែត្រ គឺគ្រាប់គ្រាន់ហើយ ចំពោះការរៀបចំលេងកម្សាន្តនៅល្បែងប្រជាប្រិយនេះ ត្រូវដាក់តុមួយទ្រវែង ឲ្យនៅម្ខាងពីអ្នកលេងសម្រាប់ដាក់ដប ឬកំប៉ុងទទេ រួចនៅម្ខាងទៀតមានតុកាន់តែល្អសម្រាប់ដាក់ទឹកទុកបូមដោយមាត់ផ្ទាល់យកទៅបំពេញក្នុងដបទទេនោះ។ ចំពោះអ្នកចូលរួមលេង គឺត្រូវកំណត់ចាប់ពីពីរនាក់ឡើងទៅ ហើយអ្នកដែលបានបូមទឹកពេញដបមុនគេ អ្នកនោះគឺជាអ្នកឈ្នះក្នុងល្បែងនេះ។
លោតប៉ាវ៖ ល្បែងលោតប៉ាវ ជាការចាំបាច់ គឺត្រូវមានប៉ាវ ឬការ៉ុង បន្ទាប់មកកំណត់ទីតាំងលោត ដោយយើងអាចកំណត់តាមកាលៈទេសៈភូមិស្រុករបស់អ្នក ខ្លីបំផុតឲ្យបាន ២ម៉ែត្រឡើង សម្រាប់ទីធ្លាលោត។ អ្នកលេងត្រូវកំណត់ចាប់ពីរនាក់ឡើងដូចគ្នា កីឡាករត្រូវដាក់ជើងចូលក្នុងប៉ាវទាំងគូរ រួចយកដៃកាន់មាត់ប៉ាវ ដើម្បីងាយស្រួលក្នុងការលោត បន្ទាប់មកឈរក្នុងទីតាំងស្មើគ្នា និងលោតក្នុងពេលដំណាល់គ្នា អ្នកដែលដល់ទីមុន គឺជាអ្នកឈ្នះ។
ដណ្ដើមស្លឹកឈើ៖ ល្បែងដណ្ដើមស្លឹកឈើ លោកអ្នកគ្រាន់តែរកមែកឈើមួយសម្រាប់លេង អ្នកលេងចូលដណ្ដើមស្លឹកឈើម្ដងទាំងគូរ បើសិនគូរទី១ ហាក់មានស្ថានភាពតឹងតែងគ្មានអ្នកហ៊ានលូកដៃចាប់យកស្លឹកឈើទៅកាន់ទីរបស់ខ្លួនទេ អ្នកជាមេសីលេន(អ្នកហៅគេមកដណ្ដើមស្លឹកឈើ) ត្រូវហៅគូរផ្សេងទៀតឲ្យជួយបាន ខណៈមានពីរគូរដូច្នេះ ត្រូវកំណត់គូរយកស្លឹកឈើ ត្រូវឲ្យដេញចាប់គូរនោះ ខណៈចាប់មិនបាន គឺអ្នកដណ្ដើមនោះបានន័យថាឈ្នះហើយ តែការលេងនេះអាចស៊ីសងគ្នាវិញបាន ដូច្នេះអ្នករៀបចំត្រូវកំណត់ចំនួនការដណ្ដើមស្លឹកឈើ រវាងអ្នកលេងទាំងសង្ខាងនោះ។
លាក់កន្លែង៖ ការលេងល្បែងលាក់កន្សែង គឺកាន់តែងាយស្រួល ដោយគ្រាន់តែមូលកន្សែងឲ្យណែនល្មមសម្រាប់ទុកដេញវាយពេលគេលាក់ក្រោយខ្នង ប៉ុន្តែល្បែងនេះត្រូវការមនុស្សច្រើនបន្តិចសម្រាប់ព័ទ្ធវង់លេង ទើបធ្វើឲ្យកាន់តែសប្បាយ ព្រោះបើគ្នាតិចពេក ការលាក់កន្សែងនៅក្រោយខ្នង ឆាប់ដឹង ឬឆាប់មើលទាន់ ដូច្នេះល្បែងនេះ យ៉ាងតិចក៏មានគ្នាលេង ចាប់ពី៤នាក់ឡើងទៅដែរ ហើយបើបានអ្នកចូលរួមលេងកាន់តែច្រើន គឺកាន់តែល្អ ល្បែងនេះបើលេងតាមវត្តគឺល្អបំផុត ចំពោះអ្នកដែលយកកន្សែងដើរដាក់ក្រោយខ្នងគេ ត្រូវពោលពាក្យថា លាក់កន្សែង ឆ្មាខាំកែង អូសលោងៗ រួចក៏ទម្លាក់កន្លែងនោះក្រោយខ្នងអ្នកណាម្នាក់ក្នុងចំណោមអ្នកលេងទាំងអស់ រីឯអ្នកដែលឃើញកន្សែង ត្រូវប្រញាប់ចាប់យក ទៅវាយអ្នកដែលអង្គុយនៅបន្ទាប់ខ្លួនភ្លាម លុះគេរត់ដល់កន្លែងដើមវិញហើយ គឺត្រូវយកកន្សែងនោះទៅដាក់ក្រោយខ្នងអ្នកផ្សេងវិញម្ដង ដែលខ្លួនពេញចិត្ត។
ចំពោះល្បែងប្រជាប្រិយខ្មែរខាងលើនេះ បើបងប្អូនយកទៅលេងកម្សាន្តតាមទីវត្តអារាម នាភូមិស្រុករបស់ខ្លួននោះ គឺកាន់តែបង្កើនភាពសប្បាយរីករាយបន្ថែមទៀត ព្រោះនៅក្នុងពិធីបុណ្យចូលឆ្នាំបែបនេះ វត្តអារាមគឺមានពុទ្ធបរិស័ទគ្រប់ទីកន្លែង ដែលបានអញ្ជើញទៅធ្វើបុណ្យ ហើយទីអារាមខ្លះ ក៏មានកម្មសប្បាយពេលយប់ៗឡើង សម្រាប់ឲ្យបរិស័ទជើងវត្តមកជុំគ្នាទៀតផង ដូច្នេះបើនាំគ្នាលេងល្បែងកម្សាន្តទាំងនោះ គឺភូមិស្រុករបស់អ្នកក្នុងរដូវចូលឆ្នាំ មិនស្ងប់ស្ងាត់នោះទេ ហើយនេះក៏ជាការអភិរក្សនៅល្បែងកម្សាន្តខ្មែរ សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
សូមបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរ សម្រាប់លេងតាមភូមិស្រុក និងទីវត្តអារាមរបស់អ្នកក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ គឺនៅមានច្រើនទៀត មិនមានបានន័យថា មានត្រឹមតែ៤ល្បែង ខាងលើនោះទេ គឺមានដូចជា ល្បែងចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ចាប់កូនខ្លែង និងល្បែងកម្សាន្តវាយក្អម ជាដើម។ល។ ដូច្នេះសង្ឃឹមថា ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ បងប្អូនប្រជាជនខ្មែរគ្រប់រូប នឹងបង្កើតភាពសប្បាយរីករាយគ្រប់ភូមិស្រុក លះបង់នៅការប្រកាន់ច្រើន ហើយរូបរួមគ្នា ដើម្បីអបអរសាទរពិធីបុណ្យជាតិយើងគ្រប់ៗគ្នា៕