
ភ្នំពេញៈ តារាសម្ដែងជាច្រើនដួងនៅអំឡុងទស្សវត្សន៍៦០-៧០ បានទទួលរងនូវទារុណកម្ម និងកាប់សម្លាប់ពីសំណាក់របបប្រល័យពូជសាសន៍ខ្មែរ ប៉ុល ពត ដូចប្រជាពលរដ្ឋទូទៅដែរ។ ក្នុងនោះ តារាភាពយន្ត និងជាតារាសម្ដែងដ៏មានប្រជាប្រិយភាព មានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញមួយដួង គឺអ្នកស្រី សោម សុវណ្ណសូដានី ក៏បានទទួលមរណភាពក្នុងរបបមួយនេះ។
នៅថ្ងៃនេះ អតីតតារាសម្ដែង អ្នកស្រី ស៊ិន ឧត្តមផល្លា បានរំឭកឡើងវិញ ដើម្បីប្រាប់ប្រិយមិត្តស្នេហាវិស័យខ្សែភាពយន្តខ្មែរ អំពីតារាសម្ដែងខាងលើនេះ ពីជីវប្រវត្ត និងស្នាដៃខ្លះៗរបស់អ្នកស្រី។ អ្នកស្រី ស៊ិន ឧត្តមផល្លា បានឲ្យដឹងថា អ្នកស្រី សោម វណ្ណសូដានី គឺជាតារាសម្ដែងដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា កាលពីទសវត្សរ៍៦០-៧០។
តារាសម្ដែងស្រី សោម វណ្ណសូដានី រូបនេះ មានរូបសម្រស់ស្រស់សោភា ចរិតទន់ភ្លន់ សុភាពរាបសាស្រគត់ស្រគុំ ដែលពោរពេញទេពកោសល្យសម្ដែង បានយ៉ាងល្អបំផុត។ អ្នកស្រីមានស្រុកកំណើត នៅភូមិក្នុងវាំង ឃុំវាំងជាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឪពុករបស់អ្នកស្រីឈ្មោះ សោម ផន ជាទាហានហ្លួង ម្តាយរបស់អ្នកស្រីឈ្មោះ ព្រាប មុត ជាស្រ្តីមេផ្ទះ។ ម្តាយអ្នកស្រី ត្រូវជាបងប្អូនជីដូនមួយនឹងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ម៉ុងតាណា។ អ្នកស្រី សោម វណ្ណសូដានី គឺជាកូនទីពីរ ក្នុងចំណោមបងប្អូនបួននាក់ ដែលមាន ១,សោម ស៊ីថាន់ ២,សោម វណ្ណសូដានី ៣,សោម វណ្ណធិន និង៤,សោម វណ្ណសាយ។ ក្នុងចំណោមបងប្អូនទាំងបួននាក់នេះ សព្វថ្ងៃ នៅរស់តែម្នាក់គត់ គឺលោក សោម វណ្ណសាយ ដែលត្រូវជាប្អូនប្រុសពៅ រស់នៅប្រទេសកាណាដា។
បើតាមអ្នកស្រី ផល្លា អ្នកស្រី សោម វណ្ណសូដានី ធ្លាប់ធ្វើជាគ្រូបង្រៀន មុនចូលប្រឡូកក្នុងវិស័យសិល្បៈនៅពាក់កណ្ដាលទសវត្សរ៍៦០ ហើយបានសម្តែងស្ទើតែគ្រប់ផលិតកម្ម ដូចជា ផលិតកម្មបក្សីឋានសួគ៌ភាពយន្ដ របស់លោក អ៊ី វ៉ុងហែម, ផលិតកម្មឥន្ទ្រទេវីភាពយន្ត របស់លោក ប៊ីវ ឆៃលាង, ផលិតកម្មហេមពាន្តភាពយន្ត របស់លោក លី យូស្រ៊ាង, ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ, ផលិតកម្មកងចក្រភាពយន្ត របស់លោក អ៊ួង កន្ធន់, ផលិតកម្មពិស្ណុការភាពយន្ត របស់លោក វណ្ណ វណ្ណៈ, ផលិតកម្មអប្សរាភាពយន្ត របស់លោក លី សុងហេង ជាដើម។
ខ្សែភាពយន្តដែលអ្នកស្រី សោម សុវណ្ណសូដានី បានសម្ដែង មានដូចជា រឿងចិត្តម្ដាយ ១៩៦៣, រឿងសូផាត ១៩៦៣, រឿងជាតិស្រ្តី ១៩៦៤, រឿងភពខ្មៅងងឹត ១៩៦៤, រឿងកាលណាផ្ការីក ១៩៦៥, រឿងនឹកឃើញជានិច្ច ១៩៦៥, រឿងកំហុសអ្នកណា ១៩៦៥, រឿងម្ដាយខ្ញុំ ១៩៦៥, រឿងសុបិន្តធីតា ១៩៦៥, រឿងនាងសក់ក្រអូប ១៩៦៦, រឿងនាងកែវណាម៉ា ១៩៦៧, រឿងសុវណ្ណហង្ស ១៩៦៧, រឿងជ័យសូរវង្ស ១៩៦៧, រឿងក្នុងលោកនេះបើគ្មានបង ១៩៦៧, រឿងព្រះច័ន្ទគោរព ១៩៦៧, រឿងស្នេហាស្រុកស្រែ ១៩៦៧, រឿងអ៊ីណាវបុស្បា ១៩៦៨, រឿងនាងពិម្ពាសជាតិ ១៩៦៨, រឿងអាប៊ុលកាសេម ១៩៦៩, រឿងច័ន្ទគ្រឹះហ្វា ១៩៦៩, រឿងថាវរីមាសបង ១៩៦៩, រឿងភោគកុលកុមារ ១៩៦៩, រឿងរតនាវង្ស ១៩៧០, រឿងភិនសុវណ្ណ ១៩៧០, រឿងព្រះមហោសថ ១៩៧០, រឿងផ្កាអង្គារបុស្ស ១៩៧០, រឿងព្រះកំចាយទេព ១៩៧១, រឿងអ្នកកាត់សក់ដៃឯក ១៩៧១, រឿងនាងព្រាយកន្ទោងខៀវ ១៩៧១, រឿងសុរិយាល្ងាចថ្ងៃ ១៩៧១, រឿងដំរីចុះព្រេង ១៩៧១, រឿងលាអូនទៅច្បាំង ១៩៧២, រឿងអណ្ដើកស៊ីត្រកួន ១៩៧២, រឿងនាងផាត់ជាយ ១៩៧២, រឿងបិសាចស្រមោលខ្មៅ ១៩៧៣, រឿងជីវិតក្នុងភ្លើងសង្គ្រាម ១៩៧៣, រឿងឆ្អែតចិត្ត ១៩៧៣, រឿងខ្លែងសខ្លែងខ្មៅ ១៩៧៣, រឿងច័ន្ទគ្រឹស្នា ១៩៧៣, រឿងផ្គរលាន់ដើមឆ្នាំ ១៩៧៣, រឿងសំនៀងស្នេហ៍កម្ម ១៩៧៣, រឿងស្នាមស្នេហ៍ព្រៃគប់ ១៩៧៣, រឿងស្នេហ៍មកពីណា ១៩៧៣, រឿងឆ្នាំអូន១៦ ១៩៧៤, រឿងអង្គុលីមារ ១៩៧៤, រឿងឈាមឥន្ទ្រីខ្មៅ ១៩៧៤, រឿងក្រមុំចូលម្លប់ ១៩៧៤, រឿងអ្នកប្រដាល់១៣ស្រុក ១៩៧៤, រឿង ពុះទ្រូងអូនទៅ ១៩៧៤។
យ៉ាងណា ជីវិតតារាសម្ដែងក៏មានកេរ្តិ៍រូបនេះ មិនអាចគេចផុតពីរបបអាវខ្មៅនោះឡើយ ពោល គឺអ្នកស្រីបានទទួលមរណភាព នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត អំឡុងទស្សវត្សរ៍៨០៕











