
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់ ព្រមទាំងដកហូតដែកសម្រាប់កាច់កម៉ូតូមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងម៉ូតូ៤គ្រឿង។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងផ្ទះសំណាក់យីហោ «ថ្ងៃល្អ» ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅមុនពេលចុះបង្ក្រាបទីតាំងផ្ទះសំណាក់ខាងលើនេះ គឺនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ព្រមទាំងបានដកហូតសម្ភារៈមួយចំនួន រួមមាន ដាវសាំម៉ូវៃចំនួន២ដើម, សោសម្រាប់កាច់កម៉ូតូមួយចំនួន, ស្លាកលេខម៉ូតូ បាត់ដំបង 1S-8086, ម៉ាស៊ីនសម្រាប់ឆាបមួយគ្រឿង, ដែកសម្រាប់កឹបស្លាកលេខមួយចំនួន, ដែកសម្រាប់កាច់សោចំនួនមួយ, កាបូបស្ពាយជាច្រើន និងម៉ូតូចំនួន៧គ្រឿង។ ក្រោយមក កម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរជនសង្ស័យទាំង៥នាក់នោះ។
លុះដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចក៏បានបើកប្រតិបត្តិការស្រាវជ្រាវ និងសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការចុះបង្ក្រាបទីតាំងផ្ទះសំណាក់យីហោ «ថ្ងៃល្អ» ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី១២នាក់ ដកកហូតសោកាច់កម៉ូតូមួយចំនួន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូចំនួន៤គ្រឿង។ ក្រោយមក កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់ខាងលើ ទៅធ្វើការសាកសួរនៅការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕




