
ក្រោយពីកម្លាំងចម្រុះចុះអនុវត្តន៍សាលក្រមតុលាកាកំពូល ដោយបានរុះរេីផ្ទះពលរដ្ឋ៣គ្រួសារនៅតាខ្មៅកាលពីថ្ងៃសុក្រទី៨ ខែកញ្ញា ឆ្នាំ២០១៧ រួចមក ព័ត៌មាននេះបានកក្រេីកទូទាំងព្រះរាជាណាចក្រកម្ពុជានាំឲ្យមានអ្នកការរិះគន់ជាបន្តបន្ទាប់។
គូសបញ្ជាក់ផងដែរថាក្នុងចំណោម៣គ្រួសារនោះ សមត្ថកិច្ចបានចាប់ខ្លួន បុរសម្នាក់ឈ្មោះ ប៉ុន ថន ដែលមានតួនាទីជាមន្ត្រីកងរាជអាវុធហត្ថផង ។ក្រោយមានការផ្ទុះព័ត៌មានជាហូរហែរមក នៅថ្ងៃសៅរ៍ព្រឹកមិញនេះ លោក វិល្លាម ដែលត្រូវបានគេស្គាល់ថាជាអ្នកវិភាគសង្គម សហការជាមួយលោកជំទាវ ហ៊ុន ចាន់ថុល និងឯកឧត្តម ហ៊ុនគឹមជាតិ បានចុះជួបពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លីនោះដេីម្បីរកដំណោះស្រាយផ្លូវច្បាប់នៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។
លោកវិល្លាមបានបញ្ជាក់ថាក្នុងចំណោម៣គ្រួសារនោះ មានមួយគ្រួសារដែលមានឈ្មោះ ប៉ុន ថន ជាម្ចាស់ដី ហេីយគាត់បានរស់នៅលេីដីនោះតាំងពីឆ្នាំ១៩៨៩ រួមទាំងមានបង្កាន់ដៃទទួលស្គាល់តាំងពីឆ្នាំ១៩៩១ ជាពិសេស គ្រួសារនោះត្រូវបានពលរដ្ឋជាច្រេីនដឹងលឺថារស់នៅទីនោះជាយូណាស់មកហេីយដោយមិនបានសុំដីអ្នកណានៅនោះទេ ។
យ៉ាងណាក្ដីយេីងមិនទាន់អាចសន្និដ្ឋានបានថាតេីច្បាប់នឹងមានវិធានការបែបណាទេតែយេីងសង្ឃឹមយ៉ាងម៉ុតមាំថាច្បាប់ពិតជាអាចវែកញ៉ែកបាននៅសខ្មៅយ៉ាងសុក្រឹត្យយុត្តិធម៌







សូមជម្រាបជូនដំណើររឿងថា ក្រោយអនុវត្តន៍សាលដីកាតុលាការកំពូល រុះរើផ្ទះបីខ្នងប៉ះទង្គិចមួយប្រាវ ក្រោមសម្រែកថា អយុត្តិធម៌
កណ្ដាលៈ រឿងដែលមិនគួរឲ្យជឿ បានកើតឡើងទាំងកណ្តាលថ្ងៃត្រង់ នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នៅពេលពលរដ្ឋស្រែកថា អយុត្តិធម៌ គ្រាដែលអាជា្ញធរ កងកម្លាំងប្រដាប់អាវុធ ក្រោមបញ្ជាតុលាការកំពូល បានប្រើគ្រឿងចក្ររុះរើផ្ទះរបស់ពួកគាត់។
រយះពេលជាច្រើនម៉ោង តាំងពីព្រឹករហូតមកទល់នឹងពេលថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបង្ខំចិត្តរុះរើផ្ទះអ្នកភូមិ៣ខ្នង ក្រោយប្តឺងប្តល់ទៅតុលាការ ហើយតុលាការសម្រេចឲ្យភាគីម្ខាងឈ្នះក្តី។
នៅពេលដែលសមត្ថកិច្ចចម្រុះជាច្រើននាក់ ចុះអនុវត្តសាលដីកានេះ ក្រុមគ្រួសាភាគីចាញ់ក្ដីបានព្យាយាមរារាំងក្រុមសមត្ថកិច្ច ដោយមានអ្នកខ្លះឡើងអង្គុយលើដៃគ្រឿងចក្រ លើកង់គ្រឿងចក្រ ខ្លះដេកលើដី រារាំងមិនឲ្យគ្រឿងចក្រចូលទៅកាយកម្ទេច រុះរើផ្ទះ និងបានដុតសំបកកង់ឡានជាច្រើនឆេះផ្សែងខ្មួលខ្មាញ់ឡើងខ្មៅលើអាកាសសា និងបង្កឲ្យអ្នកធ្វើដំណើរតាមផ្លូវឈប់មើលត្រៀបត្រា ក្នុងទឹកចិត្តអាណិតភាគីចាញ់ក្ដី ជាពន់ពេក។
ក្រុមគ្រួសារអ្នកចាញ់ខ្លះទៀត មានកាន់ដបសាំងនៅក្នុងដៃ គម្រាមចាក់ដុតផ្ទះ ប៉ុន្តែត្រូវក្រុមសមត្ថកិច្ចចាប់សែងគ្រៀកចេញ មានការប៉ះទង្គិច ប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកផងដែរ តែមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ។
ដោយសារតែមានការស្លុតចិត្តខ្លាំងពេក និងទ្រហ៊ោយំ រួមនឹងការប៉ះទង្គិច ច្រានគ្នាទៅវិញទៅមកនោះ ទើបបណ្ដាលឲ្យភាគីចាញ់ក្តី២នាក់ បានដួលសន្លប់ (ស្រីម្នាក់ និងប្រុសម្នាក់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដែលជាឱកាសដល់ ក្រុមសមត្ថកិច្ចបញ្ជាដោយមន្ត្រីតុលាការ ឲ្យគ្រឿងចក្រសម្រុកចូលទៅរុះរើផ្ទះ ទាំងបីខ្នងបានសម្រច នៅវេលាម៉ោង ជាង១២ ថ្ងៃត្រង់ ខណ:ដែលក្រុមគ្រួសារភាគីចាញ់ក្ដីនៅតែទ្រហ៊ោយំកងរំពង សម្លឹងមើលផ្ទះដែលខ្ទេចខ្ទីគ្នានសល់។
តាមសេចក្តីរាយការណ៍សាលដីកានេះមិនមានការរាំងស្ទះឡើយ ទោះបីពលរដ្ឋដែលត្រូវសមត្ថកិច្ចរុះរើផ្ទះស្រែកថា អយុត្តិធម៌ក៏ដោយ ពោលគឺសមត្ថកិច្ចបញ្ជាគ្រឿងចក្រ និងកម្លាំងកម្មកររុះរើផ្ទះបីខ្នងធ្វើអំពីឈើប្រក់ស័ង្កសី មួយខ្នង និងផ្ទះថ្មប្រក់ស័ង្កសីពីរខ្នង។
មន្ត្រីតុលាការខេត្តកណ្ដាល ដែលដឹកនាំកម្លាំងចម្រុះចុះអនុវត្តសាលដីការបស់តុលាការកំពូលនេះបានឱ្យដឹងថា រឿងក្តីនេះគឺកើតតាំងពីឆ្នាំ២០០៤ មកម៉្លេះ ដែលមានដើមបណ្ដឹងឈ្មោះ មុី កល្យាណ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកឈ្នះក្តីចាប់តាំងពីលាលាដំបូងខេត្តកណ្ដាលសាលាឧទ្ធរណ៍ និងតុលាការកំពូល។ ចំណែកភាគីចាញ់ក្ដី ទី១.ឈ្មោះ ប៉ុន ថត ភេទប្រុស អាយុ៤៣ឆ្នាំ ទី២.ឈ្មោះ អ៊ុង អុីម ភេទស្រី អាយុ៥៥ឆ្នាំ និងទី៣.ឈ្មោះ សែ គឹមអូន ភេទស្រី អាយុ៣៤ឆ្នាំ អ្នកទាំងបី មានទីលំនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ដីដែលអនុវត្តសាលដីកាឲ្យទៅភាគីឈ្នះក្តីមានទំហំ២៥ម៉ែត្រគុណនឹង១០ម៉ែត្រ ពីរប្លង់ និងដីទំហុំ២០ម៉ែត្រគុណនឹង១០០ម៉ែត្រ មួយប្លង់។
សាលដីការបស់តុលាការកំពូល បានបង្គាប់ឲ្យភាគីចាញ់ក្តីរុះរើផ្ទះចេញប្រគល់ដីឲ្យភាគីឈ្នះក្ដី និងជួយដោះស្រាយសំណងពីរគ្រួសារ ក្នុងមួយគ្រួសារៗចំនួន១ពាន់ដុល្លារ និងមួយគ្រួសារទៀត ២ពាន់ដុល្លារ តែភាគីចាញ់ក្ដីមិនព្រមរុះរើតាមសាលដីកា។
ប៉ុន្តែបើតាមភាគីចាញ់ក្តីទាំងបីគ្រួសារ បានប្រាប់ឲ្យដឹងថា ដីនេះ ជាដីពួកគាត់រស់នៅតាំងពីឆ្នាំ១៩៨៧ មកម្លេះ គឺតាំងពីមិនទាន់មានអ្នករស់នៅច្រើន។ ហើយក៏មានការទទួលស្គាល់ពីប្រធានភូមិ មេឃុំដែរ។ ភាគីចាញ់ក្ដីថា សាលក្រមឲ្យពួកគាត់ចាញ់ក្ដីបែបនេះ ពិតជាអយុត្តិធម៌ខ្លាំងណាស់ ហើយពួកគាត់បានលើករូបថតសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរដើម្បីឲ្យជួយរកយុត្តិធម៌។
ជាមួយគ្នានោះ សាលាដំបូងខេត្តកណ្តាល ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរដោយបញ្ជាក់ឲ្យដឹងថា មុនពេលមានវិវាទ ភាគីដែលត្រូវកម្លាំងមានសមត្ថកិច្ចចុះរុះរើផ្ទះខាងលើ បានសុំម្ចាស់ដីស្នាក់នៅជាបណ្តោះអាសន្ន។ ក្រោយមកពួកគេខាងលើបានសាងសង់លំនៅឋានដោយគ្មានច្បាប់អនុញ្ញាត និងម្ចាស់ដីពុំបានដឹង។ លុះឃើញដូច្នេះ ម្ចាស់ដីបានស្នើសុំឲ្យរុះរើ និងឲ្យចាកចេញ តែពួកគេមិនព្រម ដោយអះអាងថា សុខចិត្តស្លាប់ក៏មិនចេញដែរ។
សេចក្តីថ្លែងការដដែលបានបន្ថែមថា គូភាគីខាងលើនេះ មានវិវាទនឹងគ្នាតាំងពីឆ្នាំ២០០៤ មកម៉្លេះ ហើយតុលាការគ្រប់ជាន់ថ្នាក់បានសម្រេចឲ្យភាគីទាំង៣ រុះរើផ្ទះចេញពីដីនោះ ព្រោះរស់នៅលើចំណីថ្នល់ ពុំត្រឹមត្រូវតាមគតិច្បាប់ តែភាកគីកូនបំណុលនោះមិនព្រមអនុវត្តតាម ទើបថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាសាលាសម្រេចចុះអនុវត្តរុះរើតាមអំណាចសាលដីកាតុលាការកំពូលតែម្តង។
យោងតាមមាត្រា៣៣៨ នៃក្រមនីតិវិធីរដ្ឋប្បវេណីយ "ការធានាក្នុងការបំពេញមុខតួនាទីរបស់អាជ្ញាសាលា ដោយជួបប្រទះការប្រឆាំងនាពេលបំពេញមុខងាររបស់ខ្លួន អាជ្ញាសាលាអាចប្រើកម្លាំងដែលមានសមត្ថកិច្ច ដើម្បីបំបាត់ការប្រឆាំងនោះបាន"៕












