
ឯកអគ្គរដ្ឋទូតអារ៉ាប់រួមលោក Yousef Al Otaiba បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកគួរតែដកមូលដ្ឋានទ័ពអាកាសចេញពីប្រទេសកាតា ដើម្បីដាក់សម្ពាធទៅលើទីក្រុងដូហា នៅចំពេលមានវិបត្តិការទូត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
ឯកអគ្គរដ្ឋទូតខាងលើ បានបន្ថែមទៀតថា ការដកមូលដ្ឋានទ័ពអាកាសអាមេរិក ដែលមានកងកម្លាំងចំនួន ១ម៉ឺននាក់ និងជាមជ្ឈមណ្ឌលប្រតិបត្តិការទំនាក់ទំនងធំរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាគោលនយោបាយមួយដ៏ល្អដែលអាចដាក់សម្ពាធដ៏ធំ ដល់ប្រទេសកាតាបាន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និង រដ្ឋមន្ត្រីការពារជាតិលោក James Mattis បាននិយាយក្នុងសន្និសីទកាសែតរួមគ្នាថា បណ្ដាប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាតា គួរតែដោះស្រាយលើបញ្ហា និងរក្សាសាមគ្គីភាពរបស់ពួកគេ។
គួររម្លឹកផងដែរថា នៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសអេហ្ស៊ីប ប្រទេសបារ៉ែន និងអារ៉ាប់រួម បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកាតា ដោយសារតែប្រទេសនេះគាំទ្រអំពើភេរវកម្ម៕


