
ភ្នំពេញៈ តារាល្បីៗ និងផលិតករ រួមទាំងម្ចាស់ផលិតកម្មជាច្រើនរូប បានលេចវត្តមានក្នុងពិធីគំរប់ខួប១០ឆ្នាំ នៃក្រុមហ៊ុន Sabay ដែលបានបង្កើតឡើង និងមានភាពជោគជ័យក្នុងផ្នែកពាណិជ្ជកម្ម និងជួយសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ។
ពិធីអបអរគំរប់ខួប១០ឆ្នាំ Sabay នេះ ប្រព្រឹត្តធ្វើឡើងនៅកោះពេជ្រ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
ក្នុងពិធីនោះ លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Sabay បានថ្លែងថា "នៅពេលដែលយើងបានចាប់ផ្តើមក្នុងឆ្នាំ២០០៧ វិស័យឌីជីថលកំពុងចាប់កំណើតឡើង គឺជាចន្លោះមួយ ដែលត្រូវបានជំរុញដោយការចង់ដឹងចង់ឭ។ អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ គឺផ្អែកលើមូលដ្ឋាននៃការយល់ដឹងតិចតួចរបស់យើង ការស្រលាញ់បច្ចេកវិទ្យាឌីជីថល និងត្រៀមលក្ខណៈជាមុនសម្រាប់អ្វីដែលអាចនឹងកើតមានក្នុងទីផ្សារនេះក្នុងទសវត្សរ៍ក្រោយ។ នៅខួបលើកទី ១០ របស់យើង យើងអាចនិយាយថា វាមានដំណើរការល្អសម្រាប់យើងនិងប្រទេសកម្ពុជា"។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន Sabay មានប្រវត្តិលើកទឹកចិត្តអ្នកបង្កើតមាតិកាផ្សេងៗ តាមរយៈកម្មវិធីនានា ដូចជា E-Novel, Hear-my-song និងការប្រកួតខ្សែភាពយន្តខ្នាតខ្លីជាដើម។ ថ្មីៗនេះជោគជ័យថ្មីមួយទៀតនោះគឺ ក្រុមហ៊ុនឌីជីថល និងកម្សាន្តលេខ ១ នៅកម្ពុជា គឺ Sabay Digital Plus Co., Ltd (“Sabay”) បានក្លាយជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា៕














