
ករណីដ៍រន្ធត់មួយបានកើតឡើង ដោយសារស្រ្តី មានផ្ទៃពោះ ប្រហែល៦ខែម្នាក់ ធ្លាក់ពីលើអគារដែលកំពុងសាងសង់ មកទើលើអន្ទារ បណ្ដាលឲ្យស្លាប់ទាំងម្ដាយ និងកូនក្នុងផ្ទៃ កាលពីរសៀល ម៉ោង០២ និង៣០នាទី ថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអាគារ កំពុងសាងសង់មួយកន្លែង ជាន់ទី៥ នៅខាងត្បូងទូតចិន ផ្លូវលេខ១៦៧ កែងផ្លូវ៤៣២ ក្នុងភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសម្តី របស់ ឡុង លីហ្សា អាយុ១៦ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាបងស្រីដែលស្លាប់ខាងលើនេះ មានឈ្មោះ ឡុង ញាញ់ អាយុ២៥ឆ្នាំ មានទីលំនៅ នៅស្រុកបាភ្នំ ខេត្តព្រៃវែង បាន ចេញពីស្រុកមកធ្វើការនៅក្នុងការដ្ឋានសំណង់ខាងលើ និងមានផ្ទៃពោះចំនួន៦ខែទៀតផង និងមានប្តីឈ្មោះ ហ៊ុន អូន ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុកបឹងកេក ខេត្តកំពង់ចាម ស្នាក់នៅជាមួយប្រពន្ធក្នុងការដ្ឋានសំណង់ខាងលើ។

បើតាមប្រភពព័ត៌មានពីប្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងប្រពន្ធនិងបាននាំគ្នាអង្គុយលេងនៅក្នុងការដ្ឋានកន្លែងដែលខ្លួនធ្វើការ លុះអង្គុយបានមួយសន្ទុះ ខ្លួនបានសុំប្រពន្ធឡើងទៅលើការដ្ឋានជាន់ទី១០ ដើម្បីមើលឥដ្ឋខ្សាច់និងស៊ីម៉ង់ត៍ ដែលគេទុកសម្រាប់រៀបការ៉ូ ខណៈដែលខ្លួនកំពុងតែមើលឥដ្ឋនោះខ្សាច់ និងស៊ីម៉ង់ត៍នោះ ស្រាប់តែលឺប្រពន្ធស្រែកហៅខ្លួនថា (ប៉ាអាអូននៅទីណា) ប៉ុន្តែពេលនេះខ្លួនមិនបានតបនឹងប្រពន្ធនោះទេ លុះបន្តិចនោះស្រាប់តែលឺសំឡេងកន្ត្រកយន្ត ទើបខ្លួនជាប្តីបានដើរទៅអឺតមើលស្រាប់តែឃើញប្រពន្ធទើលើដែកអន្ទាដែលគេដាក់រៀបសំណាក់សុវត្ថិភាពប្រហែលជានៅជាប់ទី៥ ដោយមានឈាមហូរដាបជាច្រើន មិនដឹងថាធ្លាក់ពីជាន់ទីប៉ុន្មានមកទេ ទើបធ្វើឲ្យខ្លួនជាប្តីភ័យស្រែកឲ្យគេឯងជួយប្រពន្ធ តែបានត្រឹមតែចោមរោមមើលតែប៉ុណ្ណោះព្រោះមិនដឹងជួយយ៉ាងម៉េចកើត បើប្រពន្ធជាប់តែរ៉ូបនៅនឹងដែកអន្ទាធ្លាក់សំយ៉ុងខ្លួនចុះមកខាងក្រោមទៅហើយ បណ្ដាលឲ្យជនរងគ្រោះជាប្រពន្ធនិងកូនក្នុងផ្ទៃដែលមានអាយុទើបតែ៦ខែ បានស្លាប់ទៅហើយ។

តាមការពិនិត្យ របស់សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយជំនាញផ្នែកចក្ខុខណ្ឌ និងក្រុង បានចុះមកធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពស្ត្រីមានផ្ទៃពោះ៦ខែខាងលើនេះ ពិតជាស្លាប់ដោយសារតែការធ្លាក់ពីលើអាគារកំពុងសាងសង់ខាងលើនេះពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕



