
លោក ឧត្តមសេនីយ ទី ចំរេីនកុសល តួនាទីអនុប្រធាននាយកដ្ឋាន បានបកស្រាយអង្គហេតុ រឿងដែលសារព័ត៌មានចុះផ្សាយតែម្ខាង ដោយចោទលោកថា ជាអ្នកបង្កហិង្សាលើសន្តិសុខរោងចក្រម្នាក់ និងយកស្ព្រាយបាញ់ទៅលេីសន្តិសុខនោះ រួចបើករថយន្តគេច ខ្លួនបាត់ទៅវិញ កាលពីវេលាម៉ោង១០និង០៥នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកបានបកស្រាយថា លោកបានបើករថយន្តម៉ាក ឡិចស៊ីស LX 470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF- 6181 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលកំពុងតែធ្វើដំណើរ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ បើកបរបញ្ច្រាសទិសគ្នា បានបើកចូលមកផ្លូវរបស់គាត់ ដោយមិនស៊ីញូ និងឈប់កាក់មុខរថយន្តគាត់ទៀត ពេលនោះគាត់ក៏បានដើរទៅសួរអ្នកបើកបររថយន្ត កុងទឺន័រថា តើប្អូនមានប័ណ្ណបើកបរដែរ ឬក៏អត់ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ឆ្លើយថា គាត់មាន។ គាត់ (ឧត្តមសេនីយ៍) បន្តសួរទៀតថា បើប្អូនមានប័ណ្ណបើកបរ តើប័ណ្ណនោះធ្វើត្រូវ ឬក៏ខុស បើផ្លូវនៅខាងនោះ ហើយប្អូនបើកបត់ចូលមកផ្លូវរបស់គេ។

លោក បានបន្ថែមទៀតថា ខណៈពេលកំពុងជជែកគ្នា អ្នកបើកបររថយន្តកុងតឺន័រ បានដើរចូលទៅរោងចក្រ Sportex ភ្លាមៗនោះ លោកក៏បានដើរតាម ហើយហៅអ្នកបើកបររថយន្ត កុងតឺន័រ ឲ្យត្រឡប់មកនិយាយគ្នាវិញ រំពេចនោះ ក៏មានប្រធានសន្តិសុខម្នាក់ ក្នុងរោងចក្រ បានហៅឲ្យសន្តិសុខ ដែលយាមទ្វារឲ្យបិទទ្វាររោងចក្រ ដើម្បីឃាត់រូបគាត់ ក្នុងចេតនាអាក្រក់ តែគាត់ក៏បានដើរ ទៅរុញសន្តិសុខ ដែលជាអ្នកយាមទ្វារនោះចេញ ដើម្បីកុំសនិ្តសុខឲ្យបិទទ្វារ ហើយក៍មានសន្តិសុខ មកឃាត់លោក ទៅរកបេីកទ្វារ រថយន្តលោកទៀត លោកក៏បាន បាញ់ស្ព្រាយបង្ហូរទឹកភ្នែកដាក់តែម្ដង។
លោកបានប្រាប់ទៀតថា ក្នុងរឿងនេះដែរ គឺរូបលោកមិនបានបើករថយន្តរត់គេចនោះទេ គឺរូបលោកបានបើករថយន្តមកតាមផ្លូវធម្មតាតែប៉ុណ្ណោះ។


ជុំវិញរឿងនេះដែរ បច្ចុប្បន្នបុរស ដែលអះអាងខ្លួនថា ជាឧត្តមសេនីយ៍នោះ ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវវិញ ហើយសមត្ថកិច្ចក៏ឃាត់ទាំងរថយន្ត និងមនុស្ស ដើម្បីសួរនាំ ហើយរង់ចាំភាគីសន្តិសុខ ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕