
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុខ កុំឲ្យមានបញ្ហាអ្វីកើតឡើង ។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៃសកលវិទ្យាល័យចេនឡា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ថា “ អំពាវនាវឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទឹកភ្លៀងធ្លាក់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុខនេះ ព្រោះអាចបង្កឲ្យមានជំនន់ទឹកភ្លៀង ដោយសារក្រសួងធនធានទឹក បានព្យាករណ៍ឃើញមានភ្លៀងធ្លាក់ ”។
សម្ដេចបន្ដថា ប្រសិនបើមានជំនន់ព្រែកត្នោត ក្រសួងធនធានទឹក ក៏ដូចជាអាជ្ញាធរក្រុងភ្នំពេញ ត្រូវដោះស្រាយវារបៀបម៉េច ដើម្បីជម្លៀសកុំឲ្យចូលពីទិសខាងលិច ដែលឥឡូវទិសខាងលិច សុទ្ធតែជាតំបន់រោងចក្រទាំងអស់ ។
សម្ដេចបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ ត្រូវមានការប្រុងប្រយ័ត្នជាងគេ ជាពិសេសគឺជំនន់ព្រែកត្នោតតែម្តង ។
ក្នុងឱកាលនោះផងដែរ សម្ដេច ហ៊ុន សែន ឆ្នាំនេះ អាចចាត់ទុកថា ជាការល្អប្រសើរ ព្រោះបានធ្វើហួសពីផែនការកំណត់។ សម្តេចថា ការស្រកទឹកនៃទន្លេមេគង្គនេះ នឹងនាំទៅដល់ទឹកល្អ សម្រាប់ពេលបុណ្យអុំទូក ដែលនឹងឈានចូលមកដល់ នៅដើមខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ៕



