
រាជធានីភ្នំពេញ៖ បន្ទាប់ពីវីដេអូខ្លីបុណ្យភ្ជុំយាយ សំ មានអ្នកចូលមើលជាង ១,៥លាន Views បានក្លាយជាវីដេអូជ័យលាភី ពីកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លីរបស់ មីក្រូហិរញ្ញវត្ថុមួយ ដែលមានប្រាក់រង្វាន់ ៤ លានរៀលនោះ លោកយាយ សំ បាននាំយាយ សយ និងអាតយ ឡើងពីខេត្តកែបមកភ្នំពេញ។
ដំណើរឡើងមករាជធានីភ្នំពេញនេះ យាយ សំ បាននាំយាយ សយ ចូលដើរលេងក្នុងវាំង ដើរមាត់ទន្លេ ចូលផ្សារទំនើប អ៊ីអននិងរមណីយមួយចំនួនទៀត យ៉ាងសប្បាយកាលពីម្សិលមិញ បំណាច់តែបានឈ្នះប្រាក់រង្វាន់ជាលើកដំបូង ជាមួយក្រុមអ្នកផលិត ដឹកនាំដោយ លោក ង៉ុង សាន់ ជាអតីតអ្នកសារព័ត៌មានវ័យក្មេង និងមិនងាយមានឱកាសឡើងមកទីក្រុងភ្នំពេញនោះទេ ខណៈពួកគាត់រស់នៅតំបន់ជនបទ។
ក្រឡេកមកមើលទិដ្ឋភាពការទទួលរង្វាន់នៅព្រឹកថ្ងៃទី ១៣ កញ្ញានេះ តួអង្គឯកវីដេអូបែបកំប្លែងក្នុងឱកាសភ្ជុំបិណ្ឌ លោកយាយ សំ ដែលមានវ័យ៧២ឆ្នាំនោះ មិត្តអ្នកលេងបណ្តាញសង្គម មិនឲ្យសរសើរគាត់មិនបាន គឺលើកទូរស័ព្ទ Selfies ឡើងឈ្ងុញ មិនចាញ់មិត្តយុវវ័យទេ នៅក្នុងពិធីប្រគល់រង្វាន់លុយ ៤ លានរៀល។
ចង់ដឹងថាបានវីដេអូភ្ជុំបិណ្ឌយាយ សំ ដែលថតនៅភូមិតាពីង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែបនេះទទួលបានការគាំទ្រខ្លាំងបែបនោះ តោះទៅទស្សនាទាំងអស់គ្នា! ៖


