
ភ្នំពេញៈ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ បានសម្រេចចិត្តបញ្ចប់ជីវិតបុរសជាសន្តិសុខម្នាក់ ព្រោះតែការឌឺដងពាក្យសម្ដី និងច្រៀងខារ៉ាអូខេ។ ហេតុការណ៍បាញ់ប្រហារមនុស្សស្រស់ៗនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧៖៤០នាទី យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលក់បាយគ្មានយីហោមួយកន្លែង នៅមិនឆ្ងាយពីប៉ុស្ដិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ស្ថិតក្នុងភូមិទ្រា ក្រុមទី១១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីសង្កាត់ស្ទឹងមានជ័យ ប្រាប់ CAM POST នៅកន្លែងកើតហេតុថា បុរសរងគ្រោះជាសន្តិសុខរោងចក្រ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្ដង។ ករណីឃាតកម្មនេះ បានកើតឡើងបន្ទាប់ពីជនរងគ្រោះ និងជនបង្កបានឈ្លោះប្រកែកដោយពាក្យសម្ដីយ៉ាងខ្លាំង។
ដោយឡែក បើតាមសាក្សីនៅកន្លែងកើតហេតុជាមួយជនរងគ្រោះ ប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះ និងមិត្តភ័ក្ដម្នាក់ បានទៅផឹកស៊ីនៅផ្ទះកើតហេតុ ដែលជាផ្ទះបងប្អូនរបស់មន្ត្រីប៉ូលិស(ជនដៃដល់) តាំងពីម៉ោងប្រមាណ២រសៀលមកម៉្លេះ។ លុះដល់ព្រលប់បន្តិច ក៏មានមិត្តភ័ក្តម្នាក់ទៀត មកផឹកស៊ីជាមួយជនរងគ្រោះ ហើយក៏ច្រៀងខារ៉ាអូខេនៅទីនោះរហូតដល់ម៉ោងជាង៧ ទើបគេឃើញជនដៃដល់ជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រុងភ្នំពេញ មកដល់ដោយដៃមានកាន់កាំភ្លើងផង។
ឃើញបែបនេះ ជនរងគ្រោះក៏បានស្រែកតាមរយៈម៉ៃក្រូហ្វូនខារ៉ាអូខេថា «ចាំបាច់កាន់កាំភ្លើងមកធ្វើអី នាំឲ្យមានរឿងដល់ប៉ូលិសមក»។ ជនរងគ្រោះនិយាយតែប៉ុណ្ណេះ ជនដៃដល់ក៏ដើរចេញទៅវិញ រហូតដល់ម៉ោងប្រមាណ៧៖៤០នាទី មន្ត្រីប៉ូលិសនោះក៏ដើរត្រឡប់មកវិញ ហើយធ្វើសកម្មភាពបាញ់ប្រហារលើជនរងគ្រោះចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតុផឹកស៊ីតែម្ដង។
ទាំងជនរងគ្រោះ និងជនបង្ក ត្រូវបានគេស្គាល់អត្តសញ្ញាណ។ ជនរងគ្រោះមានឈ្មោះ ជ័យ ប៊ុនថន អាយុ៥២ឆ្នាំ មុខរបរសន្តិសុខរោងចក្រ និងជាអតីតសន្តិសុខផ្សារស្ទឹងមានជ័យ មានប្រពន្ធពីរនាក់ និងកូនស្រី៥នាក់ ក្នុងបន្ទុក។ បច្ចុប្បន្នជនរងគ្រោះរស់នៅជាមួយប្រពន្ធក្រោយ។ ដោយឡែក ជនដៃដល់ឈ្មោះ សាន បូរី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនមន្ត្រីនគរបាលជាជនដៃដល់ និងដកហូតបានកាំភ្លើងធ្វើសកម្មភាពម៉ាក រ៉ូឡូ គ្រាប់នៅសល់ចំនួន៥គ្រាប់ និងសម្បកគ្រាប់ចំនួន៣គ្រាប់។ បច្ចុប្បន្ន ជនបង្កកំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន និងសាកសួរនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ក្រោមក្រសែរភ្នែករបស់មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលផ្សេង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕











