ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ ស្ដ្រីម្នាក់ត្រូវបានប្ដីប្ដឹងឲ្យសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើការឡោមព័ទ្ធ និងតាមចាប់នៅក្នុងបុរី «ប៊ុនហួរ» ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីខាងលើមានឈ្មោះ រ៉ុន ថុលធីតា អាយុ២៤ឆ្នាំ មានកូនម្នាក់ ចំណែកលោកថៅកែ ដែលជាប្ដី ឈ្មោះ វ៉ាង ជីញយ៉ាង អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងផ្ទះល្វែងបុរីកើតហេតុខាងលើ គាត់ជាអ្នកនាំចូលគ្រឿងអេឡិចត្រូនិចមួយទឹកៗ ដ៏ធំមួយពីប្រទេសជប៉ុន ។
ចំណែកស្រ្តីរូបនោះ បានលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ទៅលក់ និងដាក់បញ្ចាំយកលុយ ទៅលេងល្បែងនៅ កាស៊ីណូណាហ្គា ជាបន្តបន្ទាប់រួមមានរថយន្ត១គ្រឿងម៉ាកហ្វត ពាក់ស្លាកលេខភ្នំពេញ 2AN-2852 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្លាញ់ក្ដាម ដែលមានតម្លៃជាង៤ម៉ឺនដុល្លា រួមទាំងគ្រឿងអលង្ការ ដែលមានតម្លៃ ២,៥៦០ដុល្លាទៀត ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា លោកថៅកែក្រុមហ៊ុនខាងលើ បានដាក់កាមេរ៉ាសុវត្ថិភាព ក្នុងផ្ទះល្វែងដែលប្រពន្ធកំពុងស្នាក់នៅ ហើយបានភ្ជាប់កាមេរ៉ានោះតាមរយៈទូរស័ព្ទដៃរបស់គាត់ ហើយគាត់មិនសូវបាននៅផ្ទះទេភាគច្រើនទៅប្រទេសជប៉ុន ដោយឡែកកាលពីថ្ងៃទី១០ ខែកក្កដា នាងជាប្រពន្ធបានធ្វើសកម្មភាព ដកខ្សែ កាមេរ៉ាចេញពីបន្ទប់ រួចបានលួចយករថយន្តម៉ាកហ្វត១គ្រឿង នោះចេញពីផ្ទះហើយបានយកទៅដាក់បញ្ចាំនៅក្នុងភូមិសាស្រ្ត ខណ្ឌទួលគោក ក្នុងតម្លៃ៨ពាន់ដុល្លា យកលុយទៅលេងល្បែងកាស៊ីណូណាហ្គា និងបានចាញ់អស់គ្មានសល់ រួមទាំងគ្រឿងអលង្ការជាច្រើនទៀតផងដែរ។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់មកនាង បានគេចខ្លួនអត់ចូលផ្ទះឡើយ ចំណែកបុរសជាប្ដីដែលតែងតែមើលសកម្មភាពផ្សេងនៅផ្ទះរបស់ខ្លួន តាមរយៈកាមេរ៉ា ពីប្រទេសជប៉ុននោះ ស្រាប់តែមើលលែងឃើញ ហើយខលរកប្រពន្ធក៏អត់ចូលទៀត ទើបខលឲ្យបុគ្គលិក និងសាច់ញាតិរបស់ខ្លូន ទៅមើលនៅផ្ទះហើយទើបដឹងថាបាត់ទាំងមនុស្សនិងរថយន្តចំណែកខ្សែកាមេរ៉ាសុវត្ថិភាពក៏របូតអស់ទៀត ។
ក្រោយមកក៏បានធ្វើការស្រាវជ្រាវ ទើបដឹងថា ប្រពន្ធយករថយន្តទៅបញ្ចាំ ហើយបានដាក់កម្លាំងចាំមើលរហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែកក្កដា ទើបលេចមុខនាងប្រពន្ធចូលទៅផ្ទះម្ដងទៀត ក្នុងបំណងលួចយករថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងទៀត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AB-3883 ហើយក៏ត្រូវបានប្ដីប្ដឹងឲ្យនគរបាលជួយឃាត់ខ្លួន ប៉ុន្តែខណៈនោះមិនអាចឃាត់បានភ្លាមៗនោះឡើយ ដោយសារនាងដឹងខ្លួនទាន់ ហើយបានរត់ផ្លោះរបងចូលទៅក្នុងរោងចក្រមួយនៅក្បែរនោះ មួយសន្ទុះក្រោយមក ទើបនគរបាលឃាត់ខ្លួនបាននាំទៅ ធ្វើការសាកសួរនៅប៉ុស្ដិ៍តែម្ដង ។
នេះគឺជារឿងមួយ មិនគួរអោយកើតមានតទៅទៀតឡើយ ដោយបុរសជាប្តី ដាច់ចិត្តប្តឹងប៉ូលិសចាប់ប្រពន្ធសំណព្វចិត្ត ដែលធ្លាប់គេងកើយក្បែរទ្រូងរាល់ថ្ងៃ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ដោយសាររឿងលេងល្បែងស៊ីសងចាញ់អស់ប្រាក់រាប់ម៉ឺនដុល្លារ ។ ជាមួយគ្នានោះដែរ ក៏មានការរិះគន់ផងដែរចំពោះ ទីតាំងល្បែងដែលកើតមានព្រោងព្រាត នៅក្នុងរាជធានីភ្នំពេញ ជាពិសេសល្បែងស្លុតម៉ាស៊ីន ល្បែងភ្នាល់តាមប្រព័ន្ធ online ដែលកំពុងកើតមានរាប់រយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដោយមិនមានការបង្ក្រាបអោយបានតឹងរឹងបំផុត ។
ពាក់ព័ន្ធករណីគ្រួសារខាងលើនេះ យើងពិតជាមានការសោកស្តាយដោយសារចំពោះទង្វើរបស់ស្ត្រីជាប្រពន្ធ ធម្មតាពាក្យខ្មែរនិយាយថា ” តក់ៗពេកបំពង់ ” បើបុរសជាប្តីជាអ្នកប្រឹងរកទុកដាក់ ហើយប្រពន្ធកញ្ចើរធ្លុះជាអ្នកបំផ្លាញ ពិតជាជួបភាពវិនាសហិនហោចក្នុងគ្រួសារហើយ ៕


