Sponsor
Amapapa News

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការបាតុកម្មតវ៉ាណាមួយ​ ពាក់ព័ន្ធរឿងលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគរនោះ មិនមែនជារឿងល្អនោះឡើយ ពីព្រោះការតវ៉ានឹងធ្វើឲ្យប៉ះពាល់ដល់នីតិវិធីរបស់ស្ថាប័នតុលាការ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងប្រមូលផ្ដុំជួបជុំគ្នានាព្រឹកថ្ងៃទី១១ ខែកញ្ញាស្អែកនេះ នៅមុខពន្ធនាគារត្រពាំងផ្លុង ជាទីដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវជាប់ឃុំឃាំង។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ប្រាប់អង្គភាពសារព័ត៌មាន CAM POST នៅយប់ថ្ងៃទី១០ ខែកញ្ញានេះថា ការតវ៉ា ឬធ្វើបាតុកម្មណាមួយនោះ ជារឿងធ្វើឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ ហើយលោកស្នើទុករឿងនេះ (សំណុំរឿងលោក កឹម សុខា) ឲ្យតុលាការចាត់ការតាមផ្លូវច្បាប់។ លោកបញ្ជាក់ថា នៅពេលមានការលូកដៃ នឹងធ្វើឲ្យប៉ះពាល់បញ្ហានីតិវិធី និងសន្តិសុខផងដែរ។

លោក ខៀវ សុភ័គ បញ្ជាក់បន្ថែមថា ការគ្រោងតវ៉ា ឬជួបជុំគ្នាណាមួយនៅមុខពន្ធនាគារត្រពាំងផ្លុង ជុំវិញរឿងលោក កឹម សុខា អាចនឹងជាប់ដូចសម្លលកំពិស បើសិនជាកើតមាន។

លោកថា ការជួបជុំណាមួយនោះ គ្មានអ្វីធំដុំប៉ុន្មាននោះទេ ពីព្រោះការតវ៉ាមិនបានជះឥទ្ធិពលចំពោះការអនុវត្តច្បាប់ឡើយ ហើយស្នើឲ្យសកម្មជនរបស់គណបក្សសង្គ្រោះជាតិ រក្សាភាពស្ងប់ស្ងាត់ដោយទុកឲ្យតុលាការចាត់ការតាមនីតិវិធី។ ប៉ុន្តែលោកបញ្ជាក់ហើយថា នៅពេលមានបញ្ហាជួបជុំកើតឡើង សមត្ថកិច្ចត្រូវតែត្រៀម ដើម្បីបង្ការបញ្ហាសន្តិសុខ ប៉ុន្តែសុំណូមពរកុំឲ្យធ្វើអ្វីហួសហេតុ។

ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនោះ នឹងអញ្ជើញទៅជួបជុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩:៣០ព្រឹក ជាទីដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវជាប់ឃុំពីបទក្បត់ជាតិ ដែលកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការកម្ពុជា។

ជុំវិញគម្រោងប្រមូលផ្ដុំគ្នាជួបជុំនៅមុខពន្ធនាគារត្រពាំងផ្លុង នៅព្រឹកស្អែកនេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឧត្តមសេនីយ៍ទោ បែន រ័ត្ន ប្រាប់ CAM POST ឲ្យដឹងដែរថា សមត្ថកិច្ចបានត្រៀមកម្លាំងចម្រុះជាង៤០០នាក់ ដើម្បីបង្ការ និងទប់ស្កាត់ការធ្វើបាតុកម្មតវ៉ាណាមួយកើតឡើងនៅមុខពន្ធនាគារនេះ។ លោកបញ្ជាក់ថា គ្រាន់តែកម្លាំងប្រជាការពារមានជាង២០០នាក់ ហើយបើបូកទាំងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហានទៀតនោះ អាចលើសពី៤០០នាក់ហើយ ហើយលោកក៏មិនទទួលខុសត្រូវចំពោះបញ្ហាអសន្តិសុខ ឬមានបាតុភាពណាមួយកើតឡើងនោះដែរ។

បើតាមលោក បែន រ័ត្ន តំបន់ពន្ធនាគារត្រពាំងផ្លុងនេះ មានភូមិសាស្ត្រមិនអំណោយផលឡើយ ពោល គឺមានលក្ខណៈតូចចង្អៀត ដោយមានរថយន្តដឹកទំនិញធំៗចរាចរឆ្លងកាត់ច្រើន។

ជាមួយគ្នា លោកក៏សម្ដែងការព្រួយបារម្ភផងដែរ អំពីបញ្ហាអសន្តិសុខកើតឡើង ជាពិសេសបញ្ហាចរាចរណ៍ ប៉ុន្តែលោកថា បើសិនមានការប៉ះទង្គិច ឬបញ្ហាកើតឡើងនៅថ្ងៃស្អែកនេះ គឺមិនមាននរណាទទួលខុសត្រូវ​ឡើយ​ ហើយថែមទាំងអាចនឹងជាប់ដូចសម្លកំពិស ដូចហ្នឹងអ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើង។

ទោះជាបែបណា សមត្ថកិច្ចបានអំពាវនាវឲ្យសកម្មជន ឬសមាជិក និងថ្នាក់ដឹកនាំដល់គណបក្សសង្គ្រោះជាតិ ធ្វើការតវ៉ាទៅតាមផ្លូវច្បាប់តាមរយៈតុលាការ ដោយមិនត្រូវធ្វើការតវ៉ាក្រៅផ្លូវច្បាប់ ដែលនាំឲ្យប៉ះពាល់ដល់លោក កឹម សុខា ជាជនជាប់ចោទ ព្រោះបច្ចុប្បន្ននេះ តុលាការកំពុងបន្តនីវិធី ហើយក៏មានមេធាវីកំពុងចាត់ការរឿងនេះ។ សមត្ថកិច្ចបានលើកឡើងថា មិនត្រូវទៅតវ៉ានៅមុខពន្ធនាគារត្រពាំងផ្លុងឡើយ ព្រោះពន្ធនាគារមួយនេះ ជាពន្ធនាគារថ្នាក់ជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor