
ភ្នំពេញៈ កុមារពេជ្រ ថៃ ដែលទើបនឹងក្លាយជាជ័យលាភីកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស កាលពីរាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ក្រោមការគាំទ្រផង និងរិះគន់ផងនោះ ស្រាប់តែថ្មីៗនេះ ត្រូវបានប្រភពព័ត៌មានទម្លាយប្រាប់ថា តាមពិតពេជ្រ ថៃ មានអាយុ១៦ឆ្នាំទៅហើយ ប៉ុន្តែគេបានព្យាយាមលាក់បាំងអាយុពិតប្រាកដ។
បន្ទាប់សង្កេតឃើញកុមារពេជ្រ ថៃ ដែលធ្លាប់ប្រកាសថា មានអាយុទើបតែ១២ឆ្នាំ ពោរពេញទៅដោយវោហារសព្ទ ភាពក្លាហាន ភាពក្រមិចក្រមើម ចេះលើកដាក់សម្តី ឱនលំទោន ដែលក្មេងសាមញ្ញធម្មតាពិបាកនឹងធ្វើទៅបាននោះ ក៏ស្រាប់តែមានប្រភពព័ត៌មានមួយបានទម្លាយថា ពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំទេ តែយ៉ាងហោចណាស់ក៏មានអាយុ១៥ឆ្នាំ ឬ១៦ឆ្នាំដែរ គ្រាន់តែពេជ្រ ថៃ មើលទៅតូចក្រិនប៉ុណ្ណោះ ពោលគឺមិនខុសពីតារាកំប្លែងនាយក្រិន ក្នុងក្រុមនាយកុយ ដែលមានវ័យដល់ទៅជាង៣០ឆ្នាំទៅហើយ តែមានរូបរាងតូចល្អិតដូចកូនក្មេងនោះទេ។
ក្រោយពីការធ្លាយដំណឹងទាំងនេះ ធ្វើឲ្យមានអ្នកគាំទ្រជាច្រើន ទន្ទឹងរង់ចាំនូវចម្លើយដែលចេញពីមាត់ពេជ្រ ថៃ ផ្ទាល់ តើរឿងនេះមែនឫក៏យ៉ាងណា?

ភ្លាមៗនោះផងដែរ ស្រាប់តែលោក មៃ សុគន្ធ ក៏បានចេញមុខឈឺឆ្អាលរឿងមួយនេះដែរ ដោយចេញមុខ បញ្ចេញសារ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន គឺហាក់បីដូចជាមិនពេញចិត្ត ពីរឿងនេះ ដោយលើកឡើងថា ៖
«វាដូចជាអយុត្តិធម៌ខ្លាំងណាស់សំរាប់ក្មេងៗដែលចូលរួមប្រលងហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ១២ឆ្នាំ បើតាមការសង្កេតអត្តចរិត និងកាយវិការសមតែជាមនុស្សពេញវ័យ16ឆ្នាំរឺក្រោមនឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន) បើគួរពុំគួរសូមសំនូមពរអោយគណៈកម្មការ The Voice Kid world ធ្វើការពិនិត្យទៅលើDNA សរីរាង្គនិងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន»៕







