
កញ្ញា ម៉ូកតា ម៉ាតថាណា គឺជាកូនកាត់ខ្មែរ ឥណ្ឌា ទើបតែលេចមុខក្នុងឆ្នាំ២០១៧ទេ ហើយសមិទ្ធផលការងារក៏មិនទាន់បន្សល់ទុកច្រើននៅឡើយ ប៉ុន្តែងាកមកតាមដានពីតម្លៃខ្លួនរបស់តារាស្រីរូបនេះវិញ បានឡើងស្មើទៅនឹងតារាល្បីៗ ដូចជា នាយគ្រឿនទៅហើយ។
បេក្ខភាពហ្វ្រេស៊ីនៅស្ថានីយទូរទស្សន៍ My TV ក្នុងឆ្នាំ២០១៦ ក្នុងវគ្គ១២នាក់ចុងក្រោយកញ្ញា ម៉ូកតា ម៉ាតថាណា ទើបបានបង្ហាញវត្តមានក្នុងពិភពសិល្បៈនៅឆ្នាំ២០១៧នេះទេ ហើយនាងក៏មិនទាន់បង្ហាញវត្តមានក្នុងខ្សែភាពយន្តនៅឡើយដែរ។

តារាស្រីអាយុ១៩ឆ្នាំ រូបនេះបានប្រាប់ថា ការងារដែលនាងទទួលជោគជ័យក្នុងរយៈពេលដ៏ខ្លីនេះគឺការថតស្ពតពាណិជ្ជកម្ម ដូចជាអាឡិចហ្សង់វីស្គី ម៉ូតូស៊ុយហ្ស៊ូ គីវីវ៉ា ២០១៧ សាលាបើកបរ អាស៊ាន និង ស្ពតជាច្រើនទៀត កំពុងថតត្រៀមចេញឆាប់ៗនេះ។ កញ្ញាបន្តថា ភាគច្រើននាងថតតែស្ពត ទេ ហើយសម្រាប់ការថតរឿង នាងនាងហាក់មិនសូវមានទីផ្សារទេ តែបើមានក៏ទទួលថតផងដែរ។
តារាទើបបង្ហាញវត្តមានកញ្ញា ម៉ូកតា ម៉ាតថាណា ថា «សម្រាប់តម្លៃខ្លួនខ្ញុំ ថតមួយស្ពតៗ គឺស៊ីពី ៤០០ ទៅ ៥០០ ដុល្លារអាមេរិក » ។ តម្លៃរបស់កញ្ញា ម៉ូកតា ម៉ាតថាណា ខ្ពស់គួរអោយកត់សម្គាល់ ដែលធៀបទៅនឹងនាយគ្រឿន ដែលជាតារាល្បីថតស្ពត និងរឿងមួយថ្ងៃស៊ីថ្លៃត្រឹម ៥០០ ដុល្លារ ។ការទទួលបានតម្លៃខ្លួនក្នុងបរិមាត្រខាងលើនេះអាចបង្ហាញមកយ៉ាងច្បាស់ថា តារាថ្មីពីរសាសន៍រូបនេះ អាចនឹងវាទយកទីផ្សារសិល្បៈផ្នែកស្ពតគួរឲ្យកត់សម្គាល់ ៕
