Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ផ្ដើមចេញពីការយកចិត្តទុកដាក់របស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ចុះបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស "កាច់សោម៉ូតូ" ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ពេជ្រ សុខា ហៅទោ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួននៅចំណុចមុខមន្ទីរពេទ្យពពីរ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពីសាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួនមានបក្ខពួក២នាក់ទៀត គឺម្នាក់នៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត នៅខេត្តសៀមរាប។

បន្ទាប់មក នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបនៅវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺថ្ងៃទី១៤ ខែកញ្ញា ឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ជាបន្តបន្ទាប់។ ជនសង្ស័យទាំង២ មានឈ្មោះ ម៉ែន ភាព ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ និងឈ្មោះ ឃត់ ខយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដដូចគ្នា ឃាត់ខ្លួននៅខេត្តសៀមរាប។ ក្រោមការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោម៉ូតូ១សម្រាប់ផងដែរ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ែន ភាព ឆ្លើយថា ខ្លួនបានធ្វើសកម្មភាពកាច់សោកម៉ូតូជាង២១លើក ក្នុង៤ខេត្ត ដោយទី១.ខេត្តឧត្តរមានជ័យ ធ្វើសកម្មភាព១០លើក ខេត្តសៀមរាប ធ្វើសកម្មភាព៦លើក ខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាព៤លើក និងខេត្តបាត់ដំបង ធ្វើសកម្មភាព១លើក។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor