Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពេលនេះជោគវាសនារបស់គណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ចប់ហើយ ដោយប្រធាននៃអង្គចៅក្រមតុលាការកំពូលប្រកាសក្នុងអង្គសវនការជាសារធារណៈ រំលាយជាស្ថាពរហើយនៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៦ វិច្ឆិកានេះ បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង១០ម៉ោងរួចមកនោះ ពោលគឺចាប់តាំងពីម៉ោង៨នឹង៤០នាទីព្រឹកមិញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មកម្លេះ ហើយក្រៅពីការប្រកាសរំលាយគណបក្សសង្គ្រោះជាតិ តុលាការកំពូលក៏បានប្រកាស ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ ដល់ថ្នាក់ដឹកនាំកំពូលៗ និងសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ចំនួន១១៨រូបផងដែរ។

សូមជម្រាបផងដែរថា តុលាការកំពូល នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមបើកសវនការលើរឿងក្ដីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។

សវនការនាព្រឹកនេះ ធ្វើឡើងក្រោមក្រសែភ្នែករបស់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលជាច្រើននាក់ផងដែរ ដោយមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ចយ៉ាងច្រើនកុះករ ពោល គឺ កម្លាំងអជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ កងកម្លាំង អាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងយោធា ជាច្រើនផងដែរ ដែលប្រដាប់ដោយអាវុធ និងឧប្បករណ៍ ទប់ទល់ដែលអាចនិងកើតមានប៉ាតុកម្ម បាននិងកំពុងដាក់នៅគោលដៅសំខាន់ៗ ជុំវិញបរិវេណតុលាការកំពូល ដើម្បីឃ្លាំមើល និងការពារសន្តិសុខ ក្នុងដំណើរការសវនការនេះ ។

ក្រៅពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក៏មានឃើញប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្របក្សប្រឆាំងមួយចំនួនតូចផងដែរ បានមកប្រមូលផ្ដុំនៅចំណុច ក្រៅប៉ារ៉ាស់របស់សមត្ថកិច្ច  ដើម្បីឃ្លាំមើលដំណើរការសវនការលើរឿងក្ដីរំលាយបក្សប្រឆាំងមួយនេះ។

សវនការនៅព្រឹកនេះទៀតសោត បានធ្វើឡើងដោយមិនមានវត្តមានមេធាវីរបស់គណបក្សសង្គ្រោះជាតិនោះទេ។ ហើយបើទោះបីជាតុលាការកំពូល ធ្លាប់បានស្នើឲ្យ គណបក្សនេះ ត្រៀមភស្តុតាង និងមេធាវី ដើម្បីតទល់ក្ដីក៏ដោយ ក៏ប៉ុន្តែគណបក្សប្រឆាំងបដិសេធក្នុងការផ្ដល់ភស្តុតាងនានា ខណៈមេធាវីដើមបណ្តឹងមាន៥រូប តែឥឡូវនៅសល់តែ៤រូបប៉ុណ្ណោះ។

សវនការនេះ ជាសភាពេញអង្គ មានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ដែលអាចដំណើរការជំនុំជម្រះ រយៈពេលច្រើនម៉ោង ឬអាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។

គួរជម្រាបផងដែរថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន បន្ទាប់ពី កម្លាំងសមត្ថកិច្ចរដ្ឋាភិបាល ស្រាវជ្រាវរកឃើញថា បានព្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេសចង់ផ្តួលរុំលំរដ្ឋាភិបាលស្របច្បាប់ ដែលមានអាមេរិក ជាអ្នកផ្ចុងផ្តើម ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។ ហើយសព្វថ្ងៃនេះ លោក កឹម សុខា នៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ដោយជាប់ចោទពីទោសក្បត់ជាតិ។ នេះជាដើមចម នាំឲ្យក្រសួងមហាផ្ទៃ ប្ដឹងទៅតុលាការកំពូល ទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។

គួរបញ្ជាក់ផងដែរថា គណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី មានរូបសញ្ញា «ភ្លើងទៀន» របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានរូបសញ្ញា «ព្រះចន្ទ» របស់លោក កឹម សុខា នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នំា២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

គណបក្សប្រឆាំងមួយនេះ បានចូលរួមបោះឆ្នោតចំនួនពីរលើក គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សមួយ នេះទទួលបានអាសនៈចំនួន ៥៥អាសនៈ។ គណបក្សមួយនេះ ក៏បានចូលរួមបោះឆ្នោតម្តងទៀត គឺការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយទទួលបានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥,០០៧នាក់ និងទទួលបានតំណែងមេឃុំ ចៅសង្កាត់ ៤៨៩អាសនៈ ជំទប់ទី១ ចំនួន ៥០៣អាសនៈ ជំទប់ទី២ ចំនួន ១០៨៧អាសនៈ ។

សូមជម្រាបផងដែរថា ក្នុងរយៈពេលពេញមួយថ្ងៃទី១៦ វិច្ឆិកា ជាថ្ងៃដំណើរការសវនការបស់តុលការកំពូល លើរៃងរំលាយគណបក្សសង្គ្រោះជាតិនេះទិដ្ឋភាពនៅក្នុងរាជធានីភ្នំគេសង្កេតឃើញពុំមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ ពោលគឺបងប្អូនប្រជាពលរដ្ឋ ធ្វើការងារ ប្រកបរបររកស៊ីជាធម្មតា ទោះបីនៅតាមតំបន់ខ្លះ តាមដងផ្លូវខ្លះ ឃើញមានការដាក់ពង្រាយកម្លាំងប្រដាប់ដោយអាវុធក្តី។ ចំណែកតាមបណ្តាខេត្តនានា ក៏មានសកម្មភាពធម្មតាផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor