
ក្រុងព្យុងយ៉ាង បានប្រើពាក្យគំរាមកំហែងចុងក្រោយដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត សម្រាប់ការគាំទ្រដំណោះស្រាយដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
កូរ៉េខាងជើង បានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាញ់ពន្លិចជប៉ុន ឲ្យបាត់ចេញពីផែនទីពិភពលោក និងធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាផេះ ព្រមទាំងលុបបំបាត់កូរ៉េខាងត្បូង សម្រាប់ការគាំទ្រដំណោះស្រាយដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិប្រឆាំងទីក្រុងព្យុងយ៉ាង។ សារព័ត៌មានកូរ៉េខាងជើង KCNA បានចេញសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសន្តិភាពកូរ៉េ-អាស៊ី-ប៉ាស៊ីហ្វិក ដែលព្រមានថា "ជប៉ុន មិនចាំបាច់មានវត្តមាននៅក្បែរយើងទៀតនោះទេ ហើយកោះទាំងបួន គួរតែត្រូវបាញ់ពន្លិចចូលទៅក្នុងសមុទ្រដោយគ្រាប់បែក នុយក្លេអ៊ែរ (ICBM) របស់យើង"។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចំនួន ១៥រូប បានឯកភាពលើការដាក់ទណ្ឌកម្មថ្មី កាលពីថ្ងៃចន្ទ ដែលផ្ដោតលើការនាំចេញវាយនភណ្ឌ និងការនាំចូលប្រេងកាតរបស់កូរ៉េខាងជើង បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរលើកទី០៦ របស់ទីក្រុងព្យុងយ៉ាង៕

