
សិល្បៈ៖ អ្នកនិពន្ធដ៏ល្បីឈ្មោះ រស់ក្រោមស្លាបប៉ាកកាដើម្បីតាក់តែងចម្រៀងដល់កំពូលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស និងផលិតកម្មផ្សេងទៀតរបស់ក្រុមហ៊ុនហង្សមាសវីដេអូរាប់មិនអស់នាពេលកន្លងមក ហើយកេរ្តិ៍ឈ្មោះរបស់លោកក៏ត្រូវបានអ្នកគាំទ្រ ស្គាល់ទាំងមុខ និងសំឡេង លោក សុខ ជំនោរ ក្រោយបាត់ខ្លួនមួយរយៈ ស្រាប់តែទទួលដំណឹងយ៉ាងក្តៅហុយៗថា ស្អែកនេះ លោក នឹងចូលស្ដីដណ្ដឹងកូនក្រមុំដ៏ស្រស់ស្អាតម្នាក់នៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ។
តាមប្រភពស្និតស្នាលនឹងក្រុមបុក្គលិករបស់ផលិតកម្មហង្សមាសបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា នឹងត្រូវចូលរោងភ្ជាប់ពាក្យពិតប្រាកក់មែន ដោយខាងស្រីមានឈ្មោះថា ស្រី សុរង្សី ហើយនៅក្នុងបុរីចម្ការដូង។
យ៉ាងណាមិញនោះ ដើម្បីកាន់តែច្បាស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sey Sey ដែលប្រភពខាងលើស្គាល់ច្បាស់ដូចថ្ងៃថា នាងគឺជាកូនក្រមុំ ដែលត្រូវជាគូរដណ្ដឹងរបស់លោក សុខ ជំនោរ នៅព្រឹកស្អែកនេះតែម្ដង ក្នុងនោះនាងថែមទាំងបានបង្ហោះនៅលើហ្វេសប៊ុកនាងថា "See u tomorrow ' បានសេចក្តីថា ជួបគ្នានៅថ្ងៃស្អែក។
សូមបញ្ជក់ថា ទោះជាប្រភពស្និតខាងលើបានបញ្ជាក់ និងភាគីខាងស្រីម្នាក់បានបង្ហាញថា លោក សុខ ជំនោរ នឹងត្រូវចូលរោងភ្ជាប់ពាក្យនៅព្រឹកទី០៦ ស្អែកនេះក៏ពិតមែនក៏ដោយ ប៉ុន្តែខេឃ្យូប សូមបញ្ជាក់ដល់មិត្តអ្នកអានថា យើងខ្ញុំនៅមិនទាន់បានការបញ្ជាក់ណាមួយពីលោកសុខជំនោរ ដែលជាម្ចាស់សាម៉ីខ្លួននៅឡើយទេ ហើយយ៉ាងយូរនៅព្រឹកស្អែកក្រុមការងារ នឹងសូមអោយលោកបញ្ជាក់ ជុំវិញពិធីនេះផងដែរ៕


